ក្នុងស្មារតីនៃការប្រើប្រាស់ “ដងប៉ាកកាសន្តិភាព” ដើម្បីបម្រើជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសសម្ពោធជាផ្លូវការនូវស្នាដៃអក្សរសិល្ប៍ថ្មីដែលមានចំណងជើងថា “រដ្ឋមន្ត្រីកូវីដ”។ សៀវភៅនេះ គឺជាការចងក្រងនូវបទពិសោធន៍ និងកំណត់ត្រាការងារក្នុងវិស័យរដ្ឋបាលសាធារណៈអស់រយៈពេល ៤៧ឆ្នាំ ជាពិសេសក្នុងកំលុងពេល ៣ឆ្នាំនៃការរាតត្បាតជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្នាដៃនេះ គឺជាការប្រមូលផ្តុំនូវឧត្តមានុវត្តន៍ដែលឆ្លងកាត់ការសាកល្បងជាក់ស្តែងលើទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា វិបត្តិកូវីដ-១៩ គឺជាករណីសិក្សាដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល និងជាវិញ្ញាសាសាកល្បងចំពោះអភិបាលកិច្ច និងភាពធន់នៃសង្គម។ ក្នុងន័យនេះ សៀវភៅ «រដ្ឋមន្ត្រីកូវីដ» បានចូលរួមរំលឹកឡើងវិញនូវចលនាសាមគ្គីជាតិ និងមគ្គុទ្ទេសភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតប្រវត្តិសាស្ត្រជោគជ័យក្នុងសង្គ្រាមដណ្តើមជីវិតប្រជាជនពីមាត់ជ្រោះមរណៈ។

ក្រៅពីការរៀបរាប់អំពីការងាររដ្ឋបាល ឯកឧត្តម ព្រុំ សុខា ក៏បានផ្សារភ្ជាប់ខ្លឹមសារនៃសៀវភៅទៅនឹងស្ថានភាពបច្ចុប្បន្ន ដោយបានលើកឡើងពីការប្រយុទ្ធដ៏អង់អាចរបស់កងទ័ពកម្ពុជាប្រឆាំងនឹងការរំលោភបំពានពីសំណាក់កងទ័ពសៀមនៅតាមបណ្តោយព្រំដែន។ ឯកឧត្តមមានប្រសាសន៍ថា នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល់ មោះមុ អត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូលដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិ និងសេចក្តីសុខ ក្សេមក្សាន្តជាផ្លែផ្កា នៃសន្តិភាពដែលយើងទទួលបានក្នុងកំលុងពេល២៧ឆ្នាំចុងក្រោយនេះ ពោលគឺ ចាប់តាំងពីក្រោយឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។
ក្នុងនាមជាអ្នកនិពន្ធ ឯកឧត្តមបានប្តេជ្ញាប្រើប្រាស់ដងប៉ាកកាជំនួសអាវុធ ដើម្បីបំផុសស្មារតីស្នេហាជាតិ និងកសាងខឿនការពារជាតិសម្រាប់មនុស្សគ្រប់ជំនាន់។
ជាចុងក្រោយ ឯកឧត្តមបានបង្ហាញនូវបំណងចង់ឱ្យការបោះពុម្ពផ្សាយជាសាធារណៈនូវស្នាដៃដំបូងបំផុតនេះឱ្យបានឆាប់បំផុត ដើម្បីអាចចូលរួមចំណែកកាន់តែផុលផុស និងជាក់ស្តែងជាមួយចលនាជាតិប្រយុទ្ធការពារអធិបតេយ្យ បូរណភាពទឹកដីក្នុងបុព្វហេតុសុខសន្តិភាព និងវិបុលភាពរបស់មាតុភូមិជាទីស្នេហានៃយើង។ ក្រៅពីការបោះពុម្ពជាសៀវភៅ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏មានគម្រោងប្រើប្រាស់មធ្យោបាយឌីជីថល ដូចជាបណ្តាញយូធូប (YouTube) ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារ និងមេរៀនពិសោធន៍នានាដែលមានក្នុងសៀវភៅនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ និងការថែរក្សាសន្តិភាពជារៀងដរាបតទៅ៕






























