រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែលនឹងផ្តល់សមត្ថភាព និងជំនាញប្រកួតប្រជែងដល់យុវជន ផ្គត់ផ្គង់ធនធានមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពកម្រិតអន្តរជាតិដល់វិស័យឧស្សាហកម្មដែលជាកម្លាំងចាំបាច់ក្នុងការសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។
ការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការងារនេះ បានធ្វើឡើងក្នុងឱកាស ដាក់ឱ្យដំណើរការ “ផែនការអភិវឌ្ឍន៍ TVET ផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្ម” សម្រាប់ការឆ្លើយតបនឹងហេតុការណ៍បន្ទាន់នៃគម្រោង “ជំនាញដើម្បីការងារកាន់តែប្រសើរ” (SBJ) កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ដែលមានការចូលរួមពីប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា តំណាង CAMFEBA មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រុមប្រឹក្សាជំនាញតាមវិស័យ និងសហគ្រាសជាដៃគូ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ផែនការអភិវឌ្ឍនេះផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់គ្រឹះស្ថាន TVET ដែលអនុវត្តគម្រោងទាំង៥ តាមរយៈការធ្វើទំនើបកម្មនូវកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបច្ចេកទេស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារទំនើប ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន ដោយមានការចូលរួមពីវិស័យឯកជន។

ឯកឧត្តមបញ្ជាក់ថា ផែនការនេះក៏បង្កើតយន្តការភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា កម្មវិធីបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង កាត់បន្ថយពេលវេលា និងចំណាយក្នុងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងផ្តល់ឱកាសដល់យុវជនទទួលបានការអនុវត្តជាក់ស្តែង ការហាត់ការនៅតាមសហគ្រាស និងជំនាញឯកទេសដែលមានតម្រូវការខ្ពស់ ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងអេឡិចត្រូនិកទំនើប។
ក្នុងដំណាក់កាលអនុវត្តគម្រោង ក្រសួងបានកំណត់អាទិភាពសំខាន់ៗ រួមមាន ៖ ការពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយវិស័យឯកជន, ការធានាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា តាមរយៈអគ្គនាយកដ្ឋាន TVET, ការពង្រឹងវិន័យនិងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តការងាររបស់ក្រុមការងារគ្រប់អង្គភាពពាក់ព័ន្ធ និងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូយូរអង្វែងជាមួយធនាគារពិភពលោក។

ឯកឧត្តមសង្កត់ធ្ងន់ថា ការវិនិយោគលើផលិតភាពធនធានមនុស្ស មានន័យថា ការផ្តល់ជូនយុវជននូវជំនាញដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត ព្រមទាំងបង្កើតឱកាសសិក្សាពេញមួយជីវិត។ នេះគឺជាកត្តាចាំបាច់ជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដែលកាន់តែជះឥទ្ធិពលពីនវានុវត្តឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តកម្លាំងពលកម្មជាសកល។ ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលធ្វើឱ្យគម្រោងនេះដំណើរការដោយរលូននិងទទួលបានជោគជ័យ។
នាឱកាសនោះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា គម្រោងនេះគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា ការលើកកម្ពស់កំណើនសេដ្ឋកិច្ចផ្អែកលើផលិតភាព ការពង្រឹងភាពជាដៃគូរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ TVET និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្មករនិយោជិតដែលងាយរងគ្រោះ។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការគាំទ្រកម្ពុជាលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មកម្លាំងពលកម្ម និងការសម្រេចមហិច្ឆតាសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ជំនាញកាន់តែប្រសើរ ការងារកាន់តែល្អប្រសើរ និងអនាគតកាន់តែរុងរឿងសម្រាប់យុវជនកម្ពុជា៕












































































