ភ្នំពេញ – ក្នុងពីធីជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេម។
ក្នុងពិធីសំណេះសំណាលនោះ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនី ទាំងអស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី។ ជាពិសេសចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។ ឯកឧត្តមក៏បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។

ក្នុងជំនួបសំណេះសំណាលនេះ រៀបចំឡើងដើម្បីផ្តល់កម្លាំងចិត្តជូនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ ទន្ទឹមគ្នានេះ ជាការរួមគ្នាផ្តល់កម្លាំងចិត្តដល់អត្តពលិកជាតិ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដើម្បីជុំរុញឱ្យទង់ជាតិកម្ពុជាលេចត្រដែត ប្រកបដោយក្តីមោទន:លើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា បើតាមសហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងថា កាលវិភាគ លើការប្រកួតកីឡាហែលទឹក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕































