បណ្ណាល័យប៉ាម៉ានី ផ្ដល់ពន្លឺអប់រំ និងក្ដីសង្ឃឹមថ្មីដល់កុមារនៅជំរំជនភៀសសឹក

កុមារជាច្រើនបានបាត់បង់ឱកាសសិក្សាបន្ទាប់ពីមានការផ្ទុះអាវុធ ក្នុង​ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យពួកគេ និងក្រុមគ្រួសារត្រូវជម្លៀសមករស់នៅតាមជំរំជនភៀសសឹក។ ដើម្បីដោះស្រាយបញ្ហានេះ មូលនិធិម៉ានី (The Many Foundation) បានផ្តួចផ្តើមគម្រោង “បណ្ណាល័យប៉ាម៉ានី” ដែលជាបណ្ណាល័យចល័ត ដើម្បីនាំយកការអប់រំ ភាពច្នៃប្រឌិត និងក្ដីសង្ឃឹមថ្មីទៅដល់កុមារទាំងនោះឡើងវិញ។

លោក ជា សុខហ៊ី នាយកគ្រប់គ្រងគម្រោងបណ្ណាល័យប៉ាម៉ានី មានប្រសាសន៍ថា បណ្ណាល័យចល័តនេះមានគោលបំណងចង់ផ្ដល់ឱកាសឱ្យកុមារទទួលបានការអប់រំ បង្កើតទីកន្លែងសុវត្ថិភាពសម្រាប់សិក្សារៀនសូត្រ ក៏ដូចជាទទួលបានសេវាកម្មជំនួយផ្លូវចិត្ត ដើម្បីអភិវឌ្ឍសមត្ថភាព និងក្ដីសង្ឃឹម ខណៈពេលមានវិបត្តិដោយសារបញ្ហាព្រំដែន។

លោក ជា សុខហ៊ី ជានាយកគ្រប់គ្រងគម្រោងបណ្ណាល័យប៉ាម៉ានី

“យើងចង់ផ្ដល់ឱកាសក្រៅពីថ្នាក់រៀន ឱ្យគាត់បានមកធ្វើការជាក្រុម លេងល្បែងកម្សាន្តបែបល្បងបញ្ញា និងស្គាល់មិត្តភក្ដិដទៃទៀត។ តាមរយៈសកម្មភាពទាំងនេះ អាចផ្ដល់ជាក្ដីសង្ឃឹមឱ្យកុមារគិតបានវែងឆ្ងាយ ជាជាងស្ថានភាពជីវភាពបច្ចុប្បន្នដែលពួកគាត់មាន”។

បើតាម​លោក ជា សុខហ៊ី គម្រោងបណ្ណាល័យប៉ាម៉ានី បានបង្កើតឡើងនៅខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្ទុះអាវុធក្នុង​ជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបច្ចុប្បន្នបានដាក់ឱ្យដំណើរការនៅ ៣ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ រួមមាន សាលាបឋមសិក្សាព្រៃចាន់ សាលាបឋមសិក្សាជោគជ័យ និងជំរំជនភៀសសឹកស្រុកអូរជ្រៅ។

នាយកគ្រប់គ្រងគម្រោងបណ្ណាល័យប៉ាម៉ានី បន្ថែមថា បណ្ណាល័យចល័តនេះ ធ្វើអំពីដែកប្រក់ស័ង្កសីទំហំប្រវែង ៦ម៉ែត្រគុណ៣ម៉ែត្រ ដែលអាចផ្លាស់ទីបាន។ គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការសិក្សារៀនសូត្ររបស់កុមារដូចជា ទី១. ផ្ដល់សម្ភារៈសិក្សា ៖ ផ្ដល់សៀវភៅរឿងនិទាន សៀវភៅអាន និងសៀវភៅសរសេរ, ទី២. ថ្នាក់បង្រៀនខ្លីៗ ៖ បង្រៀនអាន សរសេរ គណិតវិទ្យា និងបំណិនជីវិត ដូចជា ការរក្សាអនាម័យ ការគូរគំនូរ លេងល្បែងល្បងប្រាជ្ញា និងសកម្មភាពរាំបែបអប់រំ។ ក្នុងនោះ ក៏មានក្រុមយុវជនស្ម័គ្រចិត្តប្រមាណ ៥០នាក់ ចុះទៅបង្រៀនកុមារដោយផ្លាស់វេនគ្នា ព្រមទាំងមានបណ្ណារក្សប្រចាំបណ្ណាល័យ ជួយមើលការខុសត្រូវនៅតាមសាលាបឋមសិក្សាដែលបានដាក់ឱ្យដំណើរការបណ្ណាល័យចល័តទាំងនេះ។

