វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។
ការផ្តល់ឱកាសសិក្សាដ៏ធំនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។
ជំនាញទាំង ១៤ ដែលវិទ្យាស្ថានបានបើកបណ្តុះបណ្តាល គឺជាជំនាញដែលទីផ្សារការងារកំពុងត្រូវការខ្ពស់ និងមានសក្តានុពលបង្កើតប្រាក់ចំណូលសមរម្យ រួមមានជំនាញអគ្គិសនី បំពង់ទឹក ម៉ាស៊ីនត្រជាក់ ផ្សារដែក ជួសជុលរថយន្ត ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម សំណង់ កសិកម្ម ដេរសម្លៀកបំពាក់ បដិសណ្ឋារកិច្ច និងសេវាកម្មកុំព្យូទ័រ។
លក្ខខណ្ឌក្នុងការចុះឈ្មោះ
- យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ
- មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ
- មានអត្តសញ្ញាណប័ណ្ណខ្មែរ ឬសំបុត្រកំណើត
- មានប័ណ្ណក្រីក្រ១ ក្រីក្រ២ និងប័ណ្ណងាយរងហានិភ័យ
វេនសិក្សា ៖ ថ្ងៃចន្ទដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍អាទិត្យ ព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០, រសៀលពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ និងវេនយប់ ពីម៉ោង ១៧:៣០ ដល់ម៉ោង ២០:៣០។

សម្រាប់ការចុះឈ្មោះ [សូមចុចត្រង់នេះ] ឬទំនាក់ទំនងទៅកាន់វិទ្យាស្ថានផ្ទាល់ដែលមានអាសយដ្ឋាន មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ក្រោយវត្តទឹកថ្លា) ឬតាមរយៈទូរស័ព្ទលេខ 012 766 488៕






























