បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យតេជោហ៊ុនសែនក្រាំងអំពិល ខេត្តកំពត ក្នុងនាមជាម្តាយមួយរូប បានសម្រេចក្ដីស្រមៃរបស់ខ្លួន​រៀបចំបណ្ណាល័យនៅផ្ទះ ដែល​រួមចំណែកបណ្ដុះទម្លាប់អានរបស់កូនតាំងពីក្មេង។

អ្នកស្រី ចាន់ ភ័ត្រា មានប្រសាសន៍ថា កត្តាជំរុញចិត្តឱ្យអ្នកស្រីបង្កើតបណ្ណាល័យនៅផ្ទះ ដោយសារមានក្តីស្រមៃចង់ឱ្យកូនៗមានបណ្ណាល័យនៅផ្ទះ និងបន្ទប់សម្រាប់សិក្សា ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ ព្រមទាំងបង្កបរិយាកាសគរុកោសល្យឱ្យកូនៗចង់អាន ចង់រៀន ចង់បណ្តុះទម្លាប់អានឱ្យកូនៗ គាំទ្រ និងចូលរួមលើកកម្ពស់អំណានតាមផ្ទះ។

អ្នកស្រី ចាន់ ភ័ត្រា បន្ថែមថា បណ្ណាល័យនៅផ្ទះ ជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ជួយពង្រឹងការអានរបស់កុមារ ជួយឱ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅ ជួយឱ្យកុមារឧស្សាហ៍ និងធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ។ ទន្ទឹមគ្នានេះ ជួយឱ្យកុមារចេះជួយមិត្តភ័ក្ដិ និងអ្នកជុំវិញខ្លួន ជួយឱ្យកុមារស្គាល់អ្វីថ្មីៗ តាមរយៈសៀវភៅ ព្រោះសៀវភៅនីមួយៗមានការច្នៃប្រឌិតគួបផ្សំនឹងតម្លៃអប់រំផ្សេងៗគ្នាជួយបង្កើនភាពអំណត់។

«ក្នុងនាមខ្ញុំជាម្តាយម្នាក់ និងជាគ្រូបង្រៀនម្នាក់ផងដែរ ខ្ញុំចង់ធ្វើជាគម្រូដល់អ្នកជុំវិញ និងជម្រុញឱ្យមានការបណ្តុះវប្បធម៌អាននៅក្នុងសង្គមកាន់តែច្រើនដើម្បីបណ្តុះធនធានល្អៗសម្រាប់សង្គមជាតិ»

អ្នកស្រី ចាន់ ភ័ត្រា

អ្នកស្រី ចាន់ ភ័ត្រា បន្ថែមថា តាមការស្រាវជ្រាវបង្ហាញថា កុមារដែលអានសៀវភៅច្រើន មានភាពអំណត់ខ្ពស់ជាងកុមារដែលមិនសូវអានសៀវភៅ។ ទន្ទឹមគ្នានេះ ការអានសៀវភៅ មិនសូវមានពេលមើលទូរស័ព្ទ និងទូរទស្សន៍ ជួយឱ្យការគ្រប់គ្រប់អារម្មណ៍បានល្អ ជាពិសេសពេលខឹង និងពេលមិនសប្បាយចិត្ត។ ជាពិសេស ការអានជាសកម្មភាពល្អមួយក្នុងចំណោមសកម្មភាពផ្សេងៗក្នុងការគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់ បង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ បង្កើនការចងចាំ ជួយឱ្យការវិភាគ វាយតម្លៃបានកាន់តែល្អប្រសើរ ជួយឱ្យមានទស្សនៈវិជ្ជមាន សុទិដ្ឋិនិយម ជួយឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទទួលបានចំណេះដឹងបន្ថែម និងបទពិសោធថ្មីៗ បណ្តុះគំនិត “ការអានជាការកំសាន្ត” ហើយយើងអាចអានបាននៅពេលទំនេរពីការសិក្សា ឬការងារ។

