តើការអានសៀវភៅនៅកន្លែងសាធារណៈជារឿងខ្មាសគេរបស់យុវជនមែនដែរ ឬទេ ?

ការអានសៀវភៅ ជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងការបណ្ដុះផ្នត់គំនិត និងការសម្រេចចិត្តបានត្រឹមត្រូវ ។ ទន្ទឹមគ្នានេះ ការអានសៀវភៅ មិនប្រកាន់កន្លែង និងពេលវេលានោះឡើយ មិនថា ការអាននៅក្នុងបណ្ណាល័យ អានក្នុងបន្ទប់ អាននៅទីសាធារណៈដេលមានកន្លែងអង្គុយនៅក្រោមដើមឈើ ឬនៅទីប្រជុំជននោះឡើយ។

យ៉ាងណាមិញ ការអានសៀវភៅនៅទីកន្លែងសាធារណៈ ក្នុងចំណោមយុវជនកម្ពុជានៅមានកម្រិតនៅឡើយ ។ តើកត្តាអ្វី​ដែលនាំឱ្យយុវជនមិនសូវអានសៀវភៅនៅកន្លែងសាធារណៈ ? តើអាចបណ្ដាលមកពីការខ្មាសអៀន ឬយ៉ាងណា ?

កញ្ញា ឡាក់ ស៊ីវចេង សមាជិកនៃបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និយាយថា សម្រាប់កញ្ញាចូលចិត្តអានសៀវភៅនៅតាមទីសាធារណៈដែលមានកន្លែងអង្គុយ មានដើមឈើត្រជាក់ និងមិនសូវមានមនុស្សអ៊ូអរ ព្រោះតែកញ្ញាចូលចិត្តអានសៀវភៅដោយបញ្ចេញសំឡេងឮៗ ដូច្នេះ ពិបាកអាននៅក្នុងបណ្ណាល័យ ឬអាននៅតាមទីសាធារណៈដែលមានមនុស្សច្រើន ដែលអាចរំខានដល់អ្នកដទៃ។

ជាអារម្មណ៍ផ្ទាល់របស់ ស៊ីវចេង នៅពេលអានសៀវភៅតាមទីសាធារណៈដំបូង កញ្ញាធ្លាប់មានអារម្មណ៍ថាចម្លែក ដោយមើលឃើញថា អ្នកដែលដើរកាត់ ឬមើលមកហាក់ដូចជាខ្លនខុសប្លែកពីគេ។ កញ្ញា ឡាក់ ស៊ីវចេង បន្តថា ដើម្បីជំនះការយល់ខុសរបស់អ្នកជុំវិញខ្លួនមកលើការអានសៀវភៅ កញ្ញាព្យាយាមបន្តសកម្មភាពអានដដែល ព្រោះការអានបង្ហាញអំពីទម្លាប់ល្អ ប្រសិនបើយើងមានទម្លាប់ល្អក្នុងការអាន នឹងផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកដទៃចំពោះយើងមិនខាន។

កញ្ញា ឡាក់ ស៊ីវចេង បន្ថែមថា ការអានសៀវភៅនៅទីណាមិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអាស្រ័យលើចំណាប់អារម្មណ៍ និងចូលចិត្តអានរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះអានសៀវភៅចូលនៅកន្លែងដែលមានមនុស្សអ៊ូអរ មានសួនច្បារ ឬមានខ្យល់អាកាសបរិសុទ្ធ អ្នកខ្លះចូលចិត្តអាននៅកន្លែងស្ងាត់។ ដូច្នេះទម្លាប់នៃការអានសៀវភៅរបស់មនុស្សម្នាក់ៗខុសៗគ្នាទៅតាមបរិយាកាសដែលពួកគេបានចាប់យកអត្ថន័យនៅក្នុងសៀវភៅ នាំឱ្យចូលចិត្តទៅអាននៅតាមទីកន្លែងដែលគេពេញចិត្ត អានឆាប់យល់ អានបានលឿន និងមានអារម្មណ៍ល្អនៅពេលអានសៀវភៅ។

