ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសពីការរៀបចំយុទ្ធនាការកីឡាដើម្បីសង្គមដ៏ធំមួយ ក្រោមប្រធានបទ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណកោះពេជ្រ និងកោះនរា។ យុទ្ធនាការនេះមានគោលបំណងចម្បងក្នុងការកៀរគរថវិកា និងជំរុញវប្បធម៌នៃការអាន ព្រមទាំងពង្រីកការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរដល់យុវជនជំនាន់ក្រោយ។
ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសានេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកីឡា និងដៃគូពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍កីឡា គឺជារឿងសំខាន់ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព និងការចូលរួមចំណែកជួយសង្គមតាមរយៈការលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ។
រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា កម្មវិធីនេះ មានគោលដៅរួមគ្នាក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការរត់ ដែលជាមធ្យោបាយតែមួយគត់ធ្វើឱ្យជីវិតមានគុណភាព។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សាធារណជន ពិសេសសិស្សានុសិស្សចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា ខណៈបច្ចុប្បន្នអ្នកចុះឈ្មោះមានចំនួន៥០០នាក់ហើយ ដោយរំពឹងថា នឹងមានអ្នកចូលរួម ២ទៅ៣ពាន់នាក់។
លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានស្វាគមន៍យ៉ាងកក់ក្ដៅនូវគំនិតផ្តួចផ្ដើមដ៏ល្អនេះ ដែលជំរុញឱ្យសិស្សនុសិស្ស និងយុវជនកាន់តែច្រើន អាចចូលមកទស្សនាសារមន្ទីរ ស.ស.រ។ លោក ប្លែស គីលីយ៉ង់ បន្តថា ក្នុងមួយឆ្នាំៗ សារមន្ទីរ ស.ស.រ ទទួលបានអ្នកទស្សនាដែលជាយុជន និងសិស្សានុសិស្សចន្លោះពី ៤ម៉ឺនទៅ៥ម៉ឺននាក់ ។
សហប្រធានសារមន្ទីរ ស.ស.រ រូបនេះ បញ្ជាក់ថា នេះជាកិច្ចសហការថ្មីរបស់សារមន្ទីរ ស.ស.រ ជាមួយវិស័យអប់រំ និងវិស័យធនាគារ ដើម្បីរៀបចំឱ្យមានសិស្សានុសិស្សនៅជនបទ មានឱកាសក្នុងការទស្សនាសារមន្ទីរ ស.ស.រ និងរៀនសូត្រពីសារៈសំខាន់ នៃរូបិយវត្ថុ តួនាទីរូបិយវត្ថុនៅក្នុងសង្គម ជាពិសេសសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល និងរៀនសូត្រពីប្រវត្តិសាស្រ្តរូបិយវត្ថុពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។
“យើងខ្ញុំមានគោលបំណងលើកស្ទួយឆន្ទៈ នៃការអាន ឆន្ទៈនៃការរៀនសូត្រក្នុងចំណោមយុវជន ហើយសារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងរក្សាទុករបស់បុរាណទេ ប៉ុន្តែដើរតួនាទីសំខាន់ក្នុងការចែករំលែកចំណេះដឹងដល់អ្នកចូលទស្សនា”
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុអម្រឹត មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ កន្លងមកនេះ អម្រឹត មានការប្ដេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងក្នុងការរួមចំណែកពង្រឹងវប្បធម៌ខ្មែរ និងលើកកម្ពស់វិស័យអប់រំ ដែលជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ស្ថាប័ន។ លោក ដុស ឌីន បន្តថា កម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើកកម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានារួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងផ្សព្វផ្សាយពីគុណតម្លៃនៃការអានឱ្យកាន់តែទូលំទូលាយ។
លោក ដុស ឌីន បន្ថែមថា សម្រាប់ថវិកាដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទដល់ទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ឆ្នាំ, រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ឆ្នាំ និងឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។
តាមប្រសាសន៍របស់លោក ដុស ឌីន គ្រឹះស្ថានអម្រឹត រួមសហការជាមួយនឹងអជ្ញាធរខេត្ត ក៏គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ក្នុងថ្ងៃតែមួយ (ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦) នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និងរតនគិរី ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអាន និងផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ៕































