រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានប្រកាសពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ដល់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាជាភាសាអង់គ្លេស។ នៅក្នុងក្របខ័ណ្ឌតំបន់អាស៊ាន កម្ពុជាគឺជាប្រទេសតែមួយគត់ដែលមានឈ្មោះក្នុងបញ្ជីទទួលបានសិទ្ធិដាក់ពាក្យក្នុងវគ្គសិក្សានេះ ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បរទេសរបស់សាធារណរដ្ឋឆែក។
កម្រិតសិក្សា និងប្រាក់ឧបត្ថម្ភ
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)៖ រយៈពេលសិក្សា ២ ឆ្នាំ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦,០០០ CZK។
ថ្នាក់បណ្ឌិត (Doctoral/PhD)៖ រយៈពេលសិក្សាពី ៣ ទៅ ៤ ឆ្នាំ (ផ្អែកលើកម្មវិធី និងលក្ខខណ្ឌសាកលវិទ្យាល័យ) ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៤,៩៦០ CZK (អាចមានការកែសម្រួលតាមបទប្បញ្ញត្តិជាក់ស្តែង)។

លក្ខខណ្ឌសំខាន់ៗ
– បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
– បេក្ខជនថ្នាក់បណ្ឌិត ត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
– បេក្ខជនសម្រាប់កម្មវិធីសិក្សាជាភាសាអង់គ្លេស ត្រូវធ្វើ Online English Language Test នៅក្នុងដំណើរការដាក់ពាក្យ ដើម្បីបញ្ជាក់សមត្ថភាពភាសាអង់គ្លេស។
– បេក្ខជនម្នាក់អាចចុះឈ្មោះបាន តែមួយលើក និងដាក់ពាក្យបានតែមួយ។
– ពាក្យសុំត្រូវបានចាត់ទុកថាបំពេញពេញលេញ លុះត្រាតែបេក្ខជនបានបំពេញ Motivation Letter និងតេស្តចាំបាច់ទាំងអស់។
ទន្ទឹមនេះ បេក្ខជន ក៏ត្រូវតែត្រៀម Motivation Letter ឱ្យបានល្អ ព្រោះMotivation Letter គឺជាផ្នែកសំខាន់មួយនៃពាក្យស្នើសុំ។ បេក្ខជនគួរចាប់ផ្តើមរៀបចំជាមុន ដោយផ្តោតលើខ្លឹមសារដែលច្បាស់លាស់ និងមានគោលដៅ ដូចជា៖
– ហេតុអ្វីបានជាចង់សិក្សានៅសាធារណរដ្ឋឆែក?
– ហេតុអ្វីជ្រើសរើសមុខជំនាញ និងកម្មវិធីសិក្សានោះ?
– តើបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនមានភាពពាក់ព័ន្ធយ៉ាងដូចម្តេច?
– តើការសិក្សានេះនឹងជួយដល់គោលដៅអាជីព និងការរួមចំណែកដល់កម្ពុជាយ៉ាងដូចម្តេច?
-គួរសរសេរឱ្យខ្លី ខ្លឹម ច្បាស់ និងមានអត្ថន័យ ជាជាងសរសេរវែងដោយគ្មានចំណុចសំខាន់។

កាលបរិច្ឆេទ និងនីតិវិធីនៃការដាក់ពាក្យ
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយការដាក់ពាក្យត្រូវធ្វើតាមប្រព័ន្ធអេឡិចត្រូនិក ហើយបេក្ខជនត្រូវបំពេញពាក្យស្នើសុំ និងតេស្តចាំបាច់ឱ្យបានពេញលេញ មុនថ្ងៃផុតកំណត់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់បន្ថែមអំពីព័ត៌មានលម្អិត និងបញ្ជីមុខជំនាញតាមរយៈគេហទំព័រផ្លូវការ [MSMT Czech Republic] និងដំណើរការដាក់ពាក្យតាមរយៈគេហទំព័រ [Study in the Czech Republic]៕














































































