អស់ជាច្រើនទស្សវត្សរ៍មកហើយដែលសិស្សនៅតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ធ្វើដំណើរទៅសាលារៀនដោយប្រើរយៈពេល៣ម៉ោង ឆ្លងកាត់ផ្លូវលំបាក និងជ្រលងភ្នំ, ប៉ុន្តែពេលនេះ ពួកគេអាចធ្វើដំណើរទៅសាលារៀនត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ ដោយប្រើប្រាស់កន្រ្តកខ្សែរ៉ត និងរថយន្តខ្សែកាប។
យោងតាមសារព័ត៌មាន People’s Daily Online បានរាយការណ៍ថា មុននឹងអាចធ្វើដំណើរទៅសាលាដោយភាពងាយស្រួល និងទំនើបនេះ កុមារ ៩នាក់ មកពីភូមិ Nizhune ដែលស្ថិតនៅកម្ពស់ ១,១០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ តែងតែធ្វើដំណើរទៅសាលាបឋមសិក្សា Guanzhia ជារៀងរាល់ថ្ងៃ ដែលសាលានេះ មានទីតាំងពីនីវ៉ូទឹកសមុទ្រ ១,៦៥០ ម៉ែត្រ។ ការធ្វើដំណើររបស់កុមារទាំង ៩នាក់ ត្រូវធ្វើដោយថ្មើរជើងយ៉ាងលំបាក ឆ្លងកាត់ជ្រលងភ្នំដ៏ចោត និងគ្រោះថ្នាក់ ហើយត្រូវចំណាយពេលរហូតដល់បីម៉ោងឯណោះ ទើបដល់សាលារៀន។
លោក Zhao Suzhen ជាអ្នកស្រុក ដែលរស់នៅក្នុងតំបន់នេះ បាននិយាយថា វិធីសាស្ត្រធ្វើដំណើរថ្មីនេះ បានកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹមកន្លះម៉ោង។ ខណៈសាលាបឋមសិក្សា Guanzhai ស្ថិតនៅតំបន់ Nizhu River Canyon គឺជាសាលារៀនមួយ ដែលកំពុងបង្រៀនសិស្សចំនួន ៥១នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ។
កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសុវត្ថិភាពកុមារ និងអ្នកភូមិ នៅក្នុងតំបន់ដាច់ស្រយាលនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១៥ ជាមួយនឹងការសាងសង ច្រវ៉ាក់សុវត្ថិភាព ប្រឡោះដាក់ជើងសម្រាប់ឡើងភ្នំ និងផ្លូវលំសម្រាប់ធ្វើដំណើរ តាមចង្កេះភ្នំ។ ក្រោយមក គម្រោងជណ្ដើរយន្ត បានចាប់ផ្ដើម នៅចុងឆ្នាំ ២០១៨ ដោយទទួលបានការគាំទ្រ តាមរយៈការបង្កើនការវិនិយោគក្នុងតំបន់។

នៅឆ្នាំ ២០២២ តំបន់ដែលមានជ្រលងភ្នំ និងទន្លេ Nizhu River Canyon បានបង្កើតឱ្យមានកន្ត្រកខ្សែរ៉ត និងរថយន្តក្រុងបន្ថែមទៀត ដើម្បីសម្រួលការលំបាក និងកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកភូមិ និងសិស្សានុសិស្ស៕
































