រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ បានគូសបញ្ជាក់ថា អនាគតឌីជីថលរបស់កម្ពុជា មិនមែនអាស្រ័យលើភាពទំនើបនៃបច្ចេកវិទ្យារបស់យើងនោះទេ ប៉ុន្តែអាស្រ័យលើគុណភាពនៃធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ បង្កើត និងដឹកនាំបច្ចេកវិទ្យាប្រកបដោយចំណេះដឹង សីលធម៌ និងការទទួលខុសត្រូវ។
ថ្លែងទៅកាន់សិស្ស និស្សិត និងយុវជនមកពីបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាលើកទី៧ ស្ដីពី «ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍយុវជនកម្ពុជា» ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)៖ សុវត្ថិភាព ជំនាញ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ» កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម សេរី ជំនះ បានសង្កត់ធ្ងន់ថា យុគសម័យបញ្ញាសិប្បនិម្មិត (AI) គឺជាយុគសម័យនៃឱកាស ប៉ុន្តែឱកាសទាំងនេះនឹងមានតម្លៃពិតប្រាកដ លុះត្រាតែយុវជនមានការខិតខំរៀនសូត្រ មានវិន័យ មានសមត្ថភាពគិតដោយខ្លួនឯង និងមានទំនួលខុសត្រូវ។
ដើម្បីឱ្យយុវជនកម្ពុជា ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ក្លាយជាជំនាន់ដែលមានទាំងសមត្ថភាពបច្ចេកវិទ្យា ស្មារតីច្នៃប្រឌិត និងសីលធម៌សង្គម ឯកឧត្តមរដ្ឋលេខាធិការបានផ្ដល់ដំបូន្មានគន្លឹះចំនួន ៤ ចំណុចដល់យុវជន ដែលរួមមាន សូមប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនចំណេះដឹង មិនមែនដើម្បីជំនួសការរៀនសូត្រ, ប្រើប្រាស់ AI ដើម្បីជួយអភិវឌ្ឍសមត្ថភាព មិនមែនដើម្បីជំនួសការគិតពិចារណា, សូមប្រើប្រាស់បណ្ដាញសង្គមដើម្បីចែករំលែកចំណេះដឹង និងគុណតម្លៃវិជ្ជមាន មិនមែនដើម្បីបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់អ្នកដទៃ និងសូមប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួនដើម្បីបង្កើតប្រយោជន៍សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាលើកទី៧ ស្ដីពីភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍយុវជនកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហការរវាងស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់សុវត្ថិភាព និងសមត្ថភាពឌីជីថលរបស់យុវជនកម្ពុជា, ផ្ដល់វេទិកាសម្រាប់ចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងសុវត្ថិភាពសាយប័រ សុវត្ថិភាពឌីជីថល ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ, កំណត់បញ្ហាប្រឈម អាទិភាព និងដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់ការការពារយុវជនពីហានិភ័យឌីជីថល និងការជំរុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាដើម្បីការសិក្សា ការងារ នវានុវត្តន៍ និងការចូលរួមក្នុងសង្គម, ប្រមូលធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំ ឬកែលម្អគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍយុវជននាពេលអនាគត៕












































































