ការពន្យារពេលគឺជាការជ្រើសរើសមិនធ្វើសកម្មភាព ឬការទុកកិច្ចការអ្វីមួយចោល ទាំងដែលមុន ឬក្រោយដាច់ខាតត្រូវតែបំពេញដដែល។ សកម្មភាពមួយនេះបានឆក់យកពេលវេលាមនុស្សដោយមិនដឹងខ្លួន និងជាការនាំនូវផលវិបាកនានាទៅកាន់សុខភាពផ្លូវចិត្តទាំងរយ:ពេលវែង និងរយ:ពេលខ្លី។
តាមរយៈគេហទំព័រ Everydayhealth បានបង្ហាញពីសកម្មភាពចំនួន៣ ដើម្បីបញ្ចៀសទម្លាប់ពន្យារពេល ៖
១. ដោះស្រាយភាពតានតឹងជាមុន ៖ នៅពេលចាប់ផ្តើមគាំងគំនិត ឬក៏មានអាការៈតានតឹងកើតមាន ទោះបីជាបានដឹងពីផលប៉ះពាល់អំពីការពន្យារពេលថា មានភាពអវិជ្ជមានយ៉ាងណាក្ដី ក៏ពិបាកនឹងរកច្រកចេញបានដែរ ដោយសារភាពតានតឹងបានជំរុញឱ្យអារម្មណ៍ស្មុគស្មាញ និងមានទម្លាប់បន្ទោសខ្លួនឯងជារឿយៗ ជាពិសេសនៅពេលមានការពន្យារពេលណាមួយកើតមាន។ ស្ត្រេសជំរុញឱ្យអារម្មណ៍ ឬស្មារតីកាន់តែពិបាកក្នុងការរៀបចំរាល់សកម្មភាព ឬសម្ភារជុំវិញខ្លួន និងមិនអាចកំណត់អាទិភាពការងារជាដើម។ ទន្ទឹមគ្នានោះ ការសិក្សាមួយបានបង្ហាញឱ្យឃើញថា សិស្សដែលមានអាការស្រ្តេស ជំរុញឱ្យការសិក្សាមិនបានលទ្ធផលល្អ រួមទាំងការគ្រប់គ្រងពេលមិនបានត្រឹមត្រូវ ពិបាកក្នុងការកំណត់ឬបែងចែកអាទិភាពការងារ ហើយក៏ជំរុញឱ្យទម្លាប់នៃការពន្យារពេលរីកដុសដាល។ ទាំងនេះ ជាហេតុផលបង្ហាញថា ការដោះស្រាយ ឬការយកចិត្តទុកដាក់ភាពតានតឹង បានរួមចំណែកកាត់បន្ថយការពន្យារពេល។
យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយភាពតានតឹង សូមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទទួលទានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ យកចិត្តទុកដាក់លើគុណភាពដំណេក ក៏ដូចជាសកម្មភាពទាំងឡាយណា ដែលនាំឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត មានភាពរឹងមាំ។

២. សង្កេតអំពីអាកប្បកិរិយាផ្ទាល់ខ្លួន ៖ ក្នុងការទាញស្មារតីឱ្យត្រឡប់មកធ្វើកិច្ចការសំខាន់ៗវិញបាន ជាកិច្ចបន្ទាប់គឺ ការយកចិត្តទុកដាក់លើអាកប្បកិរិយាប្រចាំថ្ងៃ ប្រសិនបើរកឃើញថា ឧស្សាហ៍ចាប់យកកិច្ចការដែលមិនសូវសំខាន់មកធ្វើមុន ហើយទុកកិច្ចការសំខាន់ៗធ្វើតាមក្រោយ នេះហើយក៏ជាសញ្ញាមួយដែលកំពុងរុញច្រានឱ្យមានទម្លាប់ពន្យារពេល ដូចនេះការនៅជាមួយខ្លួនឯងសុទ្ធសឹងតែជាការបង្កើតផ្នត់គំនិតជៀសវាងពីបញ្ហាទាំងនេះ។
៣. មានមេត្តាចំពោះខ្លួនឯង ៖ ក្នុងរបៀបនៃការផ្តល់សេចក្ដីសន្តោសប្រណីចំពោះខ្លួនឯង គឺជៀសនូវការស្ដីបន្ទោស ឬវិនិច្ឆ័យពីភាពមិនអាចទៅរួចចំពោះខ្លួនឯង។ ការផ្តល់ក្ដីអាណិតអាសូរចំពោះខ្លួនឯង គឺមានន័យថា ជាការប្រព្រឹត្តចំពោះខ្លួនឯងដោយទង្វើល្អៗ តាមរយៈការយកចិត្តទុកដាក់ និងការយល់ពីដើមចម ដែលកើតមានបញ្ហាណាមួយ។ ជាឧទាហរណ៍ ការសិក្សាមួយបានរកឃើញពីរបៀបជួយមនុស្សឱ្យឈប់ពន្យារពេលនៅពេលនិយាយអំពីការធ្វើលំហាត់ប្រាណ គេបានរកឃើញថា ការចេះអាណិតអាសូរខ្លួនឯងចំពោះផលវិបាកនៅពេលខាងមុខ បានជួយមនុស្សឱ្យយកឈ្នះការពន្យារដោយប្រកាន់ខ្ជាប់នូវផែនការហាត់ប្រាណរបស់ពួកគេ៕































