ភ្នំពេញ – ការរើសជំនាញសិក្សានៅថ្នាក់ក្រោយមធ្យមសិក្សា ពិតជាមានសារៈសំខាន់សម្រាប់យុវជនក្នុងការចាប់យកជំនាញមួយដើម្បីប្រើប្រាស់ជាអាជីព ឬមុខរបរមួយនៅថ្ងៃអនាគត។ បើតាមលោក រឿន យង់អាន ស្ថាបនិក Arm Robitic លើកឡើងថា ការជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ស្របតាមទីផ្សារការងារទើបអាចបានទាំងលទ្ធផលសិក្សាល្អ និងឱកាសការងារដែលសង្គមជាតិកំពុងមានតម្រូវការចាំបាច់។
លោក រឿន យង់អាន ដែលជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Innopolis University ប្រទេសរុស្ស៊ី ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និយាយថា មុនជ្រើសរើសជំនាញសិក្សា អ្វីដែលសិស្សានុសិស្សគួរធ្វើ ទី១.ត្រូវស្គាល់ខ្លួនឯង តើយើងចង់រៀនអ្វី? ស្រឡាញ់មុខវិជ្ជាអ្វី? ហើយមានគោលបំណង ឬក្ដីស្រមៃបម្រើការងារក្នុងវិស័យណាមួយ, ទី២.ជ្រើសរើសនូវជំនាញដែលយើងស្រឡាញ់ពេញចិត្ត ដោយអាចផ្ដើមចេញពីការស្រឡាញ់វិស័យវិស្វកម្ម ដែលយើងអាចមើលថា នៅក្នុងវិស័យវិស្វកម្មមានអ្វីខ្លះ? បើសិនយើងស្រឡាញ់ផ្នែកសង្គម ឬក៏ផ្នែកច្បាប់ យើងគួរពិនិត្យមើលមួយៗទៅតាមនោះដែរ។
លោក រឿន យង់អាន
“នៅពេលយើងជ្រើសរើសនូវជំនាញដែលយើងស្រឡាញ់ពេញចិត្ត វានឹងជួយច្រើននៅក្នុងការសិក្សារបស់យើង”
ស្ថាបនិក Arm Robotic រូបនេះបន្ថែមថា បន្ទាប់ពីយុវជនស្គាល់ខ្លួនឯង ស្គាល់ជំនាញដែលខ្លួនស្រឡាញ់ ទី៣. ស្វែងយល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យនីមួយៗថា សាកលវិទ្យាល័យណាដែលមានកម្មវិធីសិក្សាសាកសមសម្រាប់ខ្លួនចូលរៀន និងទី៤. ពិនិត្យមើលទីផ្សារការងារ តើជំនាញដែលបានជ្រើសរើសនោះ មានតម្រូវការទីផ្សារការងារដែរឬទេ? តើជំនាញមួយនោះត្រូវការជំនាញអ្វីខ្លះ? ហើយក្រោយពេលបញ្ចប់ការសិក្សាតើអាចបំពេញការងារនៅកន្លែងណាជាដើម។
លោក រឿន យង់អាន បញ្ជាក់បន្ថែមថា បច្ចុប្បន្នជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ជាជំនាញមួយមានតម្រូវការទីផ្សារការងារ ហើយក៏ជាការងារមួយល្អដែរ។ លើសពីនេះ សាកលវិទ្យាល័យក្នុងស្រុកបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សរៀនជំនាញស្ទែមសម្បូរបែប និងមានជំនាញច្រើនឱ្យសិស្សជ្រើសរើស។ ទាំងនេះ ជាឱកាសមួយដែលយុវជនមានជម្រើសច្រើននៅក្នុងការជ្រើសរើស ដោយយុវជនអាចស្វែងយល់បានច្រើន ដើម្បីចាប់យកអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។
ស្ថាបនិក Arm Robotic បានប្រាប់ទៀតថា ការរៀនជំនាញនីមួយៗគឺត្រូវរៀនឱ្យលំអិត នៅពេលយើងស្គាល់ជំនាញច្បាស់ និងស្គាល់ពីខ្លួនឯង នាំឱ្យការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់ ហើយមានទំនុកចិត្តច្រើនក្នុងការចូលរៀននៅសាកលវិទ្យាល័យ៕































