សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងបច្ចេកទេស ក៏ដូចជាថ្នាក់សញ្ញាបត្របច្ចេកទេស សរុបរហូតទៅដល់ ១៦០កន្លែង។
ក្នុងនោះ សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររងបច្ចេកទេស ដែលត្រូវសិក្សារយៈពេល ២ឆ្នាំ មានជំនាញ វិស្វកម្មសំណង់ស៊ីវិល ចំនួន២០កន្លែង, វិស្វកម្មអេឡិចត្រូនិក ២០កន្លែង, វិស្វកម្មអគ្គិសនីអគារ ៤០កន្លែង, វិស្វកម្មព័ត៌មានវិទ្យា ៤០កន្លែង, វេជ្ជសាស្រ្តគ្រប់គ្រងសត្វចិញ្ចឹម ២០កន្លែង, ក្សេត្រសាស្រ្ត ២០កន្លែង, ការគ្រប់គ្រងបច្ចេកទេសដឹកជញ្ជូន និងស្តុកផលិតផលកសិកម្ម ២០កន្លែង។ សម្រាប់ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសនេះ តម្រូវឱ្យជាប់ ឬធ្លាក់ថ្នាក់ទី១២ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ដោយឡែក សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស សិក្សារយៈពេល ១ឆ្នាំ រួមមានជំនាញ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ៦០កន្លែង, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០កន្លែង, និងសេវាកម្មកុំព្យូទ័រ ៦០កន្លែង។ សម្រាប់លក្ខខណ្ឌ ត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និង២។

សម្រាប់ការចុះឈ្មោះចូលរៀន គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងវិទ្យាស្ថានផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម (ខាងក្រោយវិទ្យាល័យព្រះសីហនុ និងទល់មុខសាលាវិក្រឹតការខេត្តកំពង់ចាម) ឬទំនាក់ទំនងទូរស័ព្ទលេខ 090 444 674៕













































































