រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម (UAE) គ្រោងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងថ្នាក់រៀន ខណៈសិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី២ នៅសាលារៀនសាធារណៈ នឹងមិនត្រូវបានដាក់ឱ្យធ្វើកិច្ចការផ្ទះក្នុងឆ្នាំសិក្សាថ្មីនេះឡើយ។
យោងតាមសារព័ត៌មាន The National រដ្ឋមន្ត្រីអប់រំ UAE លោកស្រី Sarah Al Amiri បានឱ្យដឹងថា សិស្សថ្នាក់ទី៦ នឹងមិនប្រើអេក្រង់ក្នុងពេលរៀនមុខវិជ្ជាភាសាអង់គ្លេស ភាសាអារ៉ាប់ វិទ្យាសាស្ត្រ និងគណិតវិទ្យា។ វិធានការនេះត្រូវបានប្រកាសក្នុងសន្និសីទមួយនៅទីក្រុងឌូបៃ។
លោកស្រីបានបញ្ជាក់ថា សិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៤ នៅសាលារដ្ឋទាំងអស់ នឹងមិនត្រូវប្រើឧបករណ៍ឌីជីថលក្នុងថ្នាក់រៀនឡើយ លើកលែងតែករណីដែលឧបករណ៍ទាំងនោះជាផ្នែកចាំបាច់នៃមេរៀនជាក់លាក់។ បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលទ្ធភាពពង្រីកគោលនយោបាយនេះទៅកាន់ថ្នាក់មធ្យមសិក្សាផងដែរ។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសិក្សាមួយស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អេក្រង់ និងឧបករណ៍ឌីជីថលចំពោះការរៀនសូត្រ និងការអភិវឌ្ឍការយល់ដឹងរបស់សិស្ស។
ការសិក្សាបានវិភាគលើសិស្សប្រមាណ ២,៥០០នាក់ មកពីសាលារដ្ឋចំនួន៩ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការកំណត់ការប្រើប្រាស់ឧបករណ៍ឌីជីថល។ លទ្ធផលបង្ហាញថា សិស្សដែលរៀនក្នុងបរិយាកាសកាត់បន្ថយ ឬគ្មានអេក្រង់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការសិក្សា ជាពិសេសមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអារ៉ាប់។
ការសិក្សាក៏រកឃើញការកែលម្អផ្នែកឥរិយាបថ វិន័យ និងសមត្ថភាពផ្តោតអារម្មណ៍របស់សិស្សនៅក្នុងថ្នាក់រៀនផងដែរ។
លោកស្រី Al Amiri បានលើកឡើងថា សិស្សដែលរៀនក្នុងថ្នាក់មានការប្រើប្រាស់ឧបករណ៍ឌីជីថលតិច មានសមត្ថភាពរក្សាចំណេះដឹងបានប្រសើរឡើង ខណៈឥរិយាបថ ការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងការបង្កើតទំនាក់ទំនងសង្គមក៏មានភាពប្រសើរឡើងតាមរយៈការកាត់បន្ថយពេលវេលាប្រើប្រាស់អេក្រង់។
ចំពោះការលុបចោលកិច្ចការផ្ទះសម្រាប់សិស្សថ្នាក់តូចៗវិញ វាមានគោលបំណងលើកកម្ពស់គុណភាពនៃការរៀនសូត្រ និងបង្កើតតុល្យភាពប្រកបដោយសុខភាពល្អរវាងការសិក្សា និងជីវិតគ្រួសារ។

លោកស្រី Al Amiri រំពឹងថា ការផ្លាស់ប្តូរនេះនឹងជំរុញឱ្យកុមារចំណាយពេលអានសៀវភៅនៅផ្ទះកាន់តែច្រើន និងចាប់ផ្តើមបង្កើតទម្លាប់ល្អ ព្រមទាំងអភិវឌ្ឍជំនាញសំខាន់ៗតាំងពីវ័យក្មេង។
លោកស្រីបានមានប្រសាសន៍ថា គោលនយោបាយថ្មីនេះស្របតាមការផ្លាស់ប្តូររបស់ប្រព័ន្ធអប់រំ UAE ពីការផ្តោតសំខាន់លើការទទួលបានចំណេះដឹង ទៅជាការកសាងទាំងចំណេះដឹង និងជំនាញរបស់សិស្សក្នុងពេលតែមួយ។
បច្ចុប្បន្ន វិធានការលុបចោលកិច្ចការផ្ទះ និងកាត់បន្ថយការប្រើប្រាស់អេក្រង់ខាងលើ អនុវត្តចំពោះ សាលារៀនសាធារណៈរបស់ UAE ប៉ុណ្ណោះ៕












































