បើតាមអ្នកស្រី ភ័ត្រា អ្នកស្រីចាប់ផ្ដើមអានសៀវភៅឱ្យកូនស្តាប់តាំងពីកូននៅក្នុងផ្ទៃ គឺអំឡុងពេលពរពោះបានប្រហែល១៨សប្តាហ៍ រហូតដល់ពេលសម្រាល ហើយក្រោយសម្រាលក៏នៅបន្តអានសៀវភៅឱ្យកូនស្ដាប់រហូត។ អ្នកស្រីបន្តថា ក្រោយសម្រាលរួច កូនៗនៅតូចយើងអាចចាប់ផ្តើមបង្រៀនកូនៗឱ្យចូលចិត្តសៀវភៅដោយឱ្យកូនលេងសៀវភៅដែលមានទំហំតូចៗសាកសមនឹងដៃ, កូនងាយចាប់កាន់, ជ្រើសរើសសៀវភៅប្រភេទក្រណាត់ ដែលពេលគាត់ចាប់កាន់ទៅបញ្ចេញសំឡេង, ឱ្យគាត់កាន់លេង ឬកាន់/ច្របាច់ឱ្យគាត់ស្តាប់ឮហើយអាន និងនិយាយជាមួយកូន។ យើងអាចចាប់ផ្តើមពីសៀវភៅដែលមានរូបពណ៌សខ្មៅសិន ទើបបន្តពណ៌ផ្សេងៗតាមក្រោយ។

អ្នកស្រី ចាន់ ភ័ត្រា លើកឡើងទៀតថា ពេលងូតទឹកឱ្យកូន អ្នកស្រីក៏​តែងជ្រើសរើសសៀវភៅក្រណាត់ និងសៀវភៅប្លាស្ទិកឱ្យកូនកាន់លេងបណ្តើរងូតទឹកបណ្តើរ ព្រោះសៀវភៅប្រភេទនោះអាចសើមឬត្រាំទឹកបាន មិនខូច។ ទន្ទឹមគ្នានេះ អ្នកស្រីតែងតែចំណាយពេលអានជាមួយកូនៗ ព្រមទាំងឱ្យកូនៗជ្រើសសៀវភៅដែលគេចង់អាន បង្កើតបរិយាកាសសប្បាយៗពេលអាន ត្រាប់តាមសាច់រឿង ធ្វើសំឡេងតួអង្គក្នុងរឿងឱ្យខុសៗគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងឱ្យកូនៗងាយយល់សាច់រឿង។ ម៉្យាងវិញទៀត ធ្វើជាគម្រូដល់កូនៗជាប្រចាំ ដោយយកសៀវភៅមកអាននៅពេលទំនេរ និងនៅពេលមានអារម្មណ៍មិនសូវល្អ ដើម្បីឱ្យកូនៗឃើញថា ការអានសៀវភៅ អាចជួយឱ្យអារម្មណ៍យើងស្ងប់បាន ហើយវាក៏អាចចាត់ទុកជាការកម្សាន្តផងដែរ។

អ្នកស្រី ភ័ត្រា បន្ថែមថា ការជ្រើសរើសសៀវភៅឱ្យបានត្រឹមត្រូវទៅតាមវ័យរបស់កូន ក៏រួមចំណែក​អាចជួយឱ្យកូនចូលចិត្តអានផងដែរ ។ អ្នកស្រីបន្តថា ការអនុញ្ញាតឱ្យកូនលេង និងរស់នៅជាមួយសៀវភៅតាំងពីតូចអាចជួយបណ្តុះគំនិតឱ្យគាត់ស្រឡាញ់សៀវភៅ និងចូលចិត្តអានផង មានន័យថា ដាក់សៀវភៅនៅគ្រប់ទីកន្លែងដែលគាត់អាចមើលឃើញ និងងាយយក។ បើកូននៅតូចៗ ដាក់សៀវភៅឱ្យគាត់អាចមើលឃើញរូបភាពលើក្របសៀវភៅក៏អាចទាក់ទាញឱ្យគាត់ចាប់អារម្មណ៍ចង់អានដែរ។ បើដាក់សៀវភៅគ្រប់កន្លែង មានរូបភាពពណ៌ស្អាតៗទាក់ទាញ ចេញឃើញចូលឃើញ មិនយូរទេគាត់ប្រាកដជាចាប់អារម្មណ៍ចង់អានសៀវភៅខ្លះមិនខាន។

