តារាហូលីវូតល្បីឈ្មោះ លោកស្រី Angelina Jolie នឹងគាំទ្រការសាងសង់បណ្ណាល័យឌីជីថល បន្ថែមលើបណ្ណាល័យដែលមានស្រាប់ នៅវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់វប្បធម៌អាន និងការសិក្សារបស់សិស្សឱ្យសមស្របទៅនឹងសម័យកាលឌីជីថល។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លោកស្រី Angelina Jolie បានអញ្ជើញទស្សនកិច្ចវិទ្យាល័យសំឡូត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីស្ថានភាពសិក្សារបស់សិស្ស និងវឌ្ឍនភាព នៃការស្នាក់នៅអន្តេវាសិកដ្ឋាន។ ក្រសួងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា បង្ហាញពីការយកចិត្តទុកដាក់របស់លោកស្រីចំពោះវិស័យអប់រំ និងសុខុមាលភាពសិស្សនៅកម្ពុជា។
លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត បានប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់លោកស្រីផ្តោតលើការពិនិត្យវឌ្ឍនភាពសិក្សារបស់សិស្ស និងតម្រូវការចាំបាច់នានារបស់សាលា។ លោកបានបញ្ជាក់ថា លោកស្រីក៏ជាស្ថាបនិកមួយរូបក្នុងគម្រោងកម្មវិធីបំណិនជីវិតដែលកំពុងអនុវត្តនៅសាលានេះផងដែរ។

ក្នុងឱកាសនោះ លោកស្រីបានពិនិត្យសំណើររបស់សាលា ស្តីពីការសាងសង់បណ្ណាល័យឌីជីថលបន្ថែម ដើម្បីពង្រឹងការចូលប្រើប្រាស់ធនធានចំណេះដឹង និងជំរុញការអានរបស់សិស្ស។ បច្ចុប្បន្ន សាលាមានបណ្ណាល័យមួយរួចហើយ ប៉ុន្តែការបង្កើតបណ្ណាល័យឌីជីថលនឹងជួយឱ្យសិស្សអាចស្វែងរកឯកសារសិក្សាតាមបច្ចេកវិទ្យាទំនើបបានកាន់តែងាយស្រួល។
វត្តមានរបស់លោកស្រី Angelina Jolie គឺជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្ស ដែលភាគច្រើនចាត់ទុកលោកស្រីជាគំរូ និងអាយដលមួយរូបរបស់ពួកគេ
លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត
ទាក់ទងនឹងអន្តេវាសិកដ្ឋាន លោកនាយកសាលាបានឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យសំឡូតមានអគារអន្តេវាសិកដ្ឋានចំនួន ២ ខ្នង ដែលអាចផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៤០នាក់ មកពីតំបន់ដាច់ស្រយាល។ ចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន អន្តេវាសិកដ្ឋាននេះបានជួយសិស្សជិត ១,០០០នាក់ ក្នុងការបន្តការសិក្សា និងកាត់បន្ថយការចំណាយ។
លោកបានបន្ថែមថា ប្រមាណ ៧០ភាគរយ នៃសិស្សនៅសាលានេះ មកពីតំបន់ឆ្ងាយៗ ហើយសិស្សខ្លះរស់នៅឆ្ងាយពីសាលារហូតដល់ ១៨គីឡូម៉ែត្រ។ ដូច្នេះ អន្តេវាសិកដ្ឋានបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការទស្សនកិច្ចរបស់លោកស្រី Angelina Jolie នៅវិទ្យាល័យសំឡូត គឺជាការផ្តល់កម្លាំងចិត្តដ៏ធំដល់សិស្សស្រីដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានឱ្យខិតខំរៀនសូត្រ ព្រោះអន្តេវាសិកដ្ឋាននេះហើយជាទីកន្លែងដ៏មានសុវត្ថិភាពដល់សិស្សស្រីក្នុងការទទួលបានការអប់រំ។ លោកថា លោកស្រីគឺជាជនបរទេសតែមានសណ្តានចិត្ត យកចិត្តទុកដាក់វិស័យអប់រំនៅកម្ពុជា។
គួរជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី Angelina Jolie មកទស្សនកិច្ចនៅប្រទេសកម្ពុជា ពោលគឺលោកស្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទំនាក់ទំនងនេះបានចាប់ផ្តើមពីវិស័យភាពយន្ត បន្ទាប់មកក្លាយជាការងារមនុស្សធម៌ និងការគាំទ្រដល់សង្គមកម្ពុជា ពិសេសលើវិស័យអប់រំ៕



