កញ្ញា ទ្រី ស្រីលក្ខ អ្នកនិពន្ធធុរកិច្ចនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយ

សម្រាប់ កញ្ញា ទ្រី ស្រីលក្ខ អ្នកនិពន្ធធុរកិច្ចនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយ​ និយាយថា ជាធម្មតានៅពេលទំនេរ កញ្ញាតែងតែទាញសៀវភៅដែលចូលចិត្តយកមកអានតែម្ដង មិនថានៅផ្ទះ ឬក៏នៅកន្លែងសាធារណៈក៏ដោយ។ បើតាម ស្រីលក្ខ រវាងកន្លែងស្ងប់ស្ងាត់ និងទីសាធារណៈ គឺកញ្ញាចូលចិត្តអាននៅទីកន្លែងស្ងាត់ជាង ព្រោះកន្លែងស្ងាត់អាចជួយឱ្យផ្ដោតអារម្មណ៍អានបានល្អ។

កញ្ញា ទ្រី ស្រីលក្ខ បញ្ជាក់ថា ពេលកញ្ញាអានសៀវភៅនៅទីកន្លែងសាធារណៈ មិនធ្លាប់ទទួលពាក្យដែលគេនិយាយថា ជោរ ឬពាក្យសម្ដីអវិជ្ជមានណាមួយទាក់ទងនឹងការអានសៀវភៅនោះទេ គឺគ្រាន់តែពេលខ្លះមានគេមើលមុខ, តែយ៉ាងណា​សម្រាប់ ស្រីលក្ខ យល់ថា ការមើលមុខនេះ មិនមែនជាការសើចចំអក ឬមិនពេញចិត្តនោះទេ គ្រាន់តែអ្នកខ្លះអាចឆ្ងល់ថា ហេតុអ្វីយើងចេញមកខាងក្រៅ ហើយអត់ធ្វើសកម្មភាពដែលយុវជនមួយចំនួនទៀតធ្វើ ដូចជាចុចទូរស័ព្ទ តែបែរជាកាន់សៀវភៅអានទៅវិញ។

លោក ឡាំ ឡាយ ស្ថាបនិកដឹកនាំអំណានយុវជន និងជាអ្នកនិពន្ធមួយរូប មានប្រសាសន៍ថា ចំពោះការអានសៀវភៅ មិនថានៅទីកន្លែងសាធារណៈ ឬកន្លែងស្ងប់ស្ងាត់ លោកចូលចិត្តអានសៀវភៅដូចគ្នា គឺអាស្រ័យលើស្ថានភាពនៃការផ្ដោតអារម្មណ៍។

ស្ថាបនិកដឹកនាំអំណានយុវជន បញ្ជាក់បន្ថែមថា កាលនៅរៀនថ្នាក់មហាវិទ្យាល័យ លោកធ្លាប់កាន់សៀវភៅអាននៅក្នុងទីធ្លាសិក្សាដែលមានបង់អង្គុយលេង គឺសូម្បីតែសិស្សគ្នាឯងក៏គិតថាលោកចម្លែកដែរ និងទទួលបានអារម្មណ៍ថា ខ្លួនឯងដូចជាត្រឹមត្រូវណាស់ទាំងដែលគេកាន់ទូរស័ព្ទដៃចុចលេងគ្រប់គ្នា។ លោក ឡាំ ឡាយ បន្តថា នៅពេលធ្វើដំណើរតាមរថយន្តក្រុងទៅខេត្តម្ដងៗ គឺលោកតែងយកសៀវភៅមកអាន។ រីឯអ្នកអង្គុយក្បែរខ្លួន បង្ហាញឥរិយាបទមកថា យើងប្រឹងសម្ដែង។ “ពេលខ្លះមិនចាំបាច់ទទួលពាក្យសម្ដីពីគេ ត្រឹមទទួលអារម្មណ៍ ទទួលក្រសែភ្នែកគេ យើងដឹងថា គេមានចេតនាគិតអ្វី? ប៉ុន្តែបើគេគិតអ្វីក៏ឱ្យគេគិតចុះ យើងបន្តអានដដែល”។

