តើការអានសៀវភៅនៅកន្លែងសាធារណៈជារឿងខ្មាសគេរបស់យុវជនមែនដែរ ឬទេ ?

ការអានសៀវភៅ ជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងការបណ្ដុះផ្នត់គំនិត និងការសម្រេចចិត្តបានត្រឹមត្រូវ ។ ទន្ទឹមគ្នានេះ ការអានសៀវភៅ មិនប្រកាន់កន្លែង និងពេលវេលានោះឡើយ មិនថា ការអាននៅក្នុងបណ្ណាល័យ អានក្នុងបន្ទប់ អាននៅទីសាធារណៈដេលមានកន្លែងអង្គុយនៅក្រោមដើមឈើ ឬនៅទីប្រជុំជននោះឡើយ។

យ៉ាងណាមិញ ការអានសៀវភៅនៅទីកន្លែងសាធារណៈ ក្នុងចំណោមយុវជនកម្ពុជានៅមានកម្រិតនៅឡើយ ។ តើកត្តាអ្វី​ដែលនាំឱ្យយុវជនមិនសូវអានសៀវភៅនៅកន្លែងសាធារណៈ ? តើអាចបណ្ដាលមកពីការខ្មាសអៀន ឬយ៉ាងណា ?

កញ្ញា ឡាក់ ស៊ីវចេង សមាជិកនៃបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និយាយថា សម្រាប់កញ្ញាចូលចិត្តអានសៀវភៅនៅតាមទីសាធារណៈដែលមានកន្លែងអង្គុយ មានដើមឈើត្រជាក់ និងមិនសូវមានមនុស្សអ៊ូអរ ព្រោះតែកញ្ញាចូលចិត្តអានសៀវភៅដោយបញ្ចេញសំឡេងឮៗ ដូច្នេះ ពិបាកអាននៅក្នុងបណ្ណាល័យ ឬអាននៅតាមទីសាធារណៈដែលមានមនុស្សច្រើន ដែលអាចរំខានដល់អ្នកដទៃ។

ជាអារម្មណ៍ផ្ទាល់របស់ ស៊ីវចេង នៅពេលអានសៀវភៅតាមទីសាធារណៈដំបូង កញ្ញាធ្លាប់មានអារម្មណ៍ថាចម្លែក ដោយមើលឃើញថា អ្នកដែលដើរកាត់ ឬមើលមកហាក់ដូចជាខ្លនខុសប្លែកពីគេ។ កញ្ញា ឡាក់ ស៊ីវចេង បន្តថា ដើម្បីជំនះការយល់ខុសរបស់អ្នកជុំវិញខ្លួនមកលើការអានសៀវភៅ កញ្ញាព្យាយាមបន្តសកម្មភាពអានដដែល ព្រោះការអានបង្ហាញអំពីទម្លាប់ល្អ ប្រសិនបើយើងមានទម្លាប់ល្អក្នុងការអាន នឹងផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកដទៃចំពោះយើងមិនខាន។

កញ្ញា ឡាក់ ស៊ីវចេង បន្ថែមថា ការអានសៀវភៅនៅទីណាមិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអាស្រ័យលើចំណាប់អារម្មណ៍ និងចូលចិត្តអានរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះអានសៀវភៅចូលនៅកន្លែងដែលមានមនុស្សអ៊ូអរ មានសួនច្បារ ឬមានខ្យល់អាកាសបរិសុទ្ធ អ្នកខ្លះចូលចិត្តអាននៅកន្លែងស្ងាត់។ ដូច្នេះទម្លាប់នៃការអានសៀវភៅរបស់មនុស្សម្នាក់ៗខុសៗគ្នាទៅតាមបរិយាកាសដែលពួកគេបានចាប់យកអត្ថន័យនៅក្នុងសៀវភៅ នាំឱ្យចូលចិត្តទៅអាននៅតាមទីកន្លែងដែលគេពេញចិត្ត អានឆាប់យល់ អានបានលឿន និងមានអារម្មណ៍ល្អនៅពេលអានសៀវភៅ។

