ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ជាដាច់ខាតចំពោះការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ រហូតដល់មុនពេលប្រកាសលទ្ធផលប្រឡង។
ក្រសួងបានបញ្ជាក់ថា ការហាមឃាត់នេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងរក្សាការសម្ងាត់នៃឯកសារប្រឡង ដើម្បីធានាឱ្យលទ្ធផលប្រឡងមានភាពត្រឹមត្រូវ និងអាចទទួលយកបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ការហាមឃាត់នេះអនុវត្តចាប់ពីអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ រហូតដល់មុនពេលប្រកាសលទ្ធផលប្រឡង។
ក្រសួងបានបញ្ជាក់ថា ការបង្ហោះ ឬផ្សព្វផ្សាយឯកសារខាងលើ ទោះធ្វើឡើងជាផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬតាមមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកជាអំពើហាមឃាត់ដែរ។
ជាមួយគ្នានេះ ក្រសួងអប់រំ នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់នេះ។

ក្រសួងព្រមានថា បុគ្គលដែលប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ទៅតាមករណីនីមួយៗ។
ក្រសួងក៏បានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ឱ្យចូលរួមគោរព និងអនុវត្តការហាមឃាត់នេះឱ្យបានម៉ឺងម៉ាត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាភាពសុចរិត តម្លាភាព និងជំនឿទុកចិត្តរបស់សាធារណជនចំពោះដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៦។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង៖ ១០ សីហា ២០២៦ បានបញ្ចប់ដោយរលូននៅថ្ងៃទី១១ ខែសីហា ដោយមិនមានបាតុភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន សន្លឹកកិច្ចការបេក្ខជនពីទូទាំងប្រទេសកំពុងត្រូវបានរក្សាទុក និងរៀបចំសម្រាប់ដំណើរការកំណែ ខណៈការប្រកាសលទ្ធផលទូទាំងប្រទេសធ្វើឡើងនៅថ្ងៃ ២ កញ្ញា ២០២៦៕











































































