“ឧបករណ៍រោងជាងឈើខ្មែរ ក្នុងខេត្តបាត់ដំបង” ជាបញ្ជីឯកសាររូបភាពដ៏កម្រ ដែលស្ថាបត្យករ ស៊ុន ពោរ៉ា បានចងក្រងឡើងដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ ខណៈឧបករណ៍ទាំងនោះកំពុងតែត្រូវបាត់បង់បន្តិចម្តងៗ ជំនួសដោយឧបករណ៍ម៉ាស៊ីនវិញ។ ជាមួយគ្នា ស្នាដៃនេះ ក៏ជាការរំលឹកអនុស្សាវរីយ៍ អំពីបែបផែន នៃការរស់នៅរបស់ភូមិឋានខ្មែរ ដែលតែងប្រាស្រ័យទាក់ទង ជួយយកអាសាគ្នាទៅវិញទៅមកតាមរយៈការជួយសង់ផ្ទះ ធ្វើអគារ ក៏ដូចជាសំណង់សាសនាក្នុងវត្តអារាមកាលពីជំនាន់ដើម។
លោក ស៊ុន ពោរ៉ា ដែលក៏ជាមន្ត្រី នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និយាយថា លោកគឺជាអ្នកធ្វើការស្រាវជ្រាវទៅលើស្ថាបត្យកម្មវត្តអារាម ក៏ដូចជាសំណង់អំពីឈើនៅប្រទេសកម្ពុជា, លោកមានភាពស្ញប់ស្ញែងយ៉ាងខ្លាំងអំពីស្នាដៃដ៏ល្អអស្ចារ្យទាំងនោះ។ នៅពេលដែលលោកកំពុងសង្កេតមើលបច្ចេកទេសសាងសង់ លោកបានសួរសំណួរទៅកាន់ខ្លួនឯងថា តើអ្វីនៅពីក្រោយការបង្កើតស្ថាបត្យកម្មទាំងនេះ? តើអ្នកណាជាអ្នកសាងសង់? តើសម័យមុនខ្មែរប្រើឧបករណ៍អ្វីខ្លះសម្រាប់សាងសង់សំណង់ទាំងនោះ?
សំណួរខាងលើនេះ បានពញ្ញាក់អារម្មណ៍របស់លោកឱ្យគិតថា អ្នកដែលបញ្ចេញកម្លាំងសាងសង់គិតគូរលើស្ថាបត្យកម្ម និងពិសេសឧបករណ៍ប្រើប្រាស់ក្នុងវិស័យស្ថាបត្យកម្មកាលពីអតីតកាលគួរតែត្រូវបានលើកមកបង្ហាញ និងនិយាយក្នុងបច្ចុប្បន្ននេះ។

“អញ្ចឹងបំណង [ចងក្រងសៀវភៅ] គឺជាការរំលឹក អំពីរបស់ដែលយើងលែងនឹកនា របស់ដែលយើងមិនខ្វល់ខ្វាយ ជាពិសេសមនុស្សដែលជាធនធានសំខាន់ ជាក់ស្តែងការស្រាវជ្រាវរបស់ខ្ញុំគឺយើងបានរកមនុស្សដែលមានវ័យចំណាស់ ដែលគាត់បានឆ្លងកាត់ពេលវេលាហ្នឹង ជាមួយឧបករណ៍របស់គាត់ដែលមានមកដល់សព្វថ្ងៃ”
បញ្ជីឯកសាររូបភាព ឧបករណ៍រោងជាងឈើខ្មែរក្នុងខេត្តបាត់ដំបង មានកម្រាស់ជាង២រយទំព័រ បានបង្ហាញ និងពិពណ៌នាយ៉ាងលំអិតចំពោះឧបករណ៍ជាងឈើនីមួយៗ ដោយបង្ហាញពីគំនូរព្រាងដ៏រស់រវើកពីរបៀបប្រើប្រាស់សម្ភារៈទាំងនោះ ក៏ដូចជាពាក្យបច្ចេកទេសដែលជាងឈើតែប្រើប្រាស់ក្នុងវិស័យនេះផងដែរ។ ស្ថាបត្យករ ស៊ុន ពោរ៉ា និយាយថា លោកបានប្រើប្រាស់រយៈពេល៣ឆ្នាំក្នុងការសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារនេះឡើងជាមួយជាងឈើចំនួន២រូប ដែលបានឆ្លងកាត់ពេលវេលាជាច្រើនជំនាន់ និងកំពុងរស់រានមានជីវិតនៅក្នុងខេត្តបាត់ដំបង ដោយលោកចាត់ទុកថា ពួកគាត់គឺជាធនធានកម្រចុងក្រោយដែលនៅសេសសល់ ហើយពិតជាចាំបាច់ណាស់ក្នុងការរៀបចំចងក្រងឯកសារសម្រាប់មនុស្សជំនាន់ក្រោយ ឱ្យបានស្គាល់ បានដឹងអំពីអត្ថប្រយោជន៍ឧបករណ៍ជាងឈើខ្មែរ។ លោកថា បញ្ជីឯកសាររូបភាព ឧបករណ៍រោងជាងឈើខ្មែរក្នុងខេត្តបាត់ដំបង ត្បិតពុំបានធ្វើឱ្យប្រដាប់ប្រដាទាំងនោះរស់រានឡើងវិញ តែសៀវភៅនេះក៏បានបង្ហាញពីគុណសម្បត្តិនៃសម្ភារៈទាំងនោះ ដែលបានបម្រើក្នុងវិស័យស្ថាបត្យកម្មខ្មែរ និងបានបន្សល់ទុកមរតករូបិយសម្បូរបែបលើទឹកដីកម្ពុជា។