កញ្ញា ទ្រី ស្រីលក្ខ អ្នកនិពន្ធធុរកិច្ចនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយ

សម្រាប់ កញ្ញា ទ្រី ស្រីលក្ខ អ្នកនិពន្ធធុរកិច្ចនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយ​ និយាយថា ជាធម្មតានៅពេលទំនេរ កញ្ញាតែងតែទាញសៀវភៅដែលចូលចិត្តយកមកអានតែម្ដង មិនថានៅផ្ទះ ឬក៏នៅកន្លែងសាធារណៈក៏ដោយ។ បើតាម ស្រីលក្ខ រវាងកន្លែងស្ងប់ស្ងាត់ និងទីសាធារណៈ គឺកញ្ញាចូលចិត្តអាននៅទីកន្លែងស្ងាត់ជាង ព្រោះកន្លែងស្ងាត់អាចជួយឱ្យផ្ដោតអារម្មណ៍អានបានល្អ។

កញ្ញា ទ្រី ស្រីលក្ខ បញ្ជាក់ថា ពេលកញ្ញាអានសៀវភៅនៅទីកន្លែងសាធារណៈ មិនធ្លាប់ទទួលពាក្យដែលគេនិយាយថា ជោរ ឬពាក្យសម្ដីអវិជ្ជមានណាមួយទាក់ទងនឹងការអានសៀវភៅនោះទេ គឺគ្រាន់តែពេលខ្លះមានគេមើលមុខ, តែយ៉ាងណា​សម្រាប់ ស្រីលក្ខ យល់ថា ការមើលមុខនេះ មិនមែនជាការសើចចំអក ឬមិនពេញចិត្តនោះទេ គ្រាន់តែអ្នកខ្លះអាចឆ្ងល់ថា ហេតុអ្វីយើងចេញមកខាងក្រៅ ហើយអត់ធ្វើសកម្មភាពដែលយុវជនមួយចំនួនទៀតធ្វើ ដូចជាចុចទូរស័ព្ទ តែបែរជាកាន់សៀវភៅអានទៅវិញ។

លោក ឡាំ ឡាយ ស្ថាបនិកដឹកនាំអំណានយុវជន និងជាអ្នកនិពន្ធមួយរូប មានប្រសាសន៍ថា ចំពោះការអានសៀវភៅ មិនថានៅទីកន្លែងសាធារណៈ ឬកន្លែងស្ងប់ស្ងាត់ លោកចូលចិត្តអានសៀវភៅដូចគ្នា គឺអាស្រ័យលើស្ថានភាពនៃការផ្ដោតអារម្មណ៍។

ស្ថាបនិកដឹកនាំអំណានយុវជន បញ្ជាក់បន្ថែមថា កាលនៅរៀនថ្នាក់មហាវិទ្យាល័យ លោកធ្លាប់កាន់សៀវភៅអាននៅក្នុងទីធ្លាសិក្សាដែលមានបង់អង្គុយលេង គឺសូម្បីតែសិស្សគ្នាឯងក៏គិតថាលោកចម្លែកដែរ និងទទួលបានអារម្មណ៍ថា ខ្លួនឯងដូចជាត្រឹមត្រូវណាស់ទាំងដែលគេកាន់ទូរស័ព្ទដៃចុចលេងគ្រប់គ្នា។ លោក ឡាំ ឡាយ បន្តថា នៅពេលធ្វើដំណើរតាមរថយន្តក្រុងទៅខេត្តម្ដងៗ គឺលោកតែងយកសៀវភៅមកអាន។ រីឯអ្នកអង្គុយក្បែរខ្លួន បង្ហាញឥរិយាបទមកថា យើងប្រឹងសម្ដែង។ “ពេលខ្លះមិនចាំបាច់ទទួលពាក្យសម្ដីពីគេ ត្រឹមទទួលអារម្មណ៍ ទទួលក្រសែភ្នែកគេ យើងដឹងថា គេមានចេតនាគិតអ្វី? ប៉ុន្តែបើគេគិតអ្វីក៏ឱ្យគេគិតចុះ យើងបន្តអានដដែល”

