ខេត្តស្ទឹងត្រែងជាខេត្តមួយនៅភាគឦសានក្នុងប្រទេសកម្ពុជា។ ការលើកកម្ពស់គុណភាពអប់រំក្នុងខេត្តមួយនេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានាប្រឹងប្រែងអភិវឌ្ឍន៍មិនឱ្យចាញ់ទីក្រុងនោះទេ។
យ៉ាងណាមិញគ្រាន់តែរយៈពេលមួយឆ្នាំគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ដល់ខែធ្នូ ឆ្នាំ២០២៥ មានកុមារជិត៥ពាន់នាក់បានទទួលផលប្រយោជន៍ពីគម្រោងកម្មវិធីសិក្សាពេញមួយជីវិត។ កម្មវិធីនេះរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថា កុមារជិត ៥ ពាន់នាក់បានចុះឈ្មោះចូលរៀនឡើងវិញនៅសាលារៀនចំនួន ២៥០ ដោយសារកម្មវិធីសិក្សាពេញមួយជីវិត។

លោកបានបញ្ជាក់ថា « យើងផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាពដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា លើការអនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយ និងសាលារៀនសុវត្ថិភាព។ យើងក៏បានគាំទ្រការរៀនពីចម្ងាយ និងកម្មវិធីសិក្សាសម្រាប់ថ្នាក់ពន្លឿននៅក្នុងសាលារៀនគោលដៅផងដែរ »។
លោក គឹមថាន ពន្យល់ថា កុមារដែលត្រូវចុះឈ្មោះចូលរៀនឡើងវិញ គឺជាប្រភេទកុមារដែលមិនបានចូលរៀន កុមារដែលស្ថិតក្នុងស្ថានភាពអាសន្ន ឬវិបត្តិ កុមារដែលមានលទ្ឋភាពទៅរៀនប៉ុន្តែមិនបានចុះឈ្មោះ កុមារដែលបោះបង់ការសិក្សា និង កុមារដែលមានលទ្ឋភាពទៅរៀនហើយបានចុះឈ្មោះចូលរៀន ប៉ុន្តែអត់ទៅរៀន ។

តាមរយៈការជួយគាំទ្រពីកម្មវិធីនេះ លោក គឹមថាន មានសុទ្ឋិនិយមថា កុមារទាំងអស់ក្នុងខេត្តស្ទឹងត្រែងបានចូលរៀនពេញលេញ និងគ្រប់ៗគ្នា ចំណែកឯអត្រា នៃការបោះបង់ចោលការសិក្សា ការរៀនត្រួតថ្នាក់ក៏មានការថយចុះជាបន្តបន្ទាប់ផងដែរ។
សម្រាប់លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែងបានសាទរចំពោះគម្រោងកម្មវិធីសិក្សាពេញមួយជីវិតនេះដែលបានធ្វើឱ្យកុមារក្នុងខេត្តស្ទឹងត្រែងទទួលបានអត្ថប្រយោជន៍ពីការសិក្សា ពោលគឺការចុះឈ្មោះចូលរៀនរបស់កុមារមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕





























