នៅសល់រយៈពេលប្រមាណតែមួយខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០២៦ នឹងឈានចូលមកដល់។ ដើម្បីជាទុនស្មារតី និងជាជំនួយដល់បេក្ខជនទាំងអស់ កញ្ញា ឃឿន ពិសី អតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០២២ បានចែករំលែកបទពិសោធផ្ទាល់ខ្លួន ក៏ដូចជាយុទ្ធសាស្ត្រក្នុងការដោះស្រាយលំហាត់គណិតវិទ្យាឱ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង។
បើតាមការរៀបរាប់របស់ កញ្ញា ឃឿន ពិសី កត្តាដែលជំរុញឱ្យកញ្ញាសម្រេចបាននិទ្ទេស A គឺផ្តើមចេញពី «ការកំណត់គោលដៅច្បាស់លាស់ និងការមានវិន័យផ្ទាល់ខ្លួន»។ កញ្ញាបានកំណត់ចិត្តយកនិទ្ទេស A ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកឱកាសអាហារូបករណ៍ ជួយសម្រាលបន្ទុកគ្រួសារ និងបង្កើតមោទនភាពជូនឪពុកម្តាយ។ ដើម្បីសម្រេចគោលដៅនេះ កញ្ញាបានបង្កើតទម្លាប់រៀនរាល់ថ្ងៃ ដោយជម្នះភាពនឿយហត់ក្នុងការដោះស្រាយលំហាត់ឱ្យបានយ៉ាងហោចណាស់ ៥ ទៅ ១០ លំហាត់ក្នុងមួយថ្ងៃសម្រាប់មុខវិជ្ជានីមួយៗ។
ដោយឡែក សម្រាប់មុខវិជ្ជាគណិតវិទ្យា អតីតសិស្សឆ្នើមរូបនេះបានផ្តល់គន្លឹះសំខាន់ៗ ៣ចំណុច ដែលបេក្ខជនគួរអនុវត្តក្នុងពេលប្រឡង រួមមាន៖
ទី១. យល់ច្បាស់ និងចាំរូបមន្ត ៖ ត្រូវចងចាំរូបមន្ត និងយល់ពីអត្ថន័យនៃអក្សរតំណាង ព្រមទាំងខ្នាតរបស់រូបមន្តនីមួយៗឱ្យបានច្បាស់លាស់។ ការយល់គ្រឹះរូបមន្តនេះ នឹងជួយឱ្យដោះស្រាយលំហាត់បានទោះបីជាគេប្ដូរទម្រង់ ឬប្ដូរបម្រាប់ប្រធានលំហាត់ក៏ដោយ។

ទី២. ធ្វើលំហាត់ងាយមុន ៖ ពេលទទួលវិញ្ញាសាភ្លាម ត្រូវអានឱ្យចប់គ្រប់ទំព័រ រួចចាប់ផ្ដើមធ្វើលំហាត់ងាយៗដែលចំណាយពេលតិចមុន (ដូចជា ចំនួនកុំផ្លិច ឬប្រូបាប)។ ការធ្វើរបៀបនេះ ជួយកាត់បន្ថយភាពភ័យខ្លាច និងជួយបង្កើតទំនុកចិត្តខ្ពស់សម្រាប់ខួរក្បាល មុននឹងឈានទៅដោះស្រាយលំហាត់បន្តបន្ទាប់។ ផ្ទុយទៅវិញ មិនគួរប្រញាប់ប្រញាល់ធ្វើលំហាត់វែងៗដូចជាអនុគមន៍នៅដើមដៃឡើយ ព្រោះវាអាចធ្វើឱ្យស្ត្រេស និងខាតពេលខ្លាំង។ បើផ្ដើមធ្វើលំហាត់ធំទាំងមិនទាន់ច្បាស់ ដល់ពេលជិតអស់ម៉ោង អាចនឹងធ្វើឱ្យស្លន់ស្លោ រហូតត្រឡប់ទៅដោះស្រាយលំហាត់ងាយៗលែងចេញតែម្ដង។
ទី៣. ការសរសេរឱ្យមានរបៀបរៀបរយ ៖ កញ្ញាលើកទឹកចិត្តប្អូនៗជាបេក្ខជនប្រឡង គួរសរសេរអក្សរឱ្យមានរបៀបរៀបរយ ដោយមិនចាំបាច់ទាល់តែមានអក្សរស្អាតនោះទេ ព្រោះនៅពេលសរសេរមានរបៀបរៀបរយ សរសេរពន្យល់ច្បាស់ៗនឹងធ្វើឱ្យអ្នកកែចង់កែ និងចង់ឱ្យពិន្ទុ។ ប៉ុន្តែប្រសិនបើប្អូនៗសរសេរគ្មានរបៀបរៀបរយ សរសេររញ៉េរញ៉ៃ ទោះបីជាលំហាត់នោះធ្វើត្រូវច្រើន អ្នកកែអាចដកពិន្ទុក៏ថាបាន។
បន្ថែមលើសពីនេះ កញ្ញា ឃឿន ពិសី ក៏បានផ្តល់អនុសាសន៍សម្រាប់រយៈពេលមួយខែចុងក្រោយនេះថា បេក្ខជនគួរស្វែងរកវិញ្ញាសាឆ្នាំចាស់ៗ ឬវិញ្ញាសាដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា យកមកអនុវត្តធ្វើឡើងវិញ ដោយកំណត់រយៈពេល ២ម៉ោងកន្លះ ដូចការប្រឡងពិតប្រាកដ ដើម្បីវាស់ស្ទង់ល្បឿន និងសមត្ថភាពរបស់ខ្លួន រួចយកមកផ្ទៀងផ្ទាត់ជាមួយកំណែដែលមានស្រាប់ ដើម្បីកែតម្រូវចំណុចខ្វះខាត។

ជាចុងក្រោយ អតីតសិស្សនិទ្ទេស A រូបនេះ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ កុំឱ្យមានការព្រួយបារម្ភ ឬភ័យខ្លាចហួសហេតុពេក ពោលគឺត្រូវមានទំនុកចិត្តលើការខិតខំប្រឹងប្រែងរបស់ខ្លួនតាំងពីដើមឆ្នាំមក។ ហើយមួយសប្តាហ៍មុនថ្ងៃប្រឡង ត្រូវយកចិត្តទុកដាក់លើការសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីយកស្មារតីទុកទៅប្រឡង កុំឱ្យអត់ងងុយ ឈឺក្បាលជាដើម និងត្រូវគិតថា អ្វីៗដែលយើងបានខំប្រឹងនឹងហុចផលនៅពេលក្រោយ ហើយបើទោះជាមិនទទួលបាននិទ្ទេស A,B,C យ៉ាងហោចណាស់ក៏យើងបានប្រឡងជាប់ដែរ។ ម្យ៉ាងវិញទៀត បើប្រឡងបាននិទ្ទេស A ទៀតកាន់តែល្អ ព្រោះនិទ្ទេស A មិនមែនគ្រាន់តែជាលទ្ធផលល្អតែមួយមុខទេ ប៉ុន្តែវាជាចំណុចភ្ជាប់មួយ ដែលធ្វើឱ្យយើងងាយស្រួលពេលទៅរៀននៅសាកលវិទ្យាល័យ៕














































