លោក ឡាំ ឡាយ បន្តថា បើក្រឡេកទៅមើលកាលពី៦ឆ្នាំមុន លោកមានអារម្មណ៍ខ្មាស់ដែរនៅពេលអានសៀវភៅនៅកន្លែងសាធារណៈ ប៉ុន្តែបន្តិចម្ដងៗលោកមានអារម្មណ៍ថា លោកគឺជាគំរូដ៏ល្អវិញ ដោយសារអារម្មណ៍ខ្មាស់អៀនជាអារម្មណ៍អវិជ្ជមាន ប៉ុន្តែបើយើងគិតថាជាគំរូនោះនឹងប្រសើរ ត្បិតថា យើងធ្វើមិនទាន់បានល្អ យ៉ាងហោចណាស់ក៏គេអាចមើលឃើញយើងក្នុងជ្រុងណាមួយដែលជារូបភាពវិជ្ជមានណាមួយក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកដទៃ។

តើត្រូវធ្វើបែបណាដើម្បីឱ្យរូបភាពល្អនៃការអានសៀវភៅមានឥទ្ធិពលចំពោះរូបភាពអវិជ្ជមានផ្សេងទៀត?

កញ្ញា ឡាក់ ស៊ីវចេង លើកឡើងថា ការអានសៀវភៅ មិនមែនអានដើម្បីតែខ្លួនយើងមួយមុខនោះទេ គឺអានដើម្បីគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងផងដែរ ដោយសារការអានបានជំរុញឱ្យយើងទទួលបានចំណេះដឹងថ្មីៗ បានយល់ពីបរិបទសង្គម បង្កើនការគិតបែបស៊ីជម្រៅ និងមិនងាយវិនិច្ឆ័យអ្វីមួយភ្លាមៗនោះទេ។ កញ្ញា ស៊ីវចេង បន្តថា យើងត្រូវបន្តសកម្មភាពអាន ហើយព្យាយាមបង្ហាញទៅអ្នកជុំវិញដែលមើលមកយើងក្នុងរូបភាព ជោរ ឬបែបណាមួយ ដោយបង្ហាញថា ការអានជាទម្លាប់មួយដ៏ល្អសម្រាប់យើង ឱ្យយើងបានយល់ពីអត្ថន័យនៃសៀភៅ ឱ្យស្វែងយល់ពីចំណេះដឹងថ្មីៗពីសៀវភៅ និងជំរុញការគិតឱ្យកាន់តែស៊ីជម្រៅ។

“ការអានមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះ សូមបង្កើនទម្លាប់នៃការអាន ការកត់ត្រា នៅពេលនោះយើងនឹងអាចរៀនអ្វីបានថ្មីៗ និងមើលឃើញពិភពលោកកាន់តែស្រស់បំព្រងជាងមុន ជាងពេលយើងមិនទាន់មានទម្លាប់អាន។ ទន្ទឹមគ្នានេះ ការអាន បានជំរុញឱ្យយើងជាផ្នែកមួយនៃដំណោះស្រាយនៃសង្គម”។ កញ្ញា ឡាក់ ស៊ីវចេង បន្ថែម។

សម្រាប់កញ្ញា ទ្រី ស្រីលក្ខ លើកឡើងថា ការអានសៀវភៅ មិនថាអាននៅកន្លែងសាធារណៈ កន្លែងស្ងប់ស្ងាត់ ឬទីប្រជុំជន គឺផ្ដល់ប្រយោជន៍ និងចំណេះដឹងដល់យើងដូចគ្នា ប៉ុន្តែបើយើងអាននៅកន្លែងសាធារណៈ ឬទីប្រជុំជន វាមិនត្រឹមតែផ្ដល់ប្រយោជន៍ និងចំណេះដឹងដល់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបានមួយផ្នែកក្នុងការបណ្ដុះវប្បធម៌នៃការអាននៅក្នុងសង្គមយើងទៀត។ កញ្ញាលើកឧទាហរណ៍ថា បើយើងអានសៀវភៅនៅកន្លែងសាធារណៈដែលមានមនុស្ស២០ ទៅ៣០នាក់ ឬរាប់សិបនាក់ ដើរកាត់យើង យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ក្រឡេកមើលយើង ហើយយកសកម្មភាពអានរបស់យើងទៅគិតបន្តិចដែរ។

ស្រីលក្ខ បញ្ជាក់ថា ការអានសៀវភៅមិនថាអានជាប្រភេទសៀវភៅអេឡិចត្រូនិច ឬជាប្រភេទសៀវភៅធម្មតា គឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់មនុស្សគ្រប់វ័យ។ ស្រីលក្ខ ក៏បានលើកទឹកចិត្តឱ្យយុវជនចាប់ផ្ដើមបង្កើតទម្លាប់អានសៀវភៅ ទោះជាមួយថ្ងៃអានបានមួយទំព័រក៏ដោយ ទម្លាប់ល្អកើតចេញពីការអនុវត្តសកម្មភាពតូចៗដដែលៗរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើចង់បង្កើតទម្លាប់អានត្រូវតែអានរាល់ថ្ងៃ។

លោក ឡាំ ឡាយ លើកឡើងដែរថា ដើម្បីឱ្យរូបភាពល្អមានឥទ្ធពលលើរូបភាពអវិជ្ជមាន គឺត្រូវបង្កើនគុណភាព និងសមត្ថភាពខ្លួនឯងឱ្យខ្ពស់ ធ្វើយ៉ាងណាបង្ហាញឱ្យចេញជាលទ្ធផល ដូចជា អានសៀវភៅជួយអ្នកយកឈ្នះការបាក់ទឹកចិត្ត, អានសៀវភៅជួយបង្កើតគោលដៅ និងក្ដីស្រមៃសម្រាប់ខ្លួនឯង, ការអានសៀវភៅ ជួយឱ្យការរកស៊ីរីកចម្រើនជាដើម។

ស្ថាបនិកដឹកនាំអំណានយុវជន បន្ថែមថា ក្នុងសង្គមមួយយុវជនមិនអាចរីកចម្រើនបាននោះទេ ប្រសិនមិនបានកាន់សៀវភៅអាន។ ទន្ទឹមគ្នានេះ ប្រសិនយុវជនមិនកាន់សៀវភៅអានទេ គឺពិបាកនឹងដឹកនាំខ្លួនឯងទៅកន្លែងដែលខ្លួនឯងចង់ទៅ និងក្ដីស្រមៃដែលខ្លួនឯងចង់បាន។ យ៉ាងណាមិញ បើយុវជនមិនអាចនាំខ្លួនឯងទៅកន្លែងដែលចង់ទៅបាន សង្គមក៏ពិបាកនឹងឱ្យយើងនាំទៅដែរ។ ដូច្នេះ ប្រសិនជាយុវជនស្រឡាញ់ខ្លួនឯង ស្រឡាញ់សង្គមជាតិ ត្រូវកាន់សៀវភៅអាន ប៉ុន្តែបើគិតថា ខ្លួនឯងចេះគ្រប់គ្រាន់ហើយ ខ្លួនឯងពូកែហើយក៏តាមការសម្រេចចិត្ត។

មិនថាការអានសៀវភៅនៅក្នុងបន្ទប់ បណ្ណាល័យ ឬនៅតាមសួនកម្សាន្តសាធារណៈ សុទ្ធតែផ្ដល់ចំណេះដឹងដល់អ្នកអាន។ យ៉ាងណាមិញ ប្រសិនយុវជនធ្លាប់មានអារម្មណ៍ខ្មាសក្នុងការអានសៀវភៅនៅតាមទីសាធារណៈ សូមចងចាំថា ផ្ដើមចេញពីយើងក្នុងការធ្វើជាគំរូល្អក្នុងចំណោមសកម្មភាពអវិជ្ជមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...