ជំងឺរលាកសន្លាក់ (Arthritis) គឺជាបញ្ហាសុខភាពទូទៅមួយដែលបង្កឱ្យមានការឈឺចុកចាប់ ហើម និងរឹងសន្លាក់ ដែលក្នុងនោះមានប្រភេទញឹកញាប់ដូចជា ជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis), ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis) និងជំងឺហ្គោដ (Gout) ជាដើម។ បញ្ហាទាំងអស់នេះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងកម្រិតនៃការរលាកនៅក្នុងរាងកាយ។ ក្រៅពីការព្យាបាលតាមវេជ្ជបញ្ជា ការជ្រើសរើសរបបអាហារត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយរោគសញ្ញា។ ផ្ទុយទៅវិញ អាហារនិងភេសជ្ជៈមួយចំនួនអាចជំរុញឱ្យការរលាកកាន់តែធ្ងន់ធ្ងរឡើង។
ខាងក្រោមនេះជាក្រុមអាហារ និងភេសជ្ជៈដែលអ្នកមានបញ្ហាសន្លាក់គួរកាត់បន្ថយ ឬចៀសវាង៖
១. អាហារដែលគួរប្រុងប្រយ័ត្ន និងកាត់បន្ថយ
ជាតិស្ករកែច្នៃ (Added Sugars) ៖ ការទទួលទានស្ករច្រើនហួសប្រមាណ មិនត្រឹមតែប៉ះពាល់ដល់ទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញប្រតិកម្មរលាកក្នុងរាងកាយផងដែរ។ ស្ករទាំងនេះមានច្រើននៅក្នុងបង្អែម នំផ្អែម ស្ករគ្រាប់ ទឹកក្រូចកំប៉ុង និងទឹកជ្រលក់កែច្នៃមួយចំនួន (ដូចជា ទឹកជ្រលក់សាច់អាំង ឬទឹកប៉េងប៉ោះកំប៉ុង)។
- សាច់ក្រហម និងសាច់កែច្នៃ (Processed & Red Meats) ៖ សាច់ក្រហម (សាច់គោ សាច់ជ្រូក) និងសាច់កែច្នៃ (សាច់ក្រក ប្រហិត ហតដក) អាចបង្កើនសារធាតុគីមីរលាកក្នុងឈាម។ ការសិក្សាបានបង្ហាញថា អ្នកកាត់បន្ថយសាច់ទាំងនេះ ហើយងាកមកញ៉ាំបន្លែ ឬត្រីជំនួសវិញ តែងមានរោគសញ្ញាសន្លាក់ធូរស្រាលជាងមុន។
- អាហារកែច្នៃខ្លាំង (Ultra-Processed Foods)៖ អាហារ Fast Food នំកញ្ចប់ អាហារកំប៉ុង និងអាហារកែច្នៃពីម្សៅ សម្បូរទៅដោយខ្លាញ់មិនល្អ អំបិល និងសារធាតុគីមីរក្សាទុកយូរ ដែលងាយបង្កការរលាក និងធ្វើឱ្យប្រឈមនឹងជំងឺធាត់ ដែលជាបន្ទុកធ្ងន់ដល់សន្លាក់ឆ្អឹង។
- អាហារចៀន អាំង និងដុតខ្លោចខ្លាំង (Foods high in AGEs)៖ អាហារដែលចម្អិនដោយកម្ដៅខ្ពស់ខ្លាំងដូចជា សាច់ចៀន សាច់អាំង ឬដំឡូងបារាំងបំពង ងាយបង្កើតម៉ូលេគុលម្យ៉ាងហៅថា AGEs។ នៅពេលម៉ូលេគុលនេះប្រមូលផ្តុំក្នុងរាងកាយច្រើន វានឹងទៅបំផ្លាញកោសិកា និងជំរុញឱ្យសន្លាក់កាន់តែរលាកខ្លាំង។
- អាហារប្រៃខ្លាំង (High-Salt Foods)៖ ការញ៉ាំប្រៃខ្លាំង (សូដ្យូមខ្ពស់) អាចជំរុញឱ្យប្រព័ន្ធភាពស៊ាំដំណើរការខុសប្រក្រតី និងបង្កើនការរលាក។ គួរកាត់បន្ថយអាហារកំប៉ុង ត្រីងៀត ផ្អក ឬអាហារកែច្នៃដែលមានជាតិប្រៃខ្លាំង។
