ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
Kent State University ជាសាកលវិទ្យាល័យមួយដែលមានឯកទេសលើកម្មវិធីសិក្សាជាច្រើន ដោយផ្ដោតលើជំនាញខុសៗគ្នាដូចជា សិល្បៈ និងការរចនា (Arts and Design) ដូចជា ស្ថាបត្យកម្ម ការរចនាម៉ូដ និងការរចនាក្រាហ្វិក។ ពាណិជ្ជកម្ម (Business) ដូចជា គណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ និងការគ្រប់គ្រងធនធានមនុស្ស។ ទំនាក់ទំនង និងព័ត៌មាន (Communication and Information) ដូចជា សារព័ត៌មាន (Journalism) ប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។ អប់រំ និងសុខភាព (Education and Health) ៖ ដូចជា គិលានុបដ្ឋាយិកា វិទ្យាសាស្ត្រលំហាត់ប្រាណ និងអប់រំកុមារតូច។ វិទ្យាសាស្ត្រ និងគណិតវិទ្យា (Science and Mathematics)៖ ដូចជា ជីវវិទ្យា គីមីវិទ្យា ភូគព្ភវិទ្យា និងគណិតវិទ្យា។
សាកលវិទ្យាល័យនេះក៏មានកម្មវិធីសិក្សាឯកទេសផ្សេងទៀតផងដែរ ដូចជាវិទ្យាសាស្ត្រអាកាសចរណ៍ (Aeronautics), វិទ្យាសាស្ត្រកោសល្យវិច្ច័យ (Forensic Science), និងការគ្រប់គ្រងបដិសណ្ឋារកិច្ច (Hospitality Management)។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនអន្តរជាតិ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានប្រវត្តិការសិក្សាល្អ មានចំណេះដឹងទូទៅទូលំទូលាយ និងមានគម្រោងសិក្សានៅសាកលវិទ្យាល័យ Kent State ។ សម្រាប់បេក្ខជន ដែលកំពុងរស់នៅ ឬសិក្សានៅសហរដ្ឋអាមេរិក មិនមានសិទ្ធក្នុងការដាក់ពាក្យអាហារូបករណ៍នេះឡើយ។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេសរួមមាន លិខិតបញ្ជាក់ភាសាអង់គ្លេស ប្រតិចារិក លិខិតយោង និងលិខិតបញ្ជាក់ឯកសារហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានពិន្ទុមធ្យមភាគ ACT ឬ SAT និងភ្ជាប់ឯកសារបញ្ជាក់ភាសាអង់គ្លេស TOEFL, IELTS, និង PTE។
អាហារូបករណ៍នឹងបើកទទួលពាក្យចំនួន៣ដងក្នុងមួយឆ្នាំ សម្រាប់ឆមាសរដូវស្លឹកឈើជ្រុះ (Fall) នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា រដូវនិទាឃរដូវ (Spring) នឹងចាប់ផ្ដើមត្រឹមថ្ងៃទី០១ ខែវិច្ឆិកា និងរដូវក្ដៅ (Summer) នឹងចាប់ផ្ដើមថ្ងៃទី០១ ខែមីនា ជារៀងរាល់ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអាចចូលទៅកាន់ https://www.kent.edu/admissions/tours-events ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕































