ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) និងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការរួមគ្នាបង្កើតមាតិកាអប់រំ ដែលប្រកបដោយគុណតម្លៃពិត សំដៅចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។
លោក លឹម ឃុនស្រ៊ុន នាយកប្រតិបត្តិក្រុមហ៊ុនអប្សរា មេឌា សឺវីស មានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថលដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័សនេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនល្អជាច្រើនត្រូវបានផ្សព្វផ្សាយ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ កាន់តែដើរតួនាទីសំខាន់នឡើង ដើម្បីជាកម្លាំងចលករមួយផ្តល់នូវព័ត៌មានពិត ក៏ដូចជាបង្កើនការយល់ដឹង និងភ្ជាប់ទំនាក់ទំនងសង្គម។
តាមប្រសាសន៍របស់លោក លឹម ឃុនស្រ៊ុន ស្ថាប័ន AMS តែងតែប្រកាន់ភ្ជាប់នូវបេសកកម្មផលិត និងផ្សព្វផ្សាយព័ត៌មានដោយការអប់រំប្រកបដោយគុណតម្លៃពិត ហើយពីមួយជំហានទៅមួយជំហាន AMS តែងតែព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗ ឈ្នះៗ ជាមួយដៃគូស្ថាប័នជំនាញនានា ដើម្បីបង្កើនគុណតម្លៃគ្នាទៅវិញទៅមក។

តាមរយៈការរួមបញ្ចូលគ្នា នៃសមត្ថភាពផលិតមាតិកាផ្សព្វផ្សាយទូលំទូលាយរបស់ AMS ជាមួយនឹងបទពិសោធន៍យូរឆ្នាំរបស់ WEG ក្នុងវិស័យអប់រំ លោកជឿជាក់ថា ស្ថាប័នទាំងពីរនឹងរួមគ្នាបង្កើតមាតិកាដោយផ្តោតការយកចិត្តទុកដាក់លើការអប់រំកុមារតូច មាតិកាសុខភាពផ្លូវចិត្ត និងការគាំទ្រដល់អាណាព្យាបាលជាដើម។
“ខ្ញុំមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការច្នៃប្រឌិត បង្កើនគុណតម្លៃ ហើយនាំមកនូវភាពជោគជ័យសម្រាប់ភាគីទាំងពីរ”
លោកឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា សារព័ត៌មានគឺពិតជាមានសារៈសំខាន់ នៅក្នុងការផ្សព្វផ្សាយមាតិការចំណេះដឹង និងការអប់រំផ្សេងៗទៅដល់មហាជនបានយល់ដឹង ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។ លោកបន្តថា សារព័ត៌មានបានជួយផ្លាស់ប្តូរឥរិយាបថមនុស្សរាប់សិបលាននាក់ នៅពេលធ្វើការផ្សព្វផ្សាយ ដែលនិងបានដឹងលឺទៅដល់អ្នកមើល ស្តាប់ និងទស្សនា។
យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន ក្នុងនាមស្ថាប័នអប់រំឈានមុខនៅកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការចូលរួមចំណែកជាមួយនឹងក្រមហ៊ុន អប្សរា មេឌា សឺវីស ដើម្បីផ្តល់នូវគុណតម្លៃឱ្យកាន់តែប្រសើរដល់ ទៅដល់អ្នកមើល អ្នកអានទាំងអស់នៅក្នុងបណ្តាញ AMS ជាពិសេគឺជាការចូលរួមចំណែកលើកកម្ពស់តំលៃនៃវិជ្ជាជីវៈសារព័ត៌មាន។

សូមជំរាបជូនថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប (WEG) គឺជាបណ្តាញសាលារៀនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ ដោយបច្ចុប្បន្ន WEG កំពុងដំណើរការសេវាកម្មអប់រំចំណុះជាង ២៧សាខា ដោយមានសិស្សកំពុងសិក្សាសរុបប្រមាណ ១ម៉ឺន៥ពាន់នាក់។
ដោយឡែក ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ជាស្ថាប័នផ្សព្វផ្សាយដែលមានសមត្ថភាពផលិតមាតិកា និងព័ត៌មាន ដែលផ្តោតសំខាន់លើប្រភេទមាតិកាអប់រំប្រកបដោយគុណតម្លៃពិតដើម្បីជំរុញការយល់ដឹងរបស់ប្រជាជនសំដៅចូលរួមចំណែកជាផ្នែកសំខាន់មួយសម្រាប់សម្រេចគោលដៅអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។ AMS មានប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ (multimedia) និងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសំបូរបែបក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត៕














































































