ក្នុងសម័យកាលដែលការប្រកួតប្រជែងទាំងក្នុងការសិក្សា និងទីផ្សារការងារកាន់តែមានសន្ទុះខ្លាំង យុវជនជាច្រើនតែងតែផ្តោតសំខាន់ទៅលើការយកពិន្ទុនៅក្នុងថ្នាក់រៀន, ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាបុគ្គលជោគជ័យជាច្រើនលើពិភពលោក តែងតែលើកទឹកចិត្តឱ្យយុវជនចំណាយពេលជួយការងារសង្គម?
នៅក្នុងសៀវភៅដ៏ល្បីល្បាញមួយមានចំណងជើងថា «The Promise of a Pencil» និពន្ធដោយលោក Adam Braun ជាស្ថាបនិកអង្គការ Pencils of Promise បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ពីការបោះបង់ការងារដែលមានប្រាក់ខែខ្ពស់នៅ Wall Street ដើម្បីដើរតាមក្តីស្រមៃក្នុងការសាងសង់សាលារៀនសម្រាប់កុមារក្រីក្រជុំវិញពិភពលោក។ លោកបានសង្កត់ធ្ងន់លើទស្សនៈមួយថា «ជីវិតដ៏មានអត្ថន័យ គឺជាជីវិតដែលរស់នៅដើម្បីបម្រើអ្នកដទៃ» ហើយការចាប់ផ្តើមពីរឿងតូចតាច ដូចជាការផ្តល់ខ្មៅដៃមួយដើម អាចផ្លាស់ប្តូរទាំងជីវិតអ្នកទទួល និងអ្នកឱ្យ។
ផ្សារភ្ជាប់ជាមួយគំនិតរបស់លោក Adam Braun ការចូលរួមការងារសង្គម ឬការងារស្ម័គ្រចិត្ត មិនមែនជាការខាតបង់ពេលវេលារបស់អ្នកឡើយ ផ្ទុយទៅវិញ វាគឺជា «ថ្នាក់រៀនជីវិតពិត» ដែលផ្តល់នូវគុណប្រយោជន៍ធំៗចំនួន ៥ យ៉ាង៖
១. ស្គាល់ខ្លួនឯងកាន់តែច្បាស់ និងរកឃើញគោលបំណងជីវិត ៖ លោក Adam Braun បានរកឃើញបេសកកម្មពិតប្រាកដនៃជីវិតរបស់លោក នៅពេលដែលលោកបានចុះទៅជួបកុមារក្រីក្រនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្ទាល់ភ្នែក។ ដូចគ្នានេះដែរ ការចុះធ្វើការងារសង្គមផ្ទាល់ ជួយឱ្យយុវជនដឹងពីចំណង់ចំណូលចិត្ត និងសក្តានុពលដែលខ្លួនឯងមាន។ ពេលខ្លះ ទាល់តែអ្នកបានឃើញបញ្ហារបស់អ្នកដទៃ ទើបអ្នកដឹងថា ខ្លួនឯងពូកែខាងអ្វី និងចង់ធ្វើអ្វីឱ្យពិតប្រាកដ។

២. កសាងបណ្តាញទំនាក់ទំនងថ្មីៗ (Networking) ៖ នៅក្នុងសៀវភៅ The Promise of a Pencil លោក Adam បានបង្ហាញថា ភាពជោគជ័យរបស់លោកមិនអាចកើតឡើងដោយគ្មានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួននោះទេ។ ការចូលរួមការងារសង្គម នឹងនាំឱ្យអ្នកបានស្គាល់សិស្សច្បង អ្នកជំនាញ និងយុវជនសកម្មជាច្រើនមកពីសាលា ឬស្ថាប័នផ្សេងៗគ្នា។ មិត្តភាពដែលកើតចេញពីការលះបង់រួមគ្នា គឺជាទំនាក់ទំនងដ៏រឹងមាំ ដែលអាចជួយគ្នាទៅថ្ងៃមុខ។
៣. រៀនសូត្រជំនាញទន់ (Soft Skills) ៖ លោក Adam Braun បានរំលឹកថា ការរៀនតាមទ្រឹស្តីនៅសាកលវិទ្យាល័យ ខុសគ្នាស្រឡះពីការអនុវត្តជាក់ស្តែង។ ការចុះជួយសង្គម គឺជាឱកាសមាសដែលធ្វើឱ្យយុវជនបានអនុវត្តផ្ទាល់នូវជំនាញទំនាក់ទំនង ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអារម្មណ៍ និងការដោះស្រាយបញ្ហាភ្លាមៗនៅចំពោះមុខ ដែលជំនាញទាំងនេះ នៅក្នុងថ្នាក់រៀនមិនងាយនឹងមានបង្រៀនឱ្យស៊ីជម្រៅឡើយ។
៤. បង្កើតអនុស្សាវរីយ៍ដ៏មានន័យ និងភាពរីករាយផ្លូវចិត្ត ៖ សុភមង្គលពិតប្រាកដ មិនមែនកើតចេញពីការទទួលបានតែម្យ៉ាងនោះទេ ប៉ុន្តែវាកើតចេញពីការចេះចែករំលែក។ ការបានចូលរួមចំណែកជួយសហគមន៍ ការឃើញស្នាមញញឹមរបស់អ្នកដែលទទួលបានជំនួយ នឹងក្លាយជារឿងដ៏គួរឱ្យចងចាំបំផុតប្រចាំជីវិត។ វាជាថាមពលផ្លូវចិត្តដ៏វិជ្ជមាន ដែលជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យជីវិតមានតម្លៃ។

៥. ធ្វើឱ្យប្រវត្តិរូប (CV) កាន់តែលេចធ្លោ ៖ នៅពេលដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅបរទេស ឬស្វែងរកការងារធ្វើ គណៈកម្មការ និងនិយោជកតែងតែផ្តល់អាទិភាពខ្ពស់ដល់យុវជនដែលធ្លាប់មានបទពិសោធន៍ជួយសង្គម។ ហេតុផលគឺសាមញ្ញទេ ព្រោះបទពិសោធន៍ទាំងនេះបង្ហាញថា អ្នកជាមនុស្សមានទំនួលខុសត្រូវ មានទឹកចិត្តអំណត់ អាចធ្វើការជាមួយអ្នកដទៃបានល្អ និងមានគំនិតផ្តួចផ្តើមខ្ពស់៕




























