មន្ទីរពេទ្យកាល់ម៉ែត ព្រមានថា ប្រហែល ៧០% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ ខណៈអ្នកជំនាញអំពាវនាវឱ្យពង្រឹងវិធានការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងពិចារណាដំឡើងពន្ធអាករ ដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹងនៅក្នុងសង្គម។
មន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ គឺជាបញ្ហាសុខភាពសាធារណៈមួយ ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកទទួលទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការចំណាយលើការព្យាបាល និងការខាតបង់ដល់គ្រួសារ និងសង្គមផងដែរ។
តាមមន្ទីរពេទ្យ ការទទួលទានគ្រឿងស្រវឹងអាចប៉ះពាល់ដោយផ្ទាល់ដល់កោសិកាខួរក្បាល។ នៅពេលទទួលទាន ជាតិអាល់កុលអាចធ្វើឱ្យដំណើរការរបស់កោសិកាខួរក្បាលថយចុះ ដែលបណ្តាលឱ្យមានអាការៈដូចជា ស្រវាំងភ្នែក និយាយត្រដិត ដើរទ្រេតទ្រោត និងក្នុងករណីធ្ងន់ធ្ងរ អាចឈានដល់បាត់បង់ស្មារតី។
មន្ទីរពេទ្យបន្តថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ អាចធ្វើឱ្យមុខងារខួរក្បាលចុះខ្សោយ ចាប់ពីបញ្ហាភ្លេចភ្លាំង រហូតដល់ការវង្វេងវង្វាន់ស្មារតី។ ផលប៉ះពាល់ផ្សេងទៀត រួមមានការកើនឡើង នៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ការចុះខ្សោយការចងចាំ ជំងឺវង្វេង និងការស្វិតទំហំខួរក្បាល។
លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងក៏អាចជំរុញ ឬបង្កបញ្ហាសុខភាពផ្លូវចិត្ត បន្ថយសមត្ថភាពការងារ ការសម្របសម្រួលចលនា និងការគ្រប់គ្រងខ្លួនឯង ព្រមទាំងរំខានដល់ការគេង និងសមត្ថភាពក្នុងការសម្រេចចិត្ត។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់ AMS ថា លោកយល់ស្របចំពោះការរកឃើញរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដោយបញ្ជាក់ថា ការសេពគ្រឿងស្រវឹងពិតជាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត មុំ គង់ បានស្នើឱ្យមានវិធានការរឹតបន្តឹងលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សាយតាមបណ្តាញសង្គម និងតាមរយៈបុគ្គលល្បីៗ។ លោកក៏បានលើកឡើងពីការដំឡើងតម្លៃគ្រឿងស្រវឹង តាមរយៈការដំឡើងពន្ធអាករពិសេស ដើម្បីធ្វើឱ្យការប្រើប្រាស់មានការថយចុះ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០២៤ ការទទួលទានគ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់នឹងការស្លាប់របស់មនុស្សប្រមាណ ២,៦ លាននាក់ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ហើយភាគច្រើនជាបុរស។
ដោយឡែក នៅកម្ពុជា តាមទិន្នន័យដែលបានលើកឡើង ប្រជាជនចំណាយថវិកាសរុបប្រមាណ ២,៣ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ លើការទិញគ្រឿងស្រវឹង។
ជាវិធានការបន្ថែម រដ្ឋាភិបាលបានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈមានជាតិអាល់កុល មិនឱ្យផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់ក្នុងទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ តទៅ៕













































































