ស្វាយរៀង – ចាប់ពីឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា នឹងដាក់ចេញនូវអាទិភាពចំនួន៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មអប់រំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យហ៊ុនសែនប្រសូត កាលពីពេលថ្ងៃទី២ មករា កន្លងទៅនេះ។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី អាទិភាពទាំង៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មអប់រំ រួមមាន ៖ ១).ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស, ២).កំណែទម្រង់សាលារៀន, ៣).ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់, ៤).ការអប់រំឌីជីថល, ៥).ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ៦).ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន, ៧).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង ៨).ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។
ជាមួយគ្នានេះ ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។ ហើយក្នុងឆ្នាំ២០២៣ នេះ ក្រសួងនឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនដែលបាននិងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំនិងគ្រប់គ្រងសាលារៀនការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀន ជាដើម។ល។
សូមបញ្ជាក់ថា បរិវត្តកម្មអប់រំ ក្នុងបរិបទឧស្សាហកម្ម៤.០ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ។ ក្នុងនោះមូលដ្ឋានគ្រឹះសម្រាប់ការអប់រំឌីជីថល គឺត្រូវឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យា ដោយការធ្វើកំណែទម្រង់សាលារៀន និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់គ្រប់ផ្នែក៕































