និសិ្សតកម្ពុជាចំនួន១៨រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងវិស័យស្ទែមនៅប្រទេសហុងគ្រី ក្រោមកម្មវិធី Stipendium Hungaricum Programme ដោយក្នុងនោះផ្ដោតលើជំនាញ កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្រ្តធម្មជាតិ។
ក្នុងពិធីសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងធ្វើដំណើរទៅបន្តការសិក្សា លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និសិ្សតទាំង១៨រូប ដែលមានសមត្ថភាពទទួលបានជ័យលាភីអាហារូបករណ៍នេះ។ លោកជំទាវ មានបង្ហាញភាពសប្បាយរីករាយដែលមាននិស្សិតចំនួនច្រើនបានទៅបន្តការសិក្សាក្នុងវិស័យស្ទែម (STEM) ជាពិសេសនិស្សិតជាស្រ្តីដែលមានចំនួនជាង៥០%។
ក្នុងឱកាសនោះលោកជំទាវ គ្រី ណាល់លីស មានប្រសាសន៍លើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់លើការសិក្សា និងក្នុងនាមជាយុវជនកម្ពុជាត្រូវចូលរួមរក្សាអត្តសញ្ញាណជាខ្មែរ និងធ្វើជាប្រតិភូតំណាងប្រទេសកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរនៅអន្តរជាតិ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់បន្ថែមថា និស្សិតទាំងអស់កុំដាក់សម្ពាធលើខ្លួនឯង ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព រួមទាំងយកពេលវេលាដើរកំសាន្តដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ប្រទេសគេផងដែរ។ លោកជំទាវបន្តថា និស្សិតទាំងអស់ត្រូវស្វែងយល់អំពីរបៀបរបបនៃការរស់នៅ ការការពារខ្លួន និងការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុជាដើម។

លោកជំទាវ គ្រី ណាល់លីស ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ និងនិសិ្សតដែលជាមន្ត្រីរាជការដែលកំពុងបម្រើការងារនៅតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗ ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីវិលត្រឡប់មកបម្រើការងារជូនក្រសួងស្ថាប័ន និងប្រទេសជាតិវិញ។ លោកជំទាវ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យ និងទទួលលទ្ធផលល្អសម្រាប់ការសិក្សានាពេលខាងមុខ។
គួរជំរាបថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលហុងគ្រី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា តែងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនរូប ក្រោមកម្មវិធី Stipendium Hungaricum Programme ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ទៅលើជំនាញជាច្រើនពាក់ព័ន្ធនឹងស្ទែម៕






























