ស្រុកបន្ទាយស្រី ប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ស្រុកបន្ទាយស្រី ត្រូវបានប្រកាសប្រែក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីជាផ្លូវការ ដែល​វា​នឹង​រួមចំណែកលើកកម្ពស់សុខុមាលភាព និងការពារប្រជាពលរដ្ឋពីការបំពុលពីផ្សែងបារី ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

ក្នុងពិធីប្រកាស​ដែលធ្វើ​ឡើង​កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការទទួលស្គាល់ «ស្រុកបន្ទាយស្រី ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនគ្រាន់តែឆ្លុះបញ្ចាំងពីសមិទ្ធផលគួរឱ្យ​កោតសរសើរ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកបន្ទាយស្រីប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការចូលរួមជាមួយអន្តរជាតិក្នុងការការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ផលិតផលថ្នាំជក់មកលើសុខភាព។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ទីក្រុងចំនួន៨ ត្រូវបានប្រកាសនិងទទួលបានពានគ្មានផ្សែងបារីអាស៊ាន ដែលក្នុងនោះរួមមាន ក្រុងបាហ្គីវ (Baguio) ប្រទេសហ្វីលីពីន ទទួលបានពានគ្មានផ្សែងបារីអាស៊ាន ចំណាត់ថ្នាក់មាស។ ក្រុងហ្សកថោន ប៉េណាំង ប្រទេសម៉ាឡេស៊ីទទួលបានពានគ្មានផ្សែងបារីអាស៊ានចំណាត់ថ្នាក់ប្រាក់។ ក្រុងចំនួន៥ ទៀតរួមមាន ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុងដេប៉ុក ប្រទេសឥណ្ឌូនេស៊ី ក្រុងថានប៊ូសាយ៉ាត ប្រទេសមីយ៉ាន់ម៉ា ក្រុងប៉ាសឹក ប្រទេសហ្វីលីពីន និងខេត្តមហាសារ៉ាខាំ ប្រទេសថៃ ទទួលបានពានគ្មានផ្សែងបារីអាស៊ាន ចំណាត់ថ្នាក់ប្រាក់។ ក្រៅពីនេះ ប្រទេសសិង្ហបុរី ក៏ត្រូវបានទទួលស្គាល់ជាពិសេស ក្នុងការពង្រឹងការងារគ្មានផ្សែងបារីផងដែរ។

ឯកឧត្តមមានជំនឿថា កម្ពុជានឹងមានឈ្មោះក្រុង ឬខេត្តណាមួយទទួលបានពានគ្មានផ្សែងបារីអាស៊ាន ជាពិសេសស្រុកបន្ទាយស្រី ដែលបានក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍

ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដែលនៅជុំវិញ ជាពិសេសកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។ ជាមួយគ្នានេះ ផ្សែងបារី និងកាកសំណល់បារី ក៏អាចប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន អនាម័យ និងភាពទាក់ទាញនៃគោលដៅទេសចរណ៍ផងដែរ។

ហេតុដូច្នេះ ការកសាងទីក្រុង និងគោលដៅទេសចរណ៍គ្មានផ្សែងបារី គឺជាការចូលរួមដោះស្រាយបញ្ហាសុខភាពសាធារណៈ និងជាការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាថាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទទួលបាននូវបទពិសោធន៍ទេសចរណ៍ល្អប្រសើរ សុខសុវត្ថិភាព និងភាពកក់ក្តៅនៅគ្រប់គោលដៅទេសចរណ៍របស់យើង។

“សម្រាប់ខេត្តសៀមរាប ខ្ញុំជឿជាក់ថា ការសម្រេចបានស្រុកបន្ទាយស្រី ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាការចូលរួមចំណែកមួយជួយលើកស្ទួយគោលដៅទេសចរណ៍ស្អាតប្រកបដោយភាពទាក់ទាញ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ ក៏ដូចជាភ្ញៀវទេសចរ”

ស្រុកបន្ទាយស្រី ជាតំបន់ដែលសម្បូរទៅដោយប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទភ្នំបូក និងប្រាសាទបុរាណជាច្រើនទៀត។ ការជក់បារី និងការបោះចោលកន្ទុយបារីដោយមិនមានសណ្ដាប់ធ្នាប់នៅតាមបរិវេណប្រាសាទ អាចបង្កឱ្យប៉ះពាល់ដល់ភាពស្អាត អនាម័យ សោភ័ណភាព និងបរិយាកាសនៃតំបន់បេតិកភណ្ឌទាំងនេះ។ លើសពីនេះ ការប្រើប្រាស់ភ្លើងសម្រាប់ជក់បារីដោយខ្វះការប្រុងប្រយ័ត្នក៏អាចបង្កហានិភ័យនៃអគ្គិភ័យនៅតាមបរិវេណដែលមានស្មៅស្ងួត និងរុក្ខជាតិជុំវិញប្រាសាទផងដែរ។ ដូច្នេះ ការលើកកម្ពស់គោលដៅទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែជាការការពារសុខភាពអ្នកទេសចរ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាសោភ័ណភាព បរិស្ថាន និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការជក់បារីនៅតាមតំបន់បេតិកភណ្ឌពិភពលោក បង្កហានិភ័យដល់សុខភាពសាធារណៈ តាមរយៈការស្រូបផ្សែងបារីពីអ្នកដទៃ ព្រមទាំងបង្កហានិភ័យ ដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈគ្រោះថ្នាក់នៃអគ្គិភ័យដែលបង្កឡើងដោយការជក់បារី និងការបំផ្លាញដល់ទីតាំងប្រវត្តិសាស្ត្រ។ លើសពីនេះ កន្ទុយបារីដែលត្រូវបានបោះចោលក៏រួមចំណែកបង្កឱ្យមានការបំពុលបរិស្ថានផងដែរ។ ដូច្នេះ ការបង្កើត និងរក្សាបាននូវបរិស្ថានគ្មានផ្សែងបារីនៅតាមតំបន់បេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈ និងថែរក្សាបរិស្ថាន ព្រមទាំងតម្លៃបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»មិនមែនមានន័យថា ហាមឃាត់មនុស្សគ្រប់រូបមិនឱ្យជក់បារី ឬហាមឃាត់ការលក់ផលិតផលថ្នាំជក់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ គោលការណ៍នេះផ្ដោតលើការគ្រប់គ្រង និងរៀបចំតំបន់ទេសចរណ៍ឱ្យអនុលោមតាមច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិនានា ដោយធានាថា ការជក់បារីមិនត្រូវធ្វើឡើងនៅទីតាំងដែលច្បាប់ហាមឃាត់ ហើយការលក់ផលិតផលថ្នាំជក់ត្រូវគោរពតាមលក្ខខណ្ឌ និងវិធានការគ្រប់គ្រងថ្នាំជក់ រួមទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ លើសពីនេះ ជួយជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