កុមារដែលចំណាយពេលច្រើននៅជាមួយអេក្រង់ អាចនាំឱ្យពួកគេមានទម្លាប់មិនល្អសម្រាប់ការរស់នៅតាំងពីវ័យក្មេង ដែលអាកប្បកិរិយាទាំងនោះ អាចស្ដែងឡើងតាមរយៈការងងុយគេងជាប្រចាំ បញ្ហាគៀបសរសៃរវិញ្ញាណកដៃ ភាពតានតឹង និងចុករោយ ក ជាប្រចាំ និងបញ្ហាភ្នែក។ ការស្រាវជ្រាវបានបន្ថែមថា ការប្រើថេបប្លេតញឹកញាប់ ក៏អាចនាំឱ្យកុមារឆាប់ខឹងផងដែរ។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង JAMA Pediatrics បង្ហាញថា កុមារដែលប្រើថេបប្លេតនៅអាយុ ៣ឆ្នាំកន្លះ ងាយនឹងឆាប់ខឹង និងអន់ចិត្ត នៅពេលពួកគេមានអាយុ ៤ឆ្នាំកន្លះ។ ការកើនឡើង នៃកំហឹងនៅអាយុ ៤ឆ្នាំកន្លះ នាំឱ្យកុមារមានទំនោរចង់ប្រើថេបប្លេតកាន់តែច្រើន នៅពេលពួកគេឈានចូលអាយុជិត៦ឆ្នាំ។ លទ្ធផលទាំងនេះបង្ហាញថា ការប្រើប្រាស់ថេបប្លេត ឆាប់ពេកនៅវ័យកុមារ អាចប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងអារម្មណ៍របស់កុមារ។

ក្រុមអ្នកស្រាវជ្រាវ បានសិក្សាលើកុមារ ដែលកំពុងរៀនថ្នាក់មត្តេយ្យសិក្សាចំនួន ៣១៥នាក់ មកពី Nova Scotia ប្រទេសកាណាដា តាមរយៈការតាមដានអាកប្បកិរិយាពួកគេ នៅវ័យ ៣ឆ្នាំ ៤ឆ្នាំ និង៥ឆ្នាំ។ ជាងនេះទៅទៀត ឪពុកម្ដាយបានកត់ត្រាពីកម្រិតនៃកំហឹង និងការខកចិត្តរបស់កូនពួកគេ ដោយប្រើកម្រងសំណួរ ដើម្បីសិក្សាអំពីអាកប្បកិរិយារបស់កុមារ។ ការប្រមូលទិន្នន័យបានធ្វើនៅចន្លោះខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។
សាស្ត្រាចារ្យ Caroline Fitzpatrick និងក្រុមការងាររបស់លោកស្រី មកពីសាកលវិទ្យាល័យ Sherbrooke បានធ្វើការសិក្សាលើបញ្ហាផ្លូវចិត្តរបស់កុមារតូច និងការប្រើប្រាស់ថេបប្លេត។ ការស្រាវជ្រាវរបស់ពួកគេ មានសារៈសំខាន់ ព្រោះមានតែការសិក្សាមួយចំនួនប៉ុណ្ណោះ ដែលធ្វើការសិក្សា អំពីឥទ្ធិពលនៃការប្រើប្រាស់ថេបប្លេត មកលើសមត្ថភាពគ្រប់គ្រងខ្លួនឯង។
តាមរយៈលទ្ធផលនៃការសិក្សា បានបង្ហាញពីទំនាក់ទំនងយ៉ាងសំខាន់រវាងការប្រើប្រាស់ថេបប្លេត និងអារម្មណ៍ខឹងសម្បាររបស់កុមារ ដែលតម្រូវឱ្យអាណាព្យាបាល ត្រូវគ្រប់គ្រងពេលវេលា នៅជាមួយអេក្រង់របស់កុមារឱ្យបានល្អ។ ខណៈវេជ្ជបណ្ឌិត Fitzpatrick បានណែនាំពីគោលការណ៍សាមញ្ញ ចំនួន ៣ ដើម្បីគ្រប់គ្រងទម្លាប់ ប្រើថេបប្លេតរបស់កុមារ ដែលទម្លាប់ទាំងនោះមានដូចជា ៖
១. ពន្យាពេលប្រើស្មាតហ្វូន និងបណ្ដាញសង្គម ៖ ឪពុកម្ដាយ ត្រូវជៀសវៀងការអនុញ្ញាតឱ្យកុមារប្រើស្មាតហ្វូន និងប្រព័ន្ធផ្សព្វផ្សាយសង្គម នៅវ័យក្មេងពេក ហើយត្រូវរង់ចាំរហូតដល់ពេលវេលាចាំបាច់បំផុត។

២. ជៀសវៀងការប្រើឧបករណ៍អេឡិចត្រូនិចតូចៗ ៖ អាណាព្យាបាលត្រូវជៀសវៀងការអនុញ្ញាតឱ្យកុមារប្រើឧបករណ៍អេឡិចត្រូនិចតូចៗ ដូចជា នាឡិកា កាមេរ៉ា ឬដ្រូនជាដើម។
៣. ជជែកជាមួយកុមារពីផលប៉ះពាល់នៃបណ្ដាញសង្គម ៖ ឪពុកម្ដាយ ឬអាណាព្យាបាល អាចនិយាយជាមួយកុមារអំពីផលប៉ះពាល់នៃបណ្ដាញសង្គម និងការប្រើប្រាស់របស់វា ដើម្បីបង្កើនការយល់ដឹងដល់ពួកគេ៕






























