ភ្នំពេញ- នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ នឹងត្រូវដល់ពេលចូលសង្វៀនប្រកួតដ៏ធំមួយក្នុងឆាកជីវិត នោះគឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនាដើមខែធ្នូ ឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ ការគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ គឺជារឿងដ៏សំខាន់សម្រាប់សិស្សដែលត្រៀមខ្លួនប្រឡងបាក់ឌុប ដើម្បីបោះជំហានមួយលើគន្លងផ្លូវដែលពោរពេញដោយឯករាជ្យ សេរីភាព មនសិការ និងការទទួលខុសត្រូវ។
ដើម្បីជាការជួយដល់សិស្សដែលត្រៀមប្រឡងបាក់ឌុប ឯកឧត្តម សាន វឌ្ឍនា បានចែករំលែកបទពិសោធន៍ចំនួន៧ចំណុច ដែលអាចជួយដល់សិស្សដែលត្រៀមប្រឡងអាចគ្រប់គ្រងអារម្មណ៍បានល្អ ៖
១. រក្សាវិន័យ និងសេចក្តីថ្លៃថ្នូរ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ក្មួយៗនឹងលាចាកភាពជា “សិស្សសាលារៀន” ហើយ តែមុននឹងដល់ថ្ងៃនោះ ក្មួយៗត្រូវរក្សាវិន័យ និងគោរពបទបញ្ជាសាលារៀនឱ្យបានខ្ជាប់ខ្ជួន។ បើចង់គូរអាវ សរសេរពាក្យពីបេះដូង ដាក់លើឯកសណ្ឋានសាលារៀន ចាំផុតក្លោងទ្វារសាលារៀន ឬផុតម៉ោងរៀនសិនចាំធ្វើ ព្រោះឯកសណ្ឋានសិស្សជាកិត្តិយស ជាគំរូ ជាវិន័យ។ គូររូប ឬសរសេរអក្សរលើអាវគ្នា គឺមិនមានអ្វីខុសទាស់ទេ តែអ្វីដែលខុសទាស់នោះគឺការគូសវាសលើឯកសណ្ឋាន និងការបំពានវិន័យសាលារៀន។
២. ប្រឡងបាក់ឌុបមិនមែនជា “ទិវាកំណត់ជោគវាសនា” ៖ បើក្មួយៗរៀនបានត្រឹមត្រូវ មិនបាច់ពូកែ Top10 ក្នុងថ្នាក់ ក៏ក្មួយគង់តែប្រឡងជាប់ទេ កុំបារម្ភឱ្យសោះ! កុំភ័យខ្លាំងរហូតធ្វើឱ្យការប្រឡងបាក់ឌុបនេះក្លាយជាព្រាយបីសាចតាមយារយីអារម្មណ៍របស់ក្មួយៗ។ ការប្រឡងបាក់ឌុប គ្រាន់តែស្ពានចម្លងមួយ ក្នុងចំណោមស្ពានចម្លងជាច្រើនទៀតដែលក្មួយៗត្រូវឆ្លងកាត់ក្នុងឆាកជីវិតនៅពេលខាងមុខ។ ត្រូវចាំថា នៅលើផ្លូវជីវិតខាងមុខនេះ ប្រហែលជាមានឧបសគ្គមួយចំនួនដែលក្មួយត្រូវជួប មានទំហំធំជាងការប្រឡងបាក់ឌុបនេះឆ្ងាយណាស់ ហើយឧបសគ្គទាំងនោះគ្មានស្ពានឆ្លងកាត់នោះទេ។

៣. តម្កល់រឿងអនាគតឱ្យខ្ពស់ជាងភាពស្មុគ្រស្មាញដែលកំពុងជួប ៖ ខ្ញុំដឹងច្បាស់ណាស់ថាក្មួយៗជាច្រើន កំពុងស្ថិតក្នុងដំណាក់កាល “ឆ្លងវ័យ” គឺការប្រែប្រួលទាំងរូបសាស្រ្ត ចិត្តសាស្រ្ត និងសរីរសាស្រ្ត។ ក្នុងដំណាក់កាលនេះ ក្មួយៗហាក់ដូចជាមើលឃើញអ្វីៗនៅចំពោះមុខ ពោរពេញដោយបញ្ហាចាក់ស្រេះ អារម្មណ៍តប់ប្រមល់ដោយគ្មានមូលហេតុ ភាពតានតឹងឆេវឆាវ ឬកណ្តោចកណ្តែងឯកោជាប្រចាំ។ អ្នកខ្លះត្រូវសង្សារបែកចិត្ត អ្នកខ្លះកើតក្តីសង្វេគដោយសារជីវភាព …. រឿង១០០ជំពូក។ ពេលខ្លះក្មួយៗមានអារម្មណ៍ថាខ្លួនកំពុងនៅម្នាក់ឯង ទោះបីមនុស្សរាប់រយអ្នកកំពុងនៅក្បែរខ្លួនយើងក៏ដោយ។
ក្មួយត្រូវព្យាយាមប្រាប់ខ្លួនឯងថា “ថ្ងៃស្អែកអ្វីៗនឹងប្រសើរ” ក្មួយអាចយករឿងតប់ប្រមល់ ទាំងនេះមកនិយាយជាមួយឪពុកម្តាយ ឬមនុស្សដែលគួរឱ្យគោរពបំផុត ឬជួនកាលស្រែកច្រៀងម្នាក់ឯងពេលកំពុងមុជទឹកក៏ធូរស្រាលមួយកម្រិតដែរ។
៤. ធ្វើរឿងតូចមួយ (តូចមួយបានហើយ) ដែលផ្តល់ស្នាមញញឹមដល់អ្នកដទៃ ៖ ក្មួយៗប្រហែលជាមិនបានដឹងទេថា មានរឿងតូចតាចជាច្រើនដែលក្មួយៗគិតថាមិនចាំបាច់ តែបែរជាផ្តល់ភាពកក់ក្តៅនិងស្នាមញញឹមដល់អ្នកដទៃដែលក្មួយមិនដែលស្គាល់។ ពេលណាមួយដែលក្មួយៗបានដឹងថា មានមនុស្សណាម្នាក់បានញញឹមដោយសារអំពើល្អរបស់ក្មួយ ពេលនោះស្នាមញញឹមនោះនឹងត្រឡប់មកដល់ក្មួយវិញជាក់ជាមិនខាន។ សាកល្បងដាំដើមឈើនៅទីណាមួយ រើសសម្រាម ចូលរួមការងារស្ម័គ្រចិត្ត បរិច្ចាគសៀវភៅជូនបណ្ណាល័យ បរិច្ចាគឈាម … ឃើញទេ …. ក្មួយសាកស្រមៃមើលទង្វើទាំងនេះ ហើយគ្រាន់តែស្រមៃប៉ុណ្ណេះក៏មានស្នាមញញឹមកើតមានមួយរំពេចចំពោះក្មួយ។

