ការកើនឡើងនៃវីដេអូតុក្កតាបែប AI នៅលើបណ្ដាញសង្គម កំពុងបង្កការព្រួយបារម្ភជុំវិញការរីករាលដាលនៃខ្លឹមសាររើសអើងស្ត្រី និងឥទ្ធិពលអវិជ្ជមានលើកុមារ ខណៈអ្នកជំនាញព្រមានថា ខ្លឹមសារបែបនេះអាចធ្វើឱ្យកុមារតូចៗយល់ខុសអំពីតួនាទី និងភាពស្មើគ្នារវាងភេទនៅក្នុងសង្គម។
អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ Channel News Asia បានលើកឡើងថា វីដេអូ AI ជាច្រើននៅលើបណ្តាញសង្គម TikTok និង YouTube នាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាវីដេអូកំប្លែង ឬប្លែកៗប៉ុណ្ណោះទេ ប៉ុន្តែក៏លាក់បង្កប់សាររើសអើងស្ត្រីផងដែរ។ ខ្លឹមសារទាំងនោះតែងបង្ហាញតួអង្គស្រ្តីក្នុងលក្ខណៈមិនស្មោះត្រង់ ស្រឡាញ់តែលុយ ឬមានចរិតបោកប្រាស់ ដែលអាចជះឥទ្ធិពលដល់ការយល់ឃើញរបស់កុមារអំពីតួនាទី និងទំនាក់ទំនងក្នុងសង្គមជាក់ស្តែង។
អ្នកជំនាញក៏បានព្រមានថា បច្ចេកវិទ្យា AI បានធ្វើឱ្យការផលិតវីដេអូបែបនេះកាន់តែងាយស្រួល និងលឿនជាងមុន។ បើប្រៀបធៀបទៅនឹងអតីតកាល ដែលការផលិតវីដេអូត្រូវការក្រុមការងារ និងពេលវេលាច្រើនថ្ងៃ បច្ចុប្បន្នមនុស្សម្នាក់អាចបង្កើតវីដេអូរាប់សិបក្នុងរយៈពេលតែប៉ុន្មាននាទី ដោយប្រើឧបករណ៍ AI។
ប្រភពដដែលបានបញ្ជាក់ថា ខ្លឹមសារ AI កំពុងកើនឡើងយ៉ាងខ្លាំងនៅលើ YouTube ដោយមានការប៉ាន់ស្មានថា វីដេអូ AI ទាំងនេះទទួលបានការទស្សនារាប់ពាន់លានដង និងបង្កើតចំណូលរាប់លានដុល្លារ។


ទូរទស្សន៍ Channel News Asia ក៏បានបង្ហាញក្តីបារម្ភថា វីដេអូមួយចំនួនត្រូវបានដាក់ស្លាកថាជាមាតិកាសម្រាប់កុមារ ដោយសាររូបភាពមានលក្ខណៈដូចគំនូរជីវចល ប៉ុន្តែនៅក្រោយរូបភាពគួរឱ្យស្រឡាញ់ទាំងនោះ មានសារលាក់បង្កប់អំពីអ្នកណាគួរត្រូវស្តីបន្ទោស អ្នកណាគួរត្រូវទុកចិត្ត និងតួនាទីរបស់បុរស និងស្ត្រីក្នុងសង្គម ដែលអាចប៉ះពាល់ដល់ការយល់ឃើញរបស់កុមារតាំងពីវ័យតូច។
ដោយឡែកនៅកម្ពុជា ការផលិតវីដេអូតុក្កតាបែប AI ក៏កំពុងទទួលបានការពេញនិយមផងដែរ ហើយបច្ចុប្បន្នមានទាំងវគ្គបណ្តុះបណ្តាល និងការបង្រៀនផលិតវីដេអូប្រភេទនេះ។
លោក ហ៊ួត ឆាយយ៉ា អ្នកបង្រៀនផលិតមាតិកាវីដេអូ AI បានប្រាប់ AMS ថា បច្ចុប្បន្នការបង្កើតវីដេអូ 3D តាមរយៈ AI មានភាពងាយស្រួល និងផ្តល់គុណភាពរូបភាពល្អប្រសើរជាងមុន។ លោកបញ្ជាក់ថា ពីមុនការផលិតវីដេអូអាចធ្វើបានត្រឹមទម្រង់ 2D ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន AI អាចបង្កើតវីដេអូ 3D ដែលមានភាពរស់រវើក និងអាចបញ្ចូលភាសាខ្មែរបានផងដែរ។
លោកបានបន្ថែមថា វីដេអូបែប AI កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ YouTube ជាពិសេសក្នុងចំណោមកុមារ។ ទោះយ៉ាងណា លោកក៏ទទួលស្គាល់ថា ខ្លឹមសារមួយចំនួនដែលមិនផ្តោតលើការអប់រំ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់កុមារ។ «វីដេអូតុក្កតា AI មានទាំងផលល្អ និងផលអវិជ្ជមាន។ ប្រសិនបើអ្នកផលិតមិនផ្តោតលើខ្លឹមសារអប់រំ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍ និងការយល់ឃើញរបស់កុមារ»៕





























