កូន ឬកុមារប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំ បានធ្វើនៅពេលដែលពួកគាត់មានភាពតានតឹងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំ គួរជួយកូន ឬកុមារដោយប្រើប្រាស់វិធីទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះកូន ឬកុមារ។
យើងអាចសម្គាល់កូន ឬកុមារមានភាពតានតឹងចិត្តដោយសង្កេតឱ្យបានដិតដល់លើការប្រែប្រួលរបស់ពួកគេតាមរយៈរោគសញ្ញា និងអាកប្បកិរិយាមួយចំនួន រួមមាន ៖ រោគសញ្ញា: ឈឺក្បាល ចុករោយសាច់ដុំ ថប់ដង្ហើម បែកញើស រមួលពោះ ចង់ក្អួត ស្ពឹងស្រពន់ ត្រជាក់ចុងដៃ ចុងជើង។ បញ្ហាលើផ្លូវកាយ: អសកម្ម (ខ្ជិល) អស់កម្លាំង គេងច្រើន ឬគេងមិនលក់ បេះដូងលោតញាប់ ឈឺសន្លាក់ដៃជើងជាដើម។ បញ្ហាលើផ្លូវចិត្ត: ពិបាកផ្ចង់អារម្មណ៍ ឆាប់ខឹង ឆេវឆាវ ស្រងូតស្រងាត់ ភ័យខ្លាច ត្អូញត្អែច្រើនអំពីសកម្មភាពសាលា មានអារម្មណ៍ឯកា…។ បញ្ហាលើអាកប្បកិរិយា: បង្កអំពើហិង្សា ញ៉ាំច្រើនឬមិនសូវញ៉ាំ តាមស្អិតជាមួយឪពុកម្ដាយឬគេចមុខ មិនចូលរួមសកម្មភាពជាមួយអ្នកដទៃ និយាយកុហក និងធ្វើសកម្មភាពប្រឆាំងជាដើម។
បើតាមសៀវភៅ ឧបករណ៍បណ្ដុះបណ្ដាលកំណត់គោលដៅ (កម្រិតទី២) នៃយុទ្ធសាស្រ្តស្ដីពី ការចិញ្ចឹមកូនបែបវិជ្ជមាន របស់ក្រសួងកិច្ចការនារី បានបង្ហាញអំពីរបៀបដោះស្រាយភាពតានតឹងចិត្តរបស់កុមារអាយុពីចន្លោះ០ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកុមារ អាចយកទៅអនុវត្តរួមមាន៖
–កុមារដែលមានអាយុចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ៖ ឱបកូនដោយបង្ហាញថា លោកអ្នកស្រឡាញ់ និងបារម្ភពីពួកគេ។ លើសពីនេះ ផ្តល់តុក្កតា ឬរបស់លេងណាដែលពួកគេចូលចិត្ត ដើម្បីជួយឱ្យមានអារម្មណ៍កក់ក្តៅនិងមានសុវត្ថិភាព។ លោកអ្នកអាចផ្លុំ និងបន្ធូរប៉ោងប៉ោងចំពោះកូនតូចៗ ហើយចំពោះកូន ឬកុមារដែលមានអាយុធំអាចឱ្យពួកគាត់ដកដង្ហើមវែងៗ។ ម៉្យាងវិញទៀត ចំណាយពេលនៅក្បែរ និងលេងជាមួយកូន។ លេងល្បែងណាដែលអាចឱ្យកូនបញ្ចេញអារម្មណ៍ ដូចជា គូរគំនូរ ផាត់ពណ៌ តុក្កតាហើយលើកទឹកចិត្តកូននិយាយពីអារម្មណ៍នោះ។
និទានរឿងឱ្យកូន ឬកុមារស្ដាប់ ដែលរឿងនោះគឺអាចប្រហាក់ប្រហែលទៅនឹងរឿងរបស់កូន ហើយពិភាក្សាជាមួយកូនពីតួអង្គក្នុងសាច់រឿងនោះ។ ប្រាប់កូនឱ្យច្បាស់ថា អ្វីៗដែលកើតមានឡើងមិនមែនជាកំហុសរបស់ពួកគេទេ ដោយសារ កូន ឬកុមារមួយចំនួនតែងបន្ទោសខ្លួនឯង ហើយអាចគិតថាជម្លោះឪពុកម្តាយ គឺអាចមកពីកំហុសខ្លួនគេ។ ក្នុងនាមជាឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ ត្រូវថែរក្សាខ្លួនឯង ហើយត្រូវធ្វើចិត្តឱ្យស្ងប់ក្នុងការប្រឈមជាមួយស្ថានភាពតានតឹងចិត្ត ឬកំហឹងរបស់កូន។
–កុមារដែលមានអាយុចន្លោះពី ១៣ ដល់ក្រោម ១៨ឆ្នាំ ៖ កាត់បន្ថយសកម្មភាពមួយចំនួនដែលកូនកំពុងធ្វើ បើសិនជាអាចធ្វើបាន។ ទទួលស្គាល់អារម្មណ៍ដែលកូនមាន ហើយពន្យល់កូនឱ្យយល់ពីស្ថានភាពតានតឹងចិត្ដនោះ។ ទន្ទឹមគ្នានេះ ស្តាប់កូននិយាយដោយមិនវិនិច្ឆ័យ ហើយជួយពួកគេឱ្យនិយាយពីបញ្ហាដែលនាំឱ្យមានភាពតានតឹងចិត្ត។ ឱ្យកូនយំ ឬស្រែកនៅកន្លែងដែលមានសុវត្ថិភាព ឬក្នុងបន្ទប់ ប្រសិនបើពួកគេចង់ធ្វើ។ លើសពីនេះ បង្រៀនកូនឱ្យចេះដោះស្រាយភាពតានតឹងចិត្តបែបវិជ្ជមាន ដោយជ្រើសរើសនូវ សកម្មភាពដូចជា លេងកីឡា ដាំផ្កា ងូតទឹក ស្ដាប់ចំរៀង ។ល។ ជានិច្ចកាល ត្រូវធ្វើជាគំរូដល់កូន ក្នុងការដោះស្រាយជាមួយភាពតានតឹងចិត្ត។
គួរជម្រាបជូនថា ចំពោះកុមារដែលពិការភាព ការបង្ហាញថាមានភាពតានតឹងចិត្តគឺមិនខុសពីកូន ឬកុមារទូទៅទេ ហើយក៏អាស្រ័យលើប្រភេទ និងកម្រិតពិការភាពរបស់ពួកគេដែរ៕

































