យុវជនជំនាន់ថ្មី​ បង្ហាញគំនិតកែប្រែមហាវិថីព្រះមុន្នីវង្ស និង​ព្រះនរោត្តម ជាបណ្តាញផ្លូវនៃទីក្រុងបៃតង ដោយគិតគូរពីបរិស្ថាន និងសុខមាលភាពប្រជាជន

ស្ថាបត្យករវ័យក្មេងចំនួន២ក្រុម ដែលសុទ្ធសឹងតែជាយុវជនជំនាន់ថ្មី ពួក​គេ​បានបង្ហាញអំពីគំនិតស្រដៀងគ្នា ក្នុងការ​កែប្រែមហាវិថីព្រះមុន្នីវង្ស ដែលពោរពេញដោយ​ចរាចរណ៍ និង​មហាវិថីព្រះនរោត្តម ទៅជា​បណ្តាញ​ផ្លូវ​នៃទីក្រុង​បៃតង រួម​បញ្ចូលជាមួយ​ការ​លើកទឹកចិត្តប្រជាជន​ឱ្យ​មានសកម្មភាពដើរ ជិះកង់ ព្រមទាំង​ប្រើប្រាស់សេវាកម្មសាធារណៈ នៅ​តាមបណ្តោយមហាវិថីទាំងពីរនេះ។ គំនិតថ្មីរបស់ស្ថាបត្យករវ័យក្មេង​ទាំង​២ក្រុមនេះ បានជាប់ជ័យលាភីលេខ១ ក្នុងការ​ប្រកួត​គម្រោងកែលម្អទីក្រុងភ្នំពេញ តាមបណ្តោយ​មហាវិថីព្រះមុន្នីវង្ស និង​មហាវិថីព្រះនរោត្តម ដែល​រៀបចំ​ និង​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មហាវិថីព្រះមុន្នីវង្ស គឺជាមហាវិថី​ដែលភ្ជាប់ពីស្ពានព្រះមុន្នីវង្ស ឬស្ពានក្បាលថ្នល់ រហូត​ដល់រង្វង់មូល​ស្ពានជ្រោយចង្វា, នៅ​តាម​បណ្តោយ​មហាវិថីនេះ ពោរពេញ​ដោយ​អគាររដ្ឋ ការិយាល័យ សណ្ឋាគារ និង​កន្លែង​ប្រកបអាជីវកម្ម។ ដោយ​ឡែកមហាវិថីព្រះនរោត្តម តភ្ជាប់ជាមួយ​ស្ពាន​ព្រះមុនីវង្ស ឬស្ពានក្បាលថ្នល់ ទៅកាន់រមណីយដ្ឋានវត្តភ្នំ ដោយឆ្លងកាត់វិមានឯករាជ្យ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មន្ទីរពេទ្យ​ព្រះអង្គឌួង និងទីតាំងវប្បធម៌ប្រវត្តិសាស្រ្តជាច្រើន។

លោក ចន្ធី ម៉ានីរត្ន័

លោក ចន្ធី ម៉ានីរត្ន័ ស្ថាបត្យករ ដែលជាសមាជិកក្រុមទទួលបានជ័យលាភី សម្រាប់គម្រោង “ការរចនាដងផ្លូវមុន្នីវង្ស” មានប្រសាសន៍ថា នៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ជាផ្លូវដែលមានប្រវែងវែង និងជាវិថីដែលមានភាពមហាញឹកខ្លាំង​ព្រោះអ្នកធ្វើដំណើរច្រើន។ ដោយឡែកប្រវែងនៃមហាវិថីព្រះមុន្នីវង្ស ជាផ្លូវដែលបានឆ្លងកាត់សួនច្បារសាធារណៈ និងកន្លែងសំខាន់ៗជាច្រើន ដូចនេះការកែលម្អ និងកែច្នៃបណ្តោយ​មហាវិថីនេះឱ្យស្អាត និងមានសណ្ដាប់ធ្នាប់ឡើងវិញជាអ្វីដែលគួរតែកើតមានឡើងនៅពេលអនាគត។

លោក ម៉ានីរ័ត្ន បន្ថែមថា តាមរយៈ​ការ​ចុះ​ប្រមូលទិន្នន័យ មហាវិថីព្រះមុន្នីវង្សត្រូវ​បានប្រើប្រាស់​ដោយ​មធ្យោបាយធ្វើដំណើរចម្រុះ ក្នុងនោះទោចក្រយានយន្ត​មានចំនួនច្រើន​ជាង​គេរហូត​ដល់ជាង៧០ភាគរយ ខណៈរថយន្ត​មាន​៤០ភាគរយ តែ​ការធ្វើដំណើរ​ដោយ​ថ្មើជើង កង់ និងមធ្យោបាយសាធារណៈ គឺមានចំនួនតិចតួច។ ទិន្នន័យ​ក៏​បានរកឃើញ​ដែរថា បណ្តោយ​មហាវិថីនេះ តែងមានការកកស្ទះចរាចរណ៍​ជាច្រើនចំណុចដូចជានៅ​ម្តុំ​រង្វង់មូលគួចកាណុងក្បែរគល់ស្ពានជ្រោយចង្វា ម្តុំក្បែរ​ផ្សារធំថ្មី ច្រកចូលផ្សារអូរឬស្សីជាដើម។ ដោយ​មើលឃើញ​ពីបញ្ហាទាំងនេះ ទើបគម្រោងរចនាកែលម្អដងផ្លូវព្រះមុន្នីវង្សបានគិតគូរទៅ​លើការដោះស្រាយផ្លូវចរាចរណ៍ដោយការប្រើប្រាស់សេវាសាធារណៈឱ្យបានច្រើនជាងមុន ពោល​គឺបន្ថែមរថយន្ត​ក្រុងសាធារណៈរត់តាម​បណ្តោយផ្លូវ​នេះបន្ថែម លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ធ្វើដំណើរដោយថ្មើជើង ឬជិះកង់ និងបង្កើតទីក្រុងបៃតង ដែលវា​ក៏​នឹង​ចូលរួមកាត់បន្ថយការបំផ្លាញស្រទាប់អូហ្សូនដែលប៉ះពាល់ទៅដល់ផែនដី។

ក្រៅតែពីការ​គិតគូរ​លើ​ការ​ដោះស្រាយ​បញ្ហាចរាចរណ៍ និង​បង្កើតទីក្រុងបៃតង គម្រោង​ រចនាដងផ្លូវព្រះមុន្នីវង្ស របស់ក្រុម​លោក ម៉ានីរ័ត្ន ក៏​បានគិតគូរដល់​ការចូលរួមថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបស់សាធារណរួមឱ្យបានល្អ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនទំនាក់ទំនងជិតស្និតរវាងប្រជាជនក្នុងសហគមន៍ ជាពិសេសនៅក្នុងតំបន់មហាវិថីព្រះមុន្នីវង្សផងដែរ។

លោក តែ ម៉េឡូឌី តំណាង​ក្រុមជ័យលាភីលេខ១ គម្រោង​ “ការរចនាដងផ្លូវព្រះនរោត្ដម” ក៏​បាន​បង្ហាញពីការបំផុសគំនិតបន្ថែមទៅលើរចនាសម្ព័ន្ធនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដែលភ្ជាប់គំនិតថ្មីៗដូចជា បង្កើតសួនស្មៅ ដាំដើមឈើ ឬសួនបៃតងតាមដងផ្លូវ មានការតុបតែងដាំផ្កា និងបន្ថែមតុកៅអីសម្រាកកម្សាន្តសម្រាប់សាធារណៈជន និងភ្ជាប់ដោយផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជិះកង់។ ជាពិសេស ការបន្ថែមគំនិតសំខាន់ និងគួរយកចិត្តទុកដាក់ដូចជា សាលារៀន មន្ទីរពេទ្យ និងចំណតរថយន្តក្រុងសាធារណៈ ដោយមានការបង្ហាញពីក្ដារផ្សព្វផ្សាយនូវព័ត៌មាន ចំណេះដឹងទូទៅផ្សេងៗដែលអាចជាប្រយោជន៍ដល់សាធារណៈជន។

លោក តែ ម៉េឡូឌី

បើតាមលោក ម៉េឡូឌី បច្ចុប្បន្ននេះការប្រើប្រាស់បណ្ដោយផ្លូវព្រះនរោត្តម គឺមិនបានត្រឹម​ត្រូវនោះឡើយ ដោយលោក​សង្កេតឃើញថា កន្លែងខ្លះគេ​បានយកខឿនផ្លូវធ្វើជាកន្លែងចតរថយន្ត និងមិនទាន់ប្រើប្រាស់ផ្លូវឱ្យបានច្រើនអស់ពីលទ្ធភាព ជាពិសេសមិនទាន់ផ្ដល់ឱ្យប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ។

ជាមួយគ្នានេះ ស្ថាបត្យករវ័យក្មេង តែ ម៉េឡូឌី ក៏​បានសម្តែង​ក្តីរំពឹងថា ប្រសិនបើគម្រោងនេះ អាចកើតឡើងបាននៅពេលអនាគតដ៏ខ្លីនេះ លោកគិតថា វាពិតជាប្រសើរ ព្រោះអាចជំរុញឱ្យប្រជាជនខ្មែរដែលរស់​នៅតំបន់ជុំវិញមហាវិថីព្រះនរោត្ដមទទួលបានរស់ជាតិ នៃការរស់នៅបែបថ្មី និងទទួល​បានសុខភាពល្អតាមរយៈការធ្វើលំហាត់ប្រាណ ព្រមទាំងសកម្មភាពមមាញឹកជាច្រើនបែបសហគមន៍។

សូមជំរាបជូនថា គំនិតថ្មីរបស់ស្ថាបត្យករវ័យក្មេងទាំង២ក្រុម ក្នុងការ​កែលម្អ​ទីក្រុងភ្នំពេញ តាម​បណ្តោយ​មហាវិថីព្រះមុន្នីវង្ស និង​មហាវិថីព្រះនរោត្តម ត្រូវបានធ្វើឡើង​ក្នុងឱកាសព្រឹត្តិការណ៍​វិចិត្រ​សាល​ស្ថាបត្យកម្ម​២០២៤ ដែលរៀបចំ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ សហការជាមួយគណៈស្ថាបត្យករ​កម្ពុជា សហភាពសហព័ន្ធយុវជន​កម្ពុជា សមាគមស្ថាបត្យករ នៃកម្ពុជា សមាគមស្ថាបត្យករអង្គរ និង​សមាគមវិនិយោគ សំណង់ និងស្ថាបត្យកម្ម​កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។