កញ្ញា អោក ឧត្តរ៉ាវត្តី និស្សិតថ្នាក់ស្ថាបត្យកម្ម និងនគរោបនីយកម្ម និយាយថា សៀវភៅ “ឧបករណ៍រោងជាងឈើខ្មែរក្នុងខេត្តបាត់ដំបង” បានបង្ហាញពីឧបករណ៍ដែលជាងឈើខ្មែរប្រើប្រាស់ក្នុងការធ្វើសំណង់ឈើកាលពីសម័យមុន ហើយតាមរយៈសៀវភៅនេះ ធ្វើឱ្យនាងដែលជាយុវជនជំនាន់ក្រោយ ស្គាល់កាន់តែច្រើននូវឧបករណ៍ជាងឈើ ដែលមិនត្រឹមតែស្គាល់ឈ្មោះឧបករណ៍ប៉ុណ្ណោះទេ តែក៏បានដឹងថា ឧបករណ៍នោះគេប្រើសម្រាប់ធ្វើអ្វីក្នុងសកម្មភាពជាងផងដែរ។
ក្នុងសៀវភៅកម្រាស់ជាង២រយទំព័រនេះ អ្វីដែលធ្វើឱ្យ កញ្ញា ឧត្តរ៉ាវត្តី ចាប់អារម្មណ៍ជាងគេ គឺនៅត្រង់ជំពូក៣ និងជំពូក៤ ដែលនិយាយអំពី ជំហូសលក និងបច្ចេកទេសតឈើ។ កញ្ញាថា នៅជំពូកទាំងពីរនេះបានបង្ហាញពីបច្ចេកទេស ដែលក្នុងនាមកញ្ញាជានិស្សិតស្ថាបត្យកម្ម ពិតជាចង់ដឹងណាស់ថា ពេលសង់សំណង់ឈើ តើគេត្រូវតឈើដោយវិធីសាស្រ្តដូចម្តេច? ហើយមានប៉ុន្មានរបៀប? កញ្ញាថា សៀវភៅនេះលើសពីសៀវភៅដែលចងក្រងរូបភាព ប៉ុន្តែក៏បានផ្តល់ជាចំណេះដឹងនៅក្នុងនោះដែរ។

ក្នុងនាមជាយុវជនមួយរូប កញ្ញា អោក ឧត្តរ៉ាវត្តី គិតថា ឧបករណ៍ជាងឈើខ្មែរ គឺមានតម្លៃខាងបេតិកភណ្ឌ ដែលគួរតែអភិរក្ស និងចងក្រង ។ កញ្ញាថា កាលពីសម័យមុន មិនមានឧបករណ៍ទំនើបដូចបច្ចុប្បន្ន តែជាងឈើបានប្រើប្រាស់កម្លាំង និងខួរក្បាល អាចសាងសង់នូវសំណង់ស្ថាបត្យកម្មដែលមានលក្ខណៈសិល្បៈល្អប្លែក។
មិនមានទិន្នន័យច្បាស់លាស់ពីចំនួនឯកសារដែលបានចងក្រងពីស្ថាបត្យកម្មនៅកម្ពុជានោះទេ ប៉ុន្តែក្នុងរយៈកាលចុងក្រោយនេះ គេកត់សម្គាល់ឃើញថា សៀវភៅដែលនិយាយពីស្ថាបត្យកម្មនៅកម្ពុជា ត្រូវបានចងក្រង និងបោះពុម្ពផ្សាយជាបន្តបន្ទាប់ដោយស្ថាបត្យករកម្ពុជាជាច្រើនរូប ដូចជាស្នាដៃ “ផ្ទះខ្មែរ១៥០០ឆ្នាំ” របស់ស្ថាបត្យករ ហុក សុកុល, “ផ្ទះខ្មែរ” របស់លោកសាស្រ្តាចារ្យ សួន សុខកឿន, “ផ្ទះឈើនៅបាត់ដំបង”, “ម៉ូដផ្ទះ និងខ្នាតផ្ទះខ្មែរ” របស់លោក អៀង សឿង ជាដើម។
ឯកឧត្ដម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា មានប្រសាសន៍ថា សម្រាប់សៀវភៅ “ឧបករណ៍រោងជាងឈើខ្មែរក្នុងខេត្តបាត់ដំបង” និយាយជាគោលលោកចាត់ទុកថា គឺជាការអភិរក្សថែរក្សាមរតក ព្រោះប្រសិនជាយើងមិនបានចងក្រង យូរៗទៅយើងនឹងអាចបាត់ យើងអាចភ្លេច ហើយពេលដែលយើងឃើញ ក៏អត់ដឹងថា ឧបករណ៍នោះគឺជាឧបករណ៍អ្វី។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរង ក៏លើកទឹកចិត្តឱ្យស្ថាបត្យករ ចូលរួមធ្វើការសិក្សាស្រាវជ្រាវ ចងក្រងពីស្ថាបត្យកម្មកម្ពុជា ដើម្បីជាឯកសារឱ្យយុវជនជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករជំនាន់ក្រោយៗទៀតបានស្គាល់ពីឬសគល់នៃមរតកវប្បធម៌របស់ខ្លួនឱ្យច្បាស់ ខណៈបច្ចុប្បន្នជាសម័យសកលភាវូបនីយកម្ម ដែលមានការឆ្លងរចនាបថគ្នាទៅវិញទៅមក ដូច្នេះស្ថាបត្យករខ្មែរចាំបាច់ត្រូវស្គាល់ពីប្រទេសជាតិខ្លួនឯង ស្គាល់ពីឬសកែវរបស់ខ្លួនឱ្យច្បាស់៕































