អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងថា អាជីពសន្តិសុខសាយប័រ (Cybersecurity) កំពុងមានតម្រូវការទីផ្សារខ្ពស់។ ឯកឧត្តមលើកទឹកចិត្តឱ្យយុវជនសម័យឌីជីថលចាប់យកឱកាសនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល។
ក្នុងពិធីបើកការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦ កាលពីថ្ងៃសៅរ៍ (១៥ សីហា) ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាសេដ្ឋកិច្ចពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាជាគោល។ ទន្ទឹមគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានឈានដល់ ៩៥% នៃសេវាគ្របដណ្ដប់ប្រជាជនទូទាំងប្រទេស ហើយគ្រោងនឹងសម្រេចឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើកឡើងថា ទោះបីជាមានគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានសុវត្ថិភាព នោះនឹងក្លាយជាបញ្ហាប្រឈមយ៉ាងធំ។ ក្នុងនោះ គ្រប់ឧបករណ៍ ប្រព័ន្ធ និងបច្ចេកវិទ្យាឌីជីថលទាំងអស់ រួមទាំងបញ្ញាសិប្បនិម្មិត (AI) សុទ្ធតែត្រូវការសន្តិសុខសាយប័រ ដើម្បីកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាមានភាពធន់ និងអាចទុកចិត្តបាន។
ឯកឧត្តម សំ សិទ្ធិសេរី បញ្ជាក់ថា សន្តិសុខសាយប័រ (Cybersecurity) គឺជាបច្ចេកវិទ្យាគន្លឹះដែលជួយគាំទ្រទៅដល់ការកសាងទំនុកចិត្តទៅដល់អ្នកប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រកបដោយការជឿទុកចិត្ត និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជា មានភាពធន់ និងអាចទុកចិត្តបាន។

ពាក់ព័ន្ធនឹងឱកាសការងារ ឯកឧត្តម សំ សិទ្ធិសេរី គូសបញ្ជាក់ថា អាជីពជាអ្នកជំនាញសន្តិសុខសាយប័រ មិនត្រឹមតែមានតម្រូវការទីផ្សារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ខែខ្ពស់ និងមានអនាគតល្អទៀតផង។ ជាពិសេស នៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវច្បាប់ស្ដីពីសន្តិសុខសាយប័រ ដែលនឹងធ្វើឱ្យតម្រូវការអ្នកជំនាញលើវិស័យនេះកាន់តែស្ទុះឡើងថែមទៀត។
“ខ្ញុំគិតថាសម្រាប់ជាអាជីពជំនាញសន្តិសុខសាយប័រ គឺមានតម្រូវការច្រើនណាស់ ហើយក៏ទទួលបានប្រាក់ខែខ្ពស់ គឺអាជីពមួយដែលមានអនាគតល្អ”
ឯកឧត្តម សំ សិទ្ធិសេរី ក៏បានផ្តល់អនុសាសន៍ឱ្យយុវជនសម័យឌីជីថលទាំងអស់ ត្រូវត្រៀមខ្លួនទុកមុន និងដើរឱ្យបានមុនគេ តាមរយៈការជ្រើសរើសរៀនជំនាញឱ្យបានច្បាស់លាស់ ជាជំនាញកូដ (Coding) ឬបន្ថែមលើជំនាញសន្តិសុខសាយប័រ ដែលជាជំនាញមួយដ៏ល្អ។ ឯកឧត្តមគាំទ្រ និងលើកទឹកចិត្តឱ្យយុវជនបន្តខិតខំរៀនសូត្របន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យា ដោយមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌ខ្ពស់។
បើតាម ឯកឧត្តម សំ សិទ្ធិសេរី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងអនុវត្តសកម្មភាពជាច្រើន រួមទាំងការរៀបចំយុទ្ធសាស្ត្រជាតិ និងបញ្ញាសិប្បនិម្មិត និងសេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ។ បច្ចុប្បន្ន ក្រសួងមានអ្នកជំនាញសន្តិសុខសាយប័រចំនួន ៥១ នាក់ និងអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៨០ នាក់ ដែលកំពុងបំពេញភារកិច្ច និងចូលរួមយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សឌីជីថលនៅកម្ពុជា៕













































































