នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ ហើយ ដោយមានការតាមត្រួតពិនិត្យ និងឃ្លាំមើលពីអង្គភាពប្រឆាំងអំពុករលួយ (ACU) ព្រមជាមួយនឹងបទបញ្ញត្តិដ៏តឹងរឹង។
បើតាមក្រសួងអប់រំ ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលកំណែទាំង១០ មានទីតាំងនៅរាជធានីភ្នំពេញ ដោយមានបុគ្គលិកអប់រំចូលរួមសរុបចំនួន ១០ ៦០១នាក់។
ក្នុងកិច្ចប្រជុំណែនាំបច្ចេកទេសកំណែដល់ប្រធាន អនុប្រធានមណ្ឌលកំណែ កាលពីរសៀលថ្ងៃទី១២ សីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ (១) ការកំណត់ល្បឿននៃការកែកិច្ចការបេក្ខជន (២) ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣) ការប្រជុំណែនាំអំពីអត្រាកំណែនិងរបៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥) ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែជាដើម។

ដោយផ្អែកលើបទពិសោធកន្លងមក និងដើម្បីបង្ការកំហុសឆ្គង ការធ្វេសប្រហែស ឬបាតុភាពនានា ក្នុងដំណាក់កាលកំណែ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដោយពង្រឹងតួនាទីរបស់គ្រូកំណែទី២ ក្នុងការផ្ទៀងផ្ទាត់ការកែរបស់គ្រូកំណែទី១ ឡើងវិញឱ្យបានម៉ត់ចត់។ ប្រសិនបើរកឃើញថាមានករណីធ្វេសប្រហែស នឹងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការកែទៀតទេ។ ជាមួយគ្នានេះ គឺហាមដាច់ខាតយកទូរស័ព្ទចូលបន្ទប់កំណែ និងហាមយកអត្រាកំណែចេញពីមណ្ឌលប្រឡង ដោយបានស្នើ អនុវត្តតឹងរឹង ក្នុងការឆែកឆេរ រាល់ពេលចេញ និងចូលមណ្ឌលកំណែ។
យោងតាមកាលវិភាគ នៃការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ បន្ទាប់ពីបញ្ចប់ដំណើរការកំណែនៅថ្ងៃទី១៩ សីហា, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយការបិទផ្សាយលទ្ធផលប្រឡង នឹងធ្វើឡើងនៅតាមមណ្ឌលសំណេរនីមួយៗ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់មណ្ឌលសំណេររាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស៕











































