លោក ឡាំ ឡាយ បន្តថា បើក្រឡេកទៅមើលកាលពី៦ឆ្នាំមុន លោកមានអារម្មណ៍ខ្មាស់ដែរនៅពេលអានសៀវភៅនៅកន្លែងសាធារណៈ ប៉ុន្តែបន្តិចម្ដងៗលោកមានអារម្មណ៍ថា លោកគឺជាគំរូដ៏ល្អវិញ ដោយសារអារម្មណ៍ខ្មាស់អៀនជាអារម្មណ៍អវិជ្ជមាន ប៉ុន្តែបើយើងគិតថាជាគំរូនោះនឹងប្រសើរ ត្បិតថា យើងធ្វើមិនទាន់បានល្អ យ៉ាងហោចណាស់ក៏គេអាចមើលឃើញយើងក្នុងជ្រុងណាមួយដែលជារូបភាពវិជ្ជមានណាមួយក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកដទៃ។

តើត្រូវធ្វើបែបណាដើម្បីឱ្យរូបភាពល្អនៃការអានសៀវភៅមានឥទ្ធិពលចំពោះរូបភាពអវិជ្ជមានផ្សេងទៀត?

កញ្ញា ឡាក់ ស៊ីវចេង លើកឡើងថា ការអានសៀវភៅ មិនមែនអានដើម្បីតែខ្លួនយើងមួយមុខនោះទេ គឺអានដើម្បីគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងផងដែរ ដោយសារការអានបានជំរុញឱ្យយើងទទួលបានចំណេះដឹងថ្មីៗ បានយល់ពីបរិបទសង្គម បង្កើនការគិតបែបស៊ីជម្រៅ និងមិនងាយវិនិច្ឆ័យអ្វីមួយភ្លាមៗនោះទេ។ កញ្ញា ស៊ីវចេង បន្តថា យើងត្រូវបន្តសកម្មភាពអាន ហើយព្យាយាមបង្ហាញទៅអ្នកជុំវិញដែលមើលមកយើងក្នុងរូបភាព ជោរ ឬបែបណាមួយ ដោយបង្ហាញថា ការអានជាទម្លាប់មួយដ៏ល្អសម្រាប់យើង ឱ្យយើងបានយល់ពីអត្ថន័យនៃសៀភៅ ឱ្យស្វែងយល់ពីចំណេះដឹងថ្មីៗពីសៀវភៅ និងជំរុញការគិតឱ្យកាន់តែស៊ីជម្រៅ។

“ការអានមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះ សូមបង្កើនទម្លាប់នៃការអាន ការកត់ត្រា នៅពេលនោះយើងនឹងអាចរៀនអ្វីបានថ្មីៗ និងមើលឃើញពិភពលោកកាន់តែស្រស់បំព្រងជាងមុន ជាងពេលយើងមិនទាន់មានទម្លាប់អាន។ ទន្ទឹមគ្នានេះ ការអាន បានជំរុញឱ្យយើងជាផ្នែកមួយនៃដំណោះស្រាយនៃសង្គម”។ កញ្ញា ឡាក់ ស៊ីវចេង បន្ថែម។

សម្រាប់កញ្ញា ទ្រី ស្រីលក្ខ លើកឡើងថា ការអានសៀវភៅ មិនថាអាននៅកន្លែងសាធារណៈ កន្លែងស្ងប់ស្ងាត់ ឬទីប្រជុំជន គឺផ្ដល់ប្រយោជន៍ និងចំណេះដឹងដល់យើងដូចគ្នា ប៉ុន្តែបើយើងអាននៅកន្លែងសាធារណៈ ឬទីប្រជុំជន វាមិនត្រឹមតែផ្ដល់ប្រយោជន៍ និងចំណេះដឹងដល់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបានមួយផ្នែកក្នុងការបណ្ដុះវប្បធម៌នៃការអាននៅក្នុងសង្គមយើងទៀត។ កញ្ញាលើកឧទាហរណ៍ថា បើយើងអានសៀវភៅនៅកន្លែងសាធារណៈដែលមានមនុស្ស២០ ទៅ៣០នាក់ ឬរាប់សិបនាក់ ដើរកាត់យើង យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ក្រឡេកមើលយើង ហើយយកសកម្មភាពអានរបស់យើងទៅគិតបន្តិចដែរ។

