យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឱ្យយកចិត្តទុកដាក់បន្ថែមលើសុខភាពរបស់សិស្ស រួមទាំងការបង្ហារហានិភ័យ នៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១០ ធ្នូ ២០២៤ បានចេញសេចក្តីណែនាំថ្មីមួយទៀត ដោយហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅ ក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។
ក្នុងសេចក្តីណែនាំចំនួន២ទំព័រ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត ការិយាល័យអប់រំ ក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសនៅទូទាំងប្រទេសត្រូវ ១.ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ២.ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក។

៣.ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ៤.ត្រូវអប់រំ ក្រើនរំឮក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា។ ៥.ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។
៦.ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្ដែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យា លក់ដូរ និង ៧.ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្ដីណែនាំនេះសំដៅធ្វើឱ្យ «គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង»៕































