ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ ទាំងឡាយរបស់ខ្មែរដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងក្នុងពេលប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កើតបរិយាកាសរីករាយក្នុងចំណោមយុវវ័យនិងប្រជាជនទូទៅ។ គេច្រើនលេងល្បែងបោះអង្គញ់តាមវត្តអារ៉ាម សាលារៀនក្នុងភូមិឋានឬតាមទីសាធារណៈដទៃទៀត ដែលមានបរិយាកាសអំណោយផល ដូចជាក្រោមម្លប់ឈើធំៗ ទីលានរាបស្មើខ្យល់អាកាសល្អ ហើយគេអាចលេងពេលថ្ងៃឬពេលយប់ក៏បានអាស្រ័យលើលក្ខខណ្ឌតម្រូវឱ្យ។
យោងតាមឯកសារល្បែងប្រជាប្រិយខ្មែរ បានបង្ហាញថា ល្បែងអង្គញ់ គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ។
ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា ល្បែងប្រជាប្រិយបោះអង្គញ់ មានន័យអប់រំ ជាការហាត់ភ្នែកឱ្យវៃ ហាត់ដៃឱ្យត្រង់ ហាត់ស្មារតីឱ្យមូល។ ឯកឧត្តមបន្តថា ល្បែងប្រជាប្រិយខ្មែរ នៅតែសំខាន់សម្រាប់ប្រជាជនខ្មែរ ជាពិសេសយុវជនគួរជៀសវាងលេងល្បែងទាំងឡាយណាដែលមិនមែនជាល្បែងប្រជាប្រិយ ដូចជា គប់ទឹក ជះទឹកដាក់គ្នាជាដើមដែលបង្កឱ្យមានគ្រោះថ្នាក់ ហើយបែរមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នា។
តើល្បែងបោះអង្គញ់ប្រព្រឹត្តទៅយ៉ាងណា? មានវិធានល្បែងបែបណា?
តាមឯកសារ ល្បែងបោះអង្គញ់ គេចែកអ្នកលេងជាពីរពួក គឺបុរសមួយក្រុម១០នាក់ នារីមួយក្រុម ១០នាក់មួយពួកៗ មានអង្គញ់ស្មើៗគ្មា សម្រាប់គប់កើយមួយពួកៗមានកើយ ៣ ឬ ៥ តាមគ្នាច្រើនឬតិច។ គេត្រូវមានមេក្នុងមួយពួកម្នាក់។ មេត្រូវសួរគ្នាទៅវិញទៅមកថា លេងប៉ុន្មានកើយ? ហើយលេងប៉ុន្មានក្ដារ? ត្រូវរៀបកើយតាមចំនួនដែលបាននិយាយគ្នាកើយត្រូវរៀបឡើងដោយផ្លែអង្គញ់មួយ នឹងដីដែលកាយជារន្ធ កើយរៀបបានលំដាប់ហ្វូងចាប កើយនាំមុខគេ កំណត់ជាទីអ្នកលេងត្រូវឈរ ៣ ទៅ ៤ ម៉ែត្រពីទី។
របៀបលេងកំឡុងពេលលេង ៖ ជាទូទៅ ខាងស្រីមានសិទ្ធបោះមុនវិន័យនៃការបោះ គឺត្រូវបោះកើយផ្សេងៗមុនកើយមេ កាលណាក្រុមដែលបោះផ្ដួលកើយម្ខាងទៀតអស់នោះកំណត់ឈ្នះមួយក្ដារ ឯឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែប រួមមាន ១- ស្អុយ (គឺរៀបកើយខុសទុកកោយនេះ ជាអាសាបង់) ២- មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត) ៣- រះ (កើយបោះមួយ ត្រូវកោយដាំម្ដងពីរ) ៤- ងីងើ (កើយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល) ៥- ស្រលៀង -ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា) ៦- វ័ធ-ណាត់ (កើយបោះជិតកោយដាំពេក) ៧- បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី) ៨- កប់ទះ(កោយដាំខ្ទេចចេញ កោយបោះនៅក្នុងរន្ធដាំ) ៩- ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)។
ក្រុមដែលខុសវិន័យចាត់ទុកថាចាញ់ នោះត្រូវទទួលពិន័យដោយជោះ ហើយការជោះចែកជា ២ ប្រភេទផ្សេងគ្នា រួមមាន ទី១. ជោះបាយត្រជាក់៖ របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស។ ទី២. ជោះបាយក្ដៅ ៖ របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្ដេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់មួយៗឡើងក្រហមសាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង៕

































