យោងតាមការស្ទង់មតិសុវត្ថិភាពតាមអ៊ីនធឺណិត របស់អង្គការ Sisters of Code ធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២៦ ជាមួយសិស្សស្រីចំនួន ១៣៣នាក់ ដែលភាគច្រើនជាក្មេងស្រីមានអាយុចន្លោះពី ១០ ទៅ ២០ឆ្នាំ បានរកឃើញថា សិស្សស្រីម្នាក់ ក្នុងចំណោម ៣ នាក់បានរាយការណ៍ថា បានជួបប្រទះ ឬប្រឈមមុខនឹងការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying) ឬការយាយីតាមអ៊ីនធឺណិត (Harassment)។ លើសពីនេះ សិស្សស្រីម្នាក់ក្នុងចំណោម ៤នាក់ បាននិយាយថា មានមនុស្សចម្លែកបានទាក់ទងពួកគេតាមអ៊ីនធឺណិត និងមានត្រឹមតែ ១០% ប៉ុណ្ណោះដែលបានរាយការណ៍ថា ពួកគេមិនដែលជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត។
ការស្ទង់មតិនេះ មិនមានបំណងតំណាងឱ្យក្មេងស្រី និងយុវនារីកម្ពុជាទាំងអស់នោះទេ ដោយសារសិស្ស Sisters of Code គឺជាក្រុមអ្នកប្រើប្រាស់បច្ចេកវិទ្យាសកម្មរួចទៅហើយ។ យ៉ាងណាក៏ដោយ ការឆ្លើយតបរបស់ពួកគេផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីបទពិសោធ និងកង្វល់តាមអ៊ីនធឺណិតរបស់ស្ត្រីវ័យក្មេងដែលចូលរួម។

លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោងរបស់ Sisters of Code បានលើកឡើងថា ៩៨% បានកំពុងប្រើប្រាស់អ៊ីនធឺណិតរៀងរាល់ថ្ងៃ ឬស្ទើរតែរៀងរាល់ថ្ងៃ ខណៈដែលមានត្រឹមតែ ១០% ប៉ុណ្ណោះដែលបានរាយការណ៍ថា មិនដែលជួបប្រទះ ឬឃើញការគំរាមកំហែងតាមអនឡាញ។ ការរកឃើញទាំងនេះ ផ្អែកលើបទពិសោធន៍ដែលបានរាយការណ៍ដោយយុវជន ដែលបានបង្ហាញពីតម្រូវការក្នុងការពង្រឹងសុវត្ថិភាពអនឡាញ និងបង្កើតលំហឌីជីថលប្រកបដោយបរិយាបន្ន និងការគាំទ្របន្ថែមទៀត។
លោកស្រី ជីន ដាលីន លើកឡើងថា ប្រសិនបើយើងបង្រៀនក្មេងស្រីម្នាក់ពីរបៀបសរសេរកូដ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបង្កើតគេហទំព័រផ្ទាល់ខ្លួន ប៉ុន្តែមិនដែលបង្រៀននាងពីរបៀបការពារគណនីដែលការងារទាំងអស់របស់នាងត្រូវបានរក្សាទុក តើយើងពិតជាអាចនិយាយបានថា យើងបានរៀបចំនាងសម្រាប់ពិភពឌីជីថលមែនទេ?
លោកស្រី ជីន ដាលីន បញ្ជាក់ថា «ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព គឺជាគន្លឹះក្នុងការកសាងពិភពលោកមួយដែលមានបរិយាបន្ន និងផ្តល់អំណាចដល់ស្រ្តីឱ្យក្លាយជាអ្នកបង្កើតអនាគតរបស់ខ្លួន»។

ការស្ទង់មតិ ដែលបង្ហាញពីទស្សនៈរបស់និស្សិតស្រីដែលសកម្មក្នុងវិស័យឌីជីថល ក៏បានបង្ហាញដែរថា ពួកគេត្រូវការធ្វើបច្ចុប្បន្នភាពជំនាញ (Update Skills) និងការយល់ដឹង។ ដោយមានតែ ៦% ប៉ុណ្ណោះដែលបានផ្តល់ចំណាត់ថ្នាក់ទំនុកចិត្តខ្ពស់បំផុតដល់ខ្លួនឯង។ ទន្ទឹមនឹងនេះ ៦៦% មិនប្រាកដថាពួកគេមានជំនាញគ្រប់គ្រាន់ ដើម្បីការពារខ្លួនតាមអ៊ីនធឺណិតទេ។
ដូច្នេះ យុវជនត្រូវការជំនាញជាក់ស្តែងដែលពួកគេអាចអនុវត្តបានក្នុងជីវិតឌីជីថលប្រចាំថ្ងៃរបស់ពួកគេ រួមទាំងរបៀបដូចជា៖ បង្កើតពាក្យសម្ងាត់ដែលរឹងមាំ និងមានសុវត្ថិភាព, ស្គាល់ការបោកប្រាស់ និងសារគួរឱ្យសង្ស័យ, ឆ្លើយតបនៅពេលដែលគណនីមួយត្រូវបានគេលួចចូល ឬរងការគំរាមកំហែង, ការពារព័ត៌មានផ្ទាល់ខ្លួន និងភាពឯកជន, រាយការណ៍អំពីការធ្វើបាប និងការរំលោភបំពានតាមអ៊ីនធឺណិត និងស្វែងរកការគាំទ្រនៅពេលប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ជាជាងការដោះស្រាយវាតែម្នាក់ឯង។ ជំនាញទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជួយយុវជនឱ្យចូលរួមក្នុងលំហឌីជីថលដោយមានទំនុកចិត្ត និងការយល់ដឹងកាន់តែច្រើន។
ដោយផ្អែកលើការរកឃើញនៃការស្ទង់មតិ Sisters of Code បានកំណត់វិស័យសំខាន់ៗចំនួន៣ ដែលការអប់រំសុវត្ថិភាពឌីជីថលអាចជួយស្ត្រីវ័យក្មេងការពារខ្លួនឯងបានកាន់តែប្រសើរ៖ ១. ការគាំទ្រយុវជនឱ្យការពារគណនី ឧបករណ៍ និងពាក្យសម្ងាត់របស់ពួកគេ, ២. ការកសាងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណការបន្លំតាមអ៊ីនធឺណិត ការបោកប្រាស់ សារក្លែងបន្លំ និងខ្លឹមសារក្លែងក្លាយដែលបង្កើតដោយ AI និង ៣. ពង្រឹងការយល់ដឹងអំពីឯកជនភាពផ្ទាល់ខ្លួន។
គួរជម្រាបជូនថា សុវត្ថិភាពតាមអ៊ីនធឺណិត មិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ។ វាក៏ជាប់ទាក់ទងនឹងភាពស្ងប់សុខផ្លូវចិត្ត ទំនុកចិត្ត សុខុមាលភាព និងសេរីភាពក្នុងការចូលរួមផងដែរ៕













































































