ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការសិក្សាចិត្តសង្គម និងអារម្មណ៍ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការសិក្សាចិត្តសង្គម និងអារម្មណ៍ ជារឿងដ៏សំខាន់សម្រាប់លោកគ្រូ អ្នកគ្រូក្នុងការអប់រំកុមារតូចឱ្យចេះគ្រប់គ្រងលើខ្លួនឯង និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។
លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់ថា ជាក់ស្ដែង ការប្រែប្រួលក្នុងសង្គម បរិស្ថាន មនុស្សជុំវិញខ្លួន សម្ពាធការងាររបស់អាណាព្យាបាល បានជះឥទ្ធិពលទៅអារម្មណ៍របស់កុមារតូចដែលងាយរងផលប៉ះពាល់ខ្លាំងជាងគេ។ លោកជំទាវបន្តថា សិក្ខាសាលានេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខនៅក្នុងការគាំពារ និងអភិវឌ្ឍកុមារតូច ក៏ព្រោះក្នុងវ័យកុមារតូចការអភិវឌ្ឍខាងផ្នែកខួរក្បាលអាចទទួលនូវសម្ពាធផ្លូវចិត្ត ហើយការធ្វើឱ្យកុមារចេះស្គាល់ពីខ្លួនឯង ចេះគ្រប់គ្រងអារម្មណ៍ ចេះចែករំលែកក្ដីស្រឡាញ់ ចេះរួមរស់នៅជាមួយកុមារផ្សេងទៀត ធ្វើឱ្យគាត់មានសុខភាពផ្លូវចិត្តនាំមកនូវសុខភាព សន្តិភាពពីក្នុងថ្នាក់រៀនតូចមួយរបស់គាត់ ឈានទៅក្នុងសង្គមដើម្បីធ្វើឱ្យសង្គមមួយមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំរូបនេះបន្ថែមថា ពិតណាស់មុខវិជ្ជាការសិក្សាពីសង្គម និងអារម្មណ៍ (SEL) ជាមុខវិជ្ជាថ្មី ប៉ុន្ដែជាមុខវិជ្ជាគោល ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ត្បិតនាពេលបច្ចុប្បន្នមនុស្សជាច្រើនរងនូវសម្ពាធផ្លូវចិត្ត ដែលអាចឈានទៅរកការគិតអវិជ្ជមានផងដែរ ដែលនេះអាចឃើញពីសារៈសំខាន់នៃមុខវិជ្ជាការសិក្សាពីសង្គម និងអារម្មណ៍ (SEL) ទៅក្នុងការសិក្សារបស់កុមារតូចត្រូវចាប់ផ្ដើមពីពួកគេដើម្បីបណ្ដុះនូវមូលធនមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ។
ការសិក្សាពីសង្គម និងអារម្មណ៍ (SEL) គឺមានសារៈសំខាន់ក្នុងការអប់រំកុមារតូច (ECE) ព្រោះវាផ្តល់ឱ្យកុមារនូវជំនាញក្នុងជីវិតសំខាន់ៗ ដូចជាការយល់ដឹងដោយខ្លួនឯង ការគ្រប់គ្រងអារម្មណ៍ ការយល់ចិត្តអ្នកដទៃ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ SEL ជំរុញសមត្ថភាពរបស់កុមារក្នុងការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយមិត្តភក្ដិ គ្រប់គ្រងអារម្មណ៍ និងអភិវឌ្ឍភាពធន់ ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងសុខុមាលភាពផ្ទាល់ខ្លួន។ រយៈពេលដំបូងនៃកុមារភាពផ្តល់នូវឱកាសដ៏ល្អសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍជាមួយនឹងគំនិតរឹងមាំ និងរាងកាយដែលមានសុខភាពល្អសម្រាប់ការកសាងសមត្ថភាព SEL ដែលមានសារៈសំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតក្នុងសតវត្សទី២១ ។
គួរជំរាបជូនថា សិក្ខាសាលាបណ្តុះបណ្តាលនេះ គឺជាផ្នែកសំខាន់មួយនៃគម្រោងដែលកំពុងដំណើរការរបស់អង្គការយូណេស្កូ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកក្នុងការរៀបចំដាក់បញ្ចូលការសិក្សាពីសង្គម និងអារម្មណ៍ (SEL) នៅក្នុងប្រព័ន្ធអប់រំកុមារតូច (ECCE) ។ សិក្ខាសាលានេះ ជាសកម្មភាពថ្នាក់ជាតិដ៏សំខាន់មួយ ដើម្បីដំណើរការក្របខណ្ឌ APETT-SEL នៅក្នុងប្រទេសកម្ពុជា៕

































