«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត បន្ទាប់ពីរូបគាត់បានបាត់បង់ដៃទាំងពីរ ដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើងកាលពីឆ្នាំ២០២០។
ទោះជួបរឿងរ៉ាវដ៏ធ្ងន់ធ្ងរដែលធ្វើឱ្យជីវិតប្រែប្រួលក៏ដោយ យុវជន វិចិត្រ មិនបានអនុញ្ញាតឱ្យពិការភាពក្លាយជាឧបសគ្គរារាំងក្តីស្រមៃរបស់ខ្លួនជាគ្រូបង្រៀនឡើយ។ បច្ចុប្បន្ន យុវជនរូបនេះកំពុងប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ដើម្បីបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ និងសាមណសិស្សនៅវត្តមុនីសាគរ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យុវជន វិចិត្រ រៀបរាប់ថា កាលពីឆ្នាំ២០២០ នៅពេលមានអាយុ២០ឆ្នាំ លោកបានជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើង ខណៈកំពុងធ្វើការងារពាក់ព័ន្ធនឹងខ្សែកាប និងបានធ្លាក់ពីលើដំបូលកម្ពស់ប្រមាណ៣ម៉ែត្រ។ ដោយសាររបួសធ្ងន់ធ្ងរ ដៃទាំងពីររបស់លោកមិនអាចស្តារឡើងវិញបាន ហើយចុងក្រោយត្រូវសម្រេចចិត្តកាត់ចេញ។
គ្រាដំបូងក្រោយបាត់បង់ដៃ លោកទទួលស្គាល់ថា ខ្លួនធ្លាប់មានអារម្មណ៍ឈឺចាប់ និងបាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះការបាត់បង់សមត្ថភាពរាងកាយបានធ្វើឱ្យជីវិតប្រចាំថ្ងៃ និងក្តីស្រមៃរបស់លោកប្រឈមនឹងការផ្លាស់ប្តូរយ៉ាងធំធេង។
ប៉ុន្តែការបាក់ទឹកចិត្តមិនបានធ្វើឱ្យលោកបោះបង់ខ្លួនឯងឡើយ។ ផ្ទុយទៅវិញ លោកបានព្យាយាមងើបឈរឡើងវិញ ដោយយកចំណេះដឹងដែលខ្លួនមានមកប្រើប្រាស់ និងបន្តការងារបង្រៀន ដើម្បីរកចំណូលខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ខ្ញុំធ្លាប់ឈឺចាប់ ដោយសារបាត់បង់ដៃដោយគ្រោះថ្នាក់ឆក់ខ្សែភ្លើង ហើយខ្ញុំក៏ធ្លាប់បាក់ទឹកចិត្តដែរ។ ប៉ុន្តែខ្ញុំមិនបោះបង់ខ្លួនឯងទេ។ ខ្ញុំប្រឹងងើបឈរ ហើយយកចំណេះដឹងបន្តិចបន្តួចដែលខ្ញុំមានមកបង្រៀនភាសាអង់គ្លេស
ដើម្បីអាចបន្តបង្រៀនបាន លោកក៏បានច្នៃឧបករណ៍មួយដោយខ្លួនឯង សម្រាប់ជួយកាន់ប៊ិច ឬហ្វឺត ដើម្បីអាចសរសេរនៅលើក្តារខៀន ទោះបីមិនមានដៃទាំងពីរក៏ដោយ។ ការខិតខំប្រឹងប្រែងនេះបានធ្វើឱ្យការបង្រៀនរបស់លោកអាចបន្តទៅមុខបាន។
យុវជន វិចិត្រ បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តបន្តការងារបង្រៀន មិនត្រឹមតែដោយសារចង់រកប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារលោកមានចិត្តស្រលាញ់ការងារជាគ្រូ និងចង់ចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់អ្នកដទៃ។
ការតស៊ូរបស់លោកត្រូវបានព្រះសង្ឃនៅវត្តមុនីសាគរមើលឃើញ និងកោតសរសើរ រហូតបានអញ្ជើញលោកមកបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ និងសាