ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ (១៩ ធ្នូ) បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការដោយប្រាប់ទៅដល់សាធារណជនពីករណីជំងឺដែលបង្កដោយវីរុសណូរ៉ូ និងវិធានការការពារសុខភាពពីជំងឺដែលបង្កដោយវីរុសនេះ។
បើតាមក្រសួងសុខាភិបាល វីរុសណូរ៉ូ ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន។ អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥ម៉ឺននាក់បានស្លាប់។
ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមានៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ ហើយរោគសញ្ញាជាទូទៅកើតមានចន្លោះពី ១២ ទៅ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។ រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញក្នុងរយៈពេល ១ ទៅ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។
អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះវីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស ហើយកុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។

យ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានប្រាប់ពីវិធីបង្ការពីវីរុសណូរ៉ូ ដោយត្រូវប្រកាន់ការអនុវត្តដូចជា ៖ ប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់, សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ, ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី៦០អង្សាសេ, ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ថ្ងៃ (៤៨ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក៕