ស្រីលក្ខ បញ្ជាក់ថា ការអានសៀវភៅមិនថាអានជាប្រភេទសៀវភៅអេឡិចត្រូនិច ឬជាប្រភេទសៀវភៅធម្មតា គឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់មនុស្សគ្រប់វ័យ។ ស្រីលក្ខ ក៏បានលើកទឹកចិត្តឱ្យយុវជនចាប់ផ្ដើមបង្កើតទម្លាប់អានសៀវភៅ ទោះជាមួយថ្ងៃអានបានមួយទំព័រក៏ដោយ ទម្លាប់ល្អកើតចេញពីការអនុវត្តសកម្មភាពតូចៗដដែលៗរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើចង់បង្កើតទម្លាប់អានត្រូវតែអានរាល់ថ្ងៃ។

លោក ឡាំ ឡាយ លើកឡើងដែរថា ដើម្បីឱ្យរូបភាពល្អមានឥទ្ធពលលើរូបភាពអវិជ្ជមាន គឺត្រូវបង្កើនគុណភាព និងសមត្ថភាពខ្លួនឯងឱ្យខ្ពស់ ធ្វើយ៉ាងណាបង្ហាញឱ្យចេញជាលទ្ធផល ដូចជា អានសៀវភៅជួយអ្នកយកឈ្នះការបាក់ទឹកចិត្ត, អានសៀវភៅជួយបង្កើតគោលដៅ និងក្ដីស្រមៃសម្រាប់ខ្លួនឯង, ការអានសៀវភៅ ជួយឱ្យការរកស៊ីរីកចម្រើនជាដើម។

ស្ថាបនិកដឹកនាំអំណានយុវជន បន្ថែមថា ក្នុងសង្គមមួយយុវជនមិនអាចរីកចម្រើនបាននោះទេ ប្រសិនមិនបានកាន់សៀវភៅអាន។ ទន្ទឹមគ្នានេះ ប្រសិនយុវជនមិនកាន់សៀវភៅអានទេ គឺពិបាកនឹងដឹកនាំខ្លួនឯងទៅកន្លែងដែលខ្លួនឯងចង់ទៅ និងក្ដីស្រមៃដែលខ្លួនឯងចង់បាន។ យ៉ាងណាមិញ បើយុវជនមិនអាចនាំខ្លួនឯងទៅកន្លែងដែលចង់ទៅបាន សង្គមក៏ពិបាកនឹងឱ្យយើងនាំទៅដែរ។ ដូច្នេះ ប្រសិនជាយុវជនស្រឡាញ់ខ្លួនឯង ស្រឡាញ់សង្គមជាតិ ត្រូវកាន់សៀវភៅអាន ប៉ុន្តែបើគិតថា ខ្លួនឯងចេះគ្រប់គ្រាន់ហើយ ខ្លួនឯងពូកែហើយក៏តាមការសម្រេចចិត្ត។

មិនថាការអានសៀវភៅនៅក្នុងបន្ទប់ បណ្ណាល័យ ឬនៅតាមសួនកម្សាន្តសាធារណៈ សុទ្ធតែផ្ដល់ចំណេះដឹងដល់អ្នកអាន។ យ៉ាងណាមិញ ប្រសិនយុវជនធ្លាប់មានអារម្មណ៍ខ្មាសក្នុងការអានសៀវភៅនៅតាមទីសាធារណៈ សូមចងចាំថា ផ្ដើមចេញពីយើងក្នុងការធ្វើជាគំរូល្អក្នុងចំណោមសកម្មភាពអវិជ្ជមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)