បណ្ណាល័យនៅផ្ទះ លើកទម្លាប់អានសៀវភៅរបស់កូន។

អ្នកស្រី ចាន់ ភ័ត្រា លើកឡើងថា ជាឪពុកម្ដាយមិនត្រូវបង្ខំកូន គឺកូនអាចជ្រើសរើសពេលវេលា និងសៀវភៅដែលពួកគាត់ចង់អាន ប៉ុន្តែយើងអាចបង្កើតទម្លាប់ដដែលៗឱ្យកូន ដូចជា អានសៀវភៅមុនគេង ឬទម្លាប់អានពេលណាមួយដដែលៗជាប្រចាំ ព្រោះក្មេងរៀនតាមអ្វីដែលធ្វើដដែលៗជាប្រចាំ។ បើម្តងអានម៉ោងនេះ ម្តងអានម៉ោងនោះ ប្រែប្រួលរហូតក៏ពិបាកបណ្តុះទម្លាប់ដែរ។ ម៉្យាងទៀត ឪពុកម្ដាយក៏អាចទិញសៀវភៅជូនជាអំណោយដល់កូនៗនាឱកាសពិសេស ដូចជា ខួបកំណើត ឬជារង្វាន់នៅពេលកូនៗធ្វើអ្វីមួយបានល្អ។

អ្នកម្តាយ​ដែលគិតអំពីសារៈសំខាន់​នៃកា​រអានរូបនេះ​បន្ថែមថា នៅពេលរៀបចំបណ្ណាល័យនៅផ្ទះដូច្នេះ វាក៏ធ្វើឱ្យទាំងក្មួយ ក៏​ដូចជាក្មេងៗជិតខាង និងកូនរបស់មិត្តភក្តិអ្នកស្រី តែងតែសុំមកលេងផ្ទះអ្នកស្រី និងចូលអានសៀវភៅជាមួយកូនៗអ្នកស្រី។ អ្នកស្រីសង្កេតឃើញថា ពួកគាត់សប្បាយជាមួយគ្នា អានជាមួយគ្នា និងចូលចិត្តសៀវភៅ ហើយការអានរបស់គាត់ក៏បានស្ទាត់ជាងមុនដែរ។ លើសពីនេះទៅទៀត ពួកគាត់អាចយល់សាច់រឿង និងបានចេះ ស្គាល់ នូវអ្វីថ្មីៗជាច្រើន បន្ថែមលើអ្វីដែលគាត់បានរៀននៅសាលា។

ជាមួយគ្នានេះដែរ អ្នកស្រី ចាន់ ភ័កត្រា ក៏សូមលើកទឹកចិត្តដល់ឪពុកម្តាយគ្រប់រូប គួរ​រៀបចំបណ្ណាល័យនៅផ្ទះឱ្យកូនៗទៅតាមលទ្ធភាពដែលអាចធ្វើបាន មិនថាទ្រង់ទ្រាយបែបណានោះទេ ដើម្បីបណ្តុះវប្បធម៌អានឱ្យបានកាន់តែច្រើន ព្រោះអំណានជួយលើកកម្ពស់គុណភាពជីវិតរបស់កូនៗយើងឱ្យរស់នៅបានកាន់តែល្អប្រសើរ។ អ្នកស្រីបន្តថា សម្រាប់កុមារ ការអានមិនមែនត្រឹមតែរៀនឱ្យចេះអាននោះទេ ព្រោះមានសៀភៅរឿងនិទានជាច្រើនដែលមានគុណតម្លៃ អាចឱ្យកុមារស្វែងយល់ពីអារម្មណ៍របស់ពួកគាត់បានតាមរយៈសាច់រឿង និងតួអង្គ។ ការអានអាចជួយកុមារលូតលាស់ផ្នែកសង្គមអារម្មណ៍ បង្កើនទំនាក់ទំនងល្អ ចេះគ្រប់គ្រងអារម្មណ៍ និងចេះវិភាគ ដោះស្រាយបញ្ហាបានល្អ។ «កូនៗនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិយើង, ប្រទេសយើងនឹងកាន់តែរីកចម្រើននៅពេលមានធនធានល្អៗកាន់តែច្រើន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...