ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង។ ដើម្បីជៀសវាងការបាត់បង់ឱកាស បេក្ខជនទាំងអស់ត្រូវតែស្វែងយល់ឱ្យបានច្បាស់ពីបទប្បញ្ញត្តិវិន័យទាំង ៣កម្រិត ដែលអាចប្រឈមនឹងការកំណត់ឱ្យ «ធ្លាក់ជាស្វ័យប្រវត្តិ» ឬអាចរហូតដល់ «ផ្អាកការប្រឡងរយៈពេល ២ឆ្នាំ» ព្រមទាំងប្រឈមមុខចំពោះមុខច្បាប់ថែមទៀតផង ប្រសិនបើរកឃើញថា បានប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរទាំងនោះ។
សកម្មភាពដែលត្រូវចាត់ទុកថាមានបំណងលួចចម្លង និងកម្រិតវិន័យ
បើតាមប្រកាសរបស់ក្រសួងអប់រំ បេក្ខជនដែលត្រូវបានកំណត់ថា មានបំណងលួចចម្លង គឺ បេក្ខជនបានយកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង, លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬនាឡិកាដៃ ដែលមានប្រដាប់គិតលេខ ឬ វ៉ែនតាឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។
បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពនេះ នឹងមិនអនុញ្ញាតឱ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ លើកលែងតែបេក្ខជននោះប្រគល់រាល់សៀវភៅ ឯកសារ ឬសំណៅឯកសារឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ហើយគណៈមេប្រយោគពុំទទួលខុសត្រូវរាល់ការបាត់បង់ឡើយ។
សកម្មភាពលួចចម្លង និងកម្រិតវិន័យ
តាមប្រការ៨ នៃប្រកាសរបស់ក្រសួងអប់រំ សកម្មភាពដែលត្រូវចាត់ទុកថា ជាការលួចចម្លង មានដូចជា បេក្ខជនមានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ…ក្នុងបន្ទប់ប្រឡង, ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ, អើតមើលសន្លឹកកិច្ចការអ្នកដទៃ, ប្រើប្រាស់ទូរស័ព្ទ ឬនាឡិកាដៃដែលមានប្រដាប់គិតលេខ ឬវ៉ែនតាឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង, អង្គុយខុសពីលេខតុ របស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ, រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ, បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង, ប្តូរសន្លឹកកិច្ចការគ្នា ប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្តែង។ សម្រាប់បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពទាំងនេះ នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត ព្រមទាំងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សកម្មភាពដែលធ្វើឱ្យខូចសណ្តាប់ធ្លាប់ របៀបរៀបរយ នៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ
សកម្មភាពដែលចាត់ទុកថា ជាសកម្មភាពកម្រិតថ្នាក់ទី១ ធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ដល់កិត្តិយសគណៈមេប្រយោគ រួមមាន ៖ មានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួនលើសន្លឹកកិច្ចការ, មានវិចារដូចគ្នាទាំងស្រុងត្រង់ចម្លើយនៃសំណួរ, ត្រង់ចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសា ដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយការធ្វើកោសល្យវិច័យ, ឃើញថា សន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពនេះ នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ដោយឡែកចំពោះបេក្ខជនដែលធ្វើសកម្មភាព ដើរចុះឡើងពីកន្លែងអង្គុយ ដោយគ្មានការអនុញ្ញាតពីអនុរក្ស, ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស, ផ្លាស់ទីកន្លែងអង្គុយ ដោយលុបលេខតុពីកន្លែងដែលបានកំណត់ ទៅសរសេរលេខតុរបស់ខ្លួន នៅកន្លែងផ្សេង, ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង, ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន, សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ, បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង, ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹង ប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា, បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ, ដណ្ដើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង, ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ, យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន, ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។ សកម្មភាពនេះត្រូវចាត់ទុកថា ជាសកម្មភាពកម្រិតថ្នាក់ទី២ ដោយត្រូវកំណត់កម្រិតវិន័យ ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។
ចំពោះបេក្ខជន ដែលធ្វើសកម្មភាពដូចជា យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង, ឱ្យអ្នកដទៃមកប្រឡងជំនួស, ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា, មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។ បេក្ខជនណាដែលប្រព្រឹត្តសកម្មភាពនេះ ត្រូវបានចាត់ជាសកម្មភាពកម្រិតទី៣ ដោយត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡង២ឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន៕











































