៥. បង្ការខ្លួនកុំឱ្យធ្វើអ្វីដែលជ្រុលហួស មិនអាចបកក្រោយបាន ៖ ប្រហែលជាក្មួយៗជាច្រើនអាចស្អប់ និងមិនចូលចិត្តចំណុចនេះ តែខ្ញុំសូមនិយាយពាក្យនេះជាមួយក្តីស្រឡាញ់អស់បេះដូង ចំពោះក្មួយៗ។ យុវតីមួយចំនួនអាចថ្លោះធ្លោយប្រគល់ខ្លួនប្រាណទៅឱ្យដៃគូរបស់ខ្លួន នៅពេលនេះដើម្បីបញ្ជាក់ពីក្តីស្នេហ៍បរិសុទ្ធ ហើយត្រូវសោកស្តាយនិងឈឺចាប់។ ក្មួយៗជាបុរសជាច្រើន នាំគ្នាសេពគ្រឿងស្រវឹងលើសពីការគ្រប់គ្រងខ្លួន ឬសាកល្បងគ្រឿងញៀន ហើយបានជួបគ្រោះថ្នាក់ដែលនឹកស្មានមិនដល់។ ក្មួយៗធំដឹងក្តីហើយ តែការជ្រុលថ្លោះធ្លោយមួយភ្លែត អាចបង្កវិប្បដិសារីមួយចំនួនដែលបង្កជាការសោកសៅពេញមួយជីវិត។
៦. សាកល្បងទៅទីកន្លែងណាដែលទូលាយ និងមានពណ៌បៃតង ៖ ទោះបីក្មួយត្រូវរវល់ទន្ទេញមេរៀន ឬជាប់កម្មវិធីដើរលេងជាមិត្តភក្តិ យ៉ាងណា ក្មួយអាចសាកល្បងទៅទីកន្លែងណាមួយដែលមានបរិយាកាសស្រស់បំព្រង មានពណ៌បៃតង មានខ្យល់បក់ពេញលេញ។ សួនច្បារមុខព្រះបរមរាជវាំង មាត់ទន្លេ ឧទ្យានគីរីរម្យ វាលស្រែជាយក្រុង ឬសមុទ្រ ដោយមិនបាច់យកទូរសព្ទឬសៀវភៅទៅតាម។ ធូរទ្រូងបន្តិច ក៏ជាការប្រសើរដែរ។ នៅមានរឿងជាច្រើនទៀត ដែលងាយស្រួលហើយអាចកសាងស្មារតី និងអារម្មណ៍របស់យើងបាន។ ជួនកាលបើកន្លែងទាំងនេះមិនមែនជាចំណូលចិត្ត ក្មួយៗអាចទៅអង្គុយសម្រួលអារម្មណ៍នៅតាមវត្តអារាម ព្រះវិហារ ប្រាសាទជាដើម។

៧. បង្កើតអនុស្សាវរីយ៍សប្បាយៗជាមួយមិត្តភក្តិ ៖ ក្មួយៗត្រូវចាំថាពេលប្រឡងបាក់ឌុបចប់ ហើយចូលរៀនសាកលវិទ្យាល័យ ក៏ជាពេលដែលត្រូវបែកគ្នាពីមិត្តភក្តិសំណប់ចិត្តជាច្រើនដែរ។ មិត្តភក្តិដែលធ្លាប់ផឹកភេសជ្ជៈមួយកំប៉ុងទុយោរួមគ្នា មិត្តភក្តិធ្លាប់ជិះម៉ូតូកាត់ភ្លៀងជាមួយគ្នា មិត្តភក្តិធ្លាប់រកចៃឱ្យគ្នា មិត្តភក្តិធ្លាប់ចូលបង្គន់ចាំគ្នា …. គេត្រូវរកផ្លូវដើររៀងខ្លួនហើយ។ ដូច្នេះ បើអាចធ្វើបាន នាំគ្នាបង្កើតបរិយាកាសសប្បាយៗជុំគ្នា ត្រូវសារភាពសេចក្តីសេ្នហាប្រាប់គ្នាឱ្យហើយក៏បាន សងលុយជំពាក់គ្នាឱ្យអស់ក៏បាន របស់ធ្លាប់លួចគ្នាត្រូវយកទៅឱ្យគ្នាវិញក៏បាន …. ដើរលេងរួមគ្នាបន្តិចក៏ល្អដែរព្រោះមិនដឹងមានពេលណាជួបគ្នាវិញជុំគ្នាទេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2026
អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