- ប្រេងឆាដែលមានអូមេហ្គា-៦ ខ្ពស់ (Omega-6 Vegetable Oils)៖ ប្រេងពោត ឬប្រេងរុក្ខជាតិកែច្នៃមួយចំនួនមានជាតិអូមេហ្គា-៦ ច្រើន។ ប្រសិនបើរាងកាយទទួលបានអូមេហ្គា-៦ ច្រើនពេក តែខ្វះអូមេហ្គា-៣ វានឹងបង្កើនការរលាក។ ដូច្នេះគួរងាកមកប្រើប្រេងអូលីវ (Olive oil) និងទទួលទានត្រីមានខ្លាញ់ល្អ (ដូចជាត្រីសាល់ម៉ុន ឬត្រីក្នុងស្រុកមួយចំនួន) វិញ។
- អាហារមានជាតិគ្លុយតែន (Gluten-containing foods)៖ គ្លុយតែនគឺជាប្រូតេអ៊ីនដែលមានក្នុងស្រូវសាលី និងស្រូវបាលី។ ចំពោះអ្នកដែលមានប្រតិកម្ម ឬមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃមួយចំនួន ការផ្អាកអាហារធ្វើពីម្សៅស្រូវសាលីអាចជួយសម្រាលការរលាកបាន។

២. ភេសជ្ជៈដែលគួរកាត់បន្ថយ ឬចៀសវាង
- គ្រឿងស្រវឹង (ស្រាបៀរ និងស្រាក្រហម): ទោះបីជាមានការលើកឡើងខ្លះអំពីគុណប្រយោជន៍នៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងស្រាក្រហមក៏ដោយ ប៉ុន្តែការសេពគ្រឿងស្រវឹងជាប្រចាំអាចបង្កើនកម្រិតអាស៊ីតអ៊ុយរិក (បង្កជំងឺហ្គោដ) និងធ្វើឱ្យសន្លាក់ខូចខាតកាន់តែលឿន។
- ភេសជ្ជៈផ្អែម និងទឹកក្រូចកំប៉ុង: ភេសជ្ជៈដែលមានជាតិស្ករហ្វ្រុចតូស (Fructose) ខ្ពស់ អាចរំខានដល់ការស្រូបយកជាតិកាល់ស្យូមរបស់ឆ្អឹង និងបង្កើនអាស៊ីតអ៊ុយរិក ដែលនាំឱ្យសន្លាក់កាន់តែឈឺចុកចាប់។
- កាហ្វេ (គួរពិចារណាកម្រិតពិសា): សម្រាប់អ្នកចូលចិត្តកាហ្វេ មិនចាំបាច់ផ្ដាច់ទាំងស្រុងនោះទេ ប៉ុន្តែមិនគួរពិសាលើសពី ១ ទៅ ២ ពែងក្នុងមួយថ្ងៃឡើយ ហើយគួរបញ្ឈប់ការបន្ថែមស្ករ ទឹកដោះគោខាប់ ឬក្រែមច្រើនពេក។

របបអាហារណែនាំសម្រាប់ជំនួយសុខភាពសន្លាក់
ដើម្បីជួយឱ្យសន្លាក់មានសុខភាពល្អ និងកាត់បន្ថយការឈឺចាប់ អ្នកជំនាញណែនាំឱ្យងាកមកផ្តោតលើ «របបអាហារប្រឆាំងការរលាក» រួមមាន៖
- បន្លែស្រស់ និងផ្លែឈើសម្បូរវីតាមីន (ដូចជាចេក ដែលសម្បូរជាតិប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម)
- ត្រីដែលសម្បូរជាតិខ្លាញ់ល្អ (អូមេហ្គា-៣)
- គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ
- ផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងរក្សាទម្ងន់ខ្លួនឱ្យសមស្រប ដើម្បីកាត់បន្ថយសម្ពាធទម្ងន់លើជង្គង់ និងត្រគាក៕














































































