ជាការផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់បេក្ខជន អាចផ្តោតអារម្មណ៍បានល្អលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅចុងខែនេះ ក្រសួងអប់រំ បានត្រៀមលក្ខណៈក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេលពីរថ្ងៃ នៃការប្រឡងដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសបេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង ៖ ២៨ សីហា ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។
ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ក្រសួងបានផ្តល់អាទិភាពដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចចូលរួមប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្តដែលខ្លួនរស់នៅ។ បើតាមសេចក្តីជូនដំណឹងដដែល បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រឡង ហើយបេក្ខជនត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាម៉ីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ដោយឡែកបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារដដែល ហើយបេក្ខជនដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមណ្ឌលប្រឡងនៅក្នុងភូមិសាស្រ្តស្រុកពួក នៃខេត្តសៀមរាប ដោយក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការចាំបាច់។
យ៉ាងណាក៏ដោយ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

















































































