ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានបញ្ចប់ដោយរលូននៅថ្ងៃទី១១ ខែសីហា ដោយមិនមានបាតុភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយគួរឱ្យកត់សម្គាល់ឡើយ ខណៈក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន១២ករណី។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ AMS មុននេះបន្តិចថា ដំណើរការសំណេររយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា បានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួមពីគណៈមេប្រយោគ គណៈអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល គណៈកម្មការពាក់ព័ន្ធ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
លោកជំទាវបន្ថែមថា ក្នុងចំណោមឧបករណ៍ហាមឃាត់១២ករណី មាន៥ករណីពាក់ព័ន្ធនឹងបេក្ខជន រួមមាន វ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ១ករណី ទូរសព្ទឆ្លាតវៃ១ករណី និងនាឡិកាឆ្លាតវៃ៣ករណី។
ចំណែក៧ករណីទៀត ត្រូវបានរកឃើញពីគណៈកម្មការប្រឡង រួមមានទូរសព្ទឆ្លាតវៃ១ករណី និងនាឡិកាឆ្លាតវៃ៦ករណី។
ក្រសួងអប់រំបានបញ្ជាក់ថា នឹងចាត់វិធានការចំពោះករណីល្មើសទាំងនេះតាមគោលការណ៍ជាធរមាន ហើយបានរំលឹកដល់បេក្ខជនទាំងអស់ឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះការហាមឃាត់ការនាំឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង។
ជាមួយគ្នានេះ របាយការណ៍បឋមពីមណ្ឌលប្រឡងបង្ហាញថា នៅថ្ងៃទី២ មានបេក្ខជនអវត្តមានចំនួន ១ ៣៥២នាក់ ស្មើនឹង ០,៨៩% ក្នុងនោះស្រី៥០២នាក់។ បេក្ខជនអវត្តមានរួមមានបេក្ខជនស្វ័យរិន១ ១៤៧នាក់ និងបេក្ខជនចំណេះទូទៅ២០៥នាក់។
បេក្ខជនចំនួន ២៦៧នាក់ មានបញ្ហាសុខភាព ក្នុងនោះមានអ្នកបោះបង់ការប្រឡង១០នាក់ អ្នកប្រឡងដាច់ដោយឡែក៦៥នាក់ អ្នកមានជំងឺគ្រុនឈាម៦៦នាក់ និងអ្នករងគ្រោះថ្នាក់ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគចំនួន២៥នាក់ ក៏មានបញ្ហាសុខភាពផងដែរ។

ក្រសួងបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាពបានទទួលការមើលថែពីក្រុមគ្រូពេទ្យ ហើយបានបន្តការប្រឡងបន្ទាប់ពីអាការៈធូរស្រាល។
ក្នុងរយៈពេលប្រឡង២ថ្ងៃ មានរាជធានី-ខេត្តចំនួន១០ មានភ្លៀងធ្លាក់ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេរឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថាភាពជោគជ័យនៃការប្រឡងបាក់ឌុប ក្រោមគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» គឺបានមកពីការគោរពបទប្បញ្ញត្តិរបស់បេក្ខជន និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបថា សម្រាប់លទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រកាសជាផ្លូវការនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានី-ខេត្តទូទាំងប្រទេស និងផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង៕











































































