រយៈពេល ៣៣ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅតែឈររឹងមាំជាច្បាប់កំពូលរបស់កម្ពុជា ដោយបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាតិ និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ នេះបើតាមការលើកឡើងរបស់បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ខណៈថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប ៣៣ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានប្រាប់ AMS ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ តាមរយៈការបោះឆ្នោតជាសកលក្នុងឆ្នាំ១៩៩៣ ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ប្រទេស។

លោកបណ្ឌិតបានលើកឡើងថា ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមក រដ្ឋធម្មនុញ្ញបានកំណត់ និងធានានូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ រួមមាន សិទ្ធិធ្វើដំណើរ សេរីភាពខាងជំនឿសាសនា សិទ្ធិបង្កើតគណបក្សនយោបាយ សហជីព សមាគម និងអង្គការ ព្រមទាំងសិទ្ធិជួបប្រជុំ ប្រមូលផ្តុំ បញ្ចេញមតិ បោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ស្របតាមច្បាប់។
តាមការលើកឡើងរបស់អ្នកនាំពាក្យ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលកន្លងមក បានរួមចំណែកដល់ការរក្សាស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍប្រទេស។
លោកបានបន្តថា ទោះបីកម្ពុជាប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ និងបញ្ហាឆបោកតាមអនឡាញក៏ដោយ លោកយល់ថា ការអនុវត្តរដ្ឋធម្មនុញ្ញនៅតែបន្តធ្វើឡើងតាមក្របខ័ណ្ឌច្បាប់ជាតិ និងការគោរពច្បាប់អន្តរជាតិ។
ជំរុញយុវជនសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញ
ចំពោះការចូលរួមរបស់យុវជន លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ការសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញមានសារៈសំខាន់ ព្រោះយុវជនជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់សង្គម។
លោកបានបញ្ជាក់ថា ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញជួយឱ្យយុវជនស្គាល់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន យល់ពីគោលការណ៍គ្រឹះនៃរដ្ឋ គោរពច្បាប់ និងសិទ្ធិរបស់អ្នកដទៃ ព្រមទាំងចូលរួមក្នុងសង្គមដោយសន្តិវិធី និងមានការទទួលខុសត្រូវ។

លោកបានបន្ថែមថា យុវជនអាចចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញទៅកាន់មិត្តភក្តិ គ្រួសារ សាលារៀន និងសហគមន៍ ដើម្បីជួយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់កំពូលរបស់ប្រទេស និងលើកកម្ពស់វប្បធម៌គោរពច្បាប់។
ជារួម លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ការបន្តសិក្សា គោរព និងការពាររដ្ឋធម្មនុញ្ញ គឺជាមូលដ្ឋានសម្រាប់ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស ព្រមទាំងជួយឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន៕










































































