ការប្រាស្រ័យទាក់ទងក្នុងគ្រួសារ មិនមែនគ្រាន់តែជាការនិយាយគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចែករំលែកនូវក្តីស្រឡាញ់ ការយល់ចិត្ត និងការគោរព។ ក្នុងនាមជាឪពុកម្តាយ លោកអ្នកគឺជាអ្នកដឹកនាំផ្លូវចិត្ត និងជាគំរូដ៏សំខាន់សម្រាប់កូនៗក្នុងការរៀនសូត្រពីរបៀបប្រាស្រ័យទាក់ទង។
ខាងក្រោមនេះ គឺជាគន្លឹះចំនួន៥ ដែលឪពុកម្តាយ អ្នកអាណាព្យាបាលគួរយល់ដឹង ដើម្បីឱ្យការប្រាស្រ័យទាក់ទងក្នុងគ្រួសារកាន់តែប្រសើរ និងធ្វើឱ្យគ្រួសារមានសុភមង្គល ៖
១. ការស្តាប់ដោយបេះដូង ៖ មុននឹងចង់ឱ្យកូនស្តាប់យើង យើងត្រូវរៀនស្តាប់កូនជាមុនសិន, ពេលកូនចង់និយាយជាមួយ សូមដាក់ទូរស័ព្ទចុះ ហើយសម្លឹងភ្នែកកូន, ការធ្វើបែបនេះបង្ហាញថា យើងឱ្យតម្លៃលើអារម្មណ៍របស់ពួកគេ និងជួយឱ្យពួកគេមានទំនុកចិត្តក្នុងការនិយាយរឿងរ៉ាវផ្សេងៗប្រាប់យើង។ បើទោះបីជាកូននិយាយខុស ឬធ្វើខុស ក៏ត្រូវស្តាប់ឱ្យចប់សិន ដើម្បីយល់ពីមូលហេតុនៅពីក្រោយសកម្មភាពទាំងនោះ។

២. ប្រើភាសាបែប “វិជ្ជមាន” និង “លើកទឹកចិត្ត” ៖ សម្តីរបស់ឪពុកម្តាយមានឥទ្ធិពលខ្លាំងណាស់លើទំនុកចិត្តរបស់កូន។ ដូច្នេះគួរប្រើពាក្យសរសើរឱ្យបានច្រើន ទោះជារឿងតូចតាចក៏ដោយ និងព្យាយាមកាត់បន្ថយការស្តីបន្ទោសខ្លាំងៗដែលធ្វើឱ្យកូនបាក់ទឹកចិត្ត។ ការផ្លាស់ប្តូរពីការរិះគន់មកជាការលើកទឹកចិត្ត នឹងជួយឱ្យកូនចង់កែលម្អខ្លួនឯងដោយក្តីរីករាយ។
៣. បង្កើតពេលវេលា សម្រាប់គ្រួសារ ៖ ការបង្កើតពេលវេលាមាសសម្រាប់គ្រួសារ ក៏ជាផ្នែកមួយមិនអាចខ្វះបានឡើយ។ ទោះបីជាមមាញឹកនឹងការងារយ៉ាងណា លោកអ្នកគួររក្សាពេលវេលាញ៉ាំបាយជុំគ្នា ឬធ្វើសកម្មភាពកម្សាន្តណាមួយដែលគ្មានការរំខានពីឧបករណ៍អេឡិចត្រូនិក។ វានឹងបង្កើតឱ្យមានបរិយាកាសស្និទ្ធស្នាល ដែលសមាជិកគ្រប់រូបមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាព។
៤. គ្រប់គ្រងអារម្មណ៍ ៖ ជម្លោះអាចកើតមាន ប៉ុន្តែរបៀបដែលលោកអ្នកដោះស្រាយវានឹងក្លាយជាមេរៀនសម្រាប់កូន។ ប្រសិនបើលោកអ្នកមានការខឹងសម្បារ ចូររង់ចាំឱ្យចិត្តស្ងប់សិនសឹមនិយាយជាមួយកូន ដើម្បីជៀសវាងការប្រើសម្តីអាក្រក់ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង។ ការហ៊ានសុំទោសកូននៅពេលយើងធ្វើខុស មិនមែនជាការបាត់បង់កិត្តិយសទេ ប៉ុន្តែវាជាការបង្រៀនកូនឱ្យស្គាល់ពីភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

៥. បង្កើតបរិយាកាស “សុវត្ថិភាព” ក្នុងការនិយាយ ៖ ធ្វើឱ្យកូនមានអារម្មណ៍ថា ផ្ទះគឺជាកន្លែងដែលសុវត្ថិភាពបំផុតក្នុងការបង្ហាញអារម្មណ៍។ អនុញ្ញាតឱ្យកូនហ៊ាននិយាយថា “ទេ” ឬបង្ហាញមតិយោបល់ផ្ទុយពីយើង ដោយមានហេតុផលសមរម្យ។ នៅពេលកូនហ៊ាននិយាយរឿងសម្ងាត់ ឬកំហុសប្រាប់លោកអ្នក ចូរអរគុណកូនដែលបានបង្ហាញភាពស្មោះត្រង់ ជំនួសឱ្យការដាក់ទណ្ឌកម្មភ្លាមៗ៕






























