គិតចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបប្រមាណ ២,៧០០នាក់ ឱ្យបន្តការសិក្សានៅប្រទេសចិន ចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត។ ការផ្តល់អាហារូបករណ៍នេះ ត្រូវបានចាត់ទុកថាជាការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងជាសក្ខីភាព នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
តួលេខនេះត្រូវបានលើកឡើងដោយ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីទទួល និងអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមបានបញ្ជាក់ថា ចំនួនប្រមាណ ២,៧០០នាក់នេះ មិនទាន់រាប់បញ្ចូលនិស្សិតដែលទទួលបានអាហារូបករណ៍ពីវិស័យឯកជន និងដៃគូសហការនានា នោះទេ។
ឯកឧត្តម អ៊ុម រម្យណី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យនិស្សិតជ័យលាភីខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ព្រមទាំងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយវប្បធម៌កម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយមិត្តភក្តិចិន និងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានចំណេះដឹង បង្កើនសមត្ថភាព និងកសាងចំណងមិត្តភាពជាមួយប្រជាជនចិន និងអន្តរជាតិ។
«ពីទន្លេមេគង្គរហូតដល់ទន្លេឆាងជាំង ពីប្រាសាទអង្គរវត្តរហូតដល់មហាកំពែង សិស្សានុសិស្សទាំងអស់គ្នានឹងចាប់ផ្តើមដំណើរថ្មីមួយក្នុងជីវិត»
ឯកអគ្គរដ្ឋទូតចិនបានបន្ថែមថា ស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តធ្វើការជាមួយគ្រប់ភាគី ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន និងកសាងស្ពានតភ្ជាប់កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីគ្នា និងពង្រឹងភាពជិតស្និទ្ធរវាងគ្នា៕












































































