ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ត្រូវបានហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់ ។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុងពេលរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។
បើតាមក្រសួងអប់រំ ល្បែងដែលត្រូវបានហាមឃាត់មិនឱ្យលេងនៅតាមគ្រឹះស្ថានសិក្សា អំឡុងពេលរៀបចំសង្រ្កាន្តឆ្នាំថ្មីមានដូចជា ការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ ក្រសួងអប់រំបានបញ្ជាក់ថា ការលេងល្បែងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ និងមិនស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

ជាមួយគ្នានេះ ក្រសួងអប់រំក៏បានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃ តាមវេន ដើម្បីជួយសម្របសម្រួលឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
ក្នុងនោះ ត្រូវសហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា។

គួរបញ្ជាក់ថា ការចេញសេចក្តីណែនាំរបស់ក្រសួអប់រំនេះ គឺធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។ ទៅលើគ្នាទៅវិញទៅមក ដោយគ្មានសណ្តាប់ធ្លាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាព៕