ជាការកត់សម្គាល់របស់លោក ជា សុខហ៊ី កុមារដែលចូលរួមក្នុងបណ្ណាល័យចល័តប៉ាម៉ានី ពួកគេបានបង្កើនគំនិតច្នៃប្រឌិត និងភាពរីករាយក្រៅពីថ្នាក់រៀន។ ពួកគេមានក្ដីស្រមៃចង់ធ្វើជាគ្រូពេទ្យ វិស្វករ ឬចង់មានជីវភាពប្រសើរជាងមុន។ កុមារខ្លះបានបង្ហាញពីក្ដីស្រមៃចង់ត្រឡប់ទៅផ្ទះវិញ និងមិនចង់រស់នៅក្នុងជំរំជនភៀសសឹក ដោយបង្ហាញតាមរយៈគំនូររបស់ពួកគេ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ដោយ​គាំទ្រ​ចំពោះគម្រោងមួយនេះ ដោយថា គម្រោងបណ្ណាល័យចល័តនេះពិតជាមានសារៈសំខាន់ ព្រោះវាជាការលើកទឹកចិត្ត និងជំរុញឱ្យកុមារមានឱកាសអាន ទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ ជួយបំបាត់ភាពភ័យខ្លាច និងបណ្ដុះទម្លាប់អាន។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ដើម្បីឱ្យកុមារមានឱកាសអានច្រើនជាងនេះ គួរមានគោលការណ៍ខ្ចីសង និងពង្រីកបណ្ណាល័យនេះ ឱ្យមាននៅគ្រប់តំបន់ដែលមានកុមារភៀសសឹក។ ជាពិសេស គួរមានសៀវភៅចំណេះដឹងទូទៅ ប្រលោមលោក រឿងព្រេង ណែនាំពីអនាម័យ ការបង្ការហានិភ័យគ្រោះទឹកជំនន់ ការប្រុងប្រយ័ត្នគ្រាប់មីន ការប្រុងប្រយ័ត្នពេលធ្លាក់គ្រាប់ផ្លោង គឺកាន់តែល្អ ដើម្បីកុមារអាចយកទៅអនុវត្តពាក់ព័ន្ធសភាពការភៀសខ្លួននៅតាមតំបន់ព្រំដែន។

យ៉ាងណាក៏ដោយ បើតាម លោក ជា សុខហ៊ី សម្រាប់គម្រោងបណ្ណាល័យចល័តប៉ាម៉ានី គម្រោងនឹងពង្រីកទៅតាមខេត្តនៅតាមបណ្ដោយព្រំដែនទូទាំងប្រទេសកម្ពុជា ហើយ​ជាមួយ​គ្នា​នៅពេល​ខាងមុខដ៏ខ្លីនេះ នឹងត្រៀមតម្លើង ៣ទីតាំងបន្ថែម​ទៀតនៅសាលាបឋមសិក្សាខ្វះខាតក្នុងខេត្តព្រះវិហារ ដោយ​លោកសង្ឃឹមថា នឹងមានការចូលរួមគាំទ្រពីអាជ្ញាធរ ក្រសួងអប់រំ និងអង្គការពាក់ព័ន្ធនានា។

គួរជំរាបជូនថា មូនិធិប៉ាម៉ានី ត្រូវ​បង្កើតឡើងដំបូងនៅឆ្នាំ២០១៩ ហើយ​មក​ដល់បច្ចុប្បន្ន​មូលនិធិមួយ​នេះ​បាន​ចូលរួមអនុវត្តគម្រោងជាច្រើនសម្រាប់យុវជន និងកុមារ​កម្ពុជា ដូចជា គម្រោងសំណេរអង្គរ, គម្រោងប៉ារ៉ាឡាំពិក, គម្រោងអូឡាំព្យាដកុមារ, គម្រោងផ្ទះបាយកុមារ និងគម្រោងជួយកុមារមានជំងឺមហារីក ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...