នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ គ្រប់មណ្ឌលសំណេរទាំងអស់បានចាប់ផ្តើមបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប), បេក្ខជនក៏បានមកពិនិត្យមើលឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួនផងដែរ ដោយពួកគេបានបង្ហាញក្ដីសង្ឃឹម និងការត្រៀមខ្លួនពេញដោយទំនុកចិត្ត ក្នុងការប្រឡង ដែលគ្រោងប្រព្រឹត្តទៅនៅ ១០ សីហា សប្តាហ៍ក្រោយនេះ។
យុវតី អន ចាន់សុគន្ធាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានមកពិនិត្យមើលឈ្មោះនៅមណ្ឌលប្រឡង នៃវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ និយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុខ កញ្ញាមានអារម្មណ៍ភ័យផងអរផង ប៉ុន្តែកញ្ញាបានត្រៀមខ្លួនរួចជាស្រេច ដោយរំពឹងថា នឹងទទួលបាននិទ្ទេសល្អ។

ដូចគ្នានេះដែរ យុវសិស្ស ហេង រក្សា ក៏បាននិយាយដែរថា រូបគេមានអារម្មណ៍សប្បាយចិត្តដែលបានឃើញឈ្មោះរបស់ខ្លួននៅមណ្ឌលប្រឡងនេះ ហើយក៏ឈប់ភ័យទៀតដែរ។ រក្សា បន្តថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រូបគេនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ ជាពិសេស រូបគេក៏បានត្រៀមខ្លួន និងសម្ភារៈក្នុងការប្រឡងរួចជាស្រេច ដោយរំពឹងថា នឹងអាចយកយ៉ាងហោចណាស់និទ្ទេស C ឱ្យបាន។

សម្រាប់ យុវសិស្ស ចាន់ វណ្ណា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងដែរថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រូបគេបានត្រៀមខ្លួនរួចជាស្រេចនូវចំណេះដឹងដែលបានរៀនអស់រយៈពេល ១២ឆ្នាំកន្លងមក។ វណ្ណា រំពឹងថា សម្រាប់ការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃខាងមុខ រូបគេសង្ឃឹម ៧០ភាគរយ និងយកលទ្ធផលល្អឱ្យបាន។

មណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ ជាមណ្ឌលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត ដែលមានបេក្ខជនសរុប ៩៧២នាក់ ស្រី ៤៧៣នាក់។ ក្នុងនោះ បេក្ខជនជ្រើសរើសប្រឡងមុខវិជ្ជាភាសាបរទេស អង់គ្លេស ៩៦៤នាក់ និងបារាំង ០៨នាក់។
តាមកាលវិភាគរបស់ក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង នឹងត្រូវធ្វើចំនួន ២លើកនៅតាមមណ្ឌលសំណេរនីមួយៗ ដោយលើកទី១ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦៕













































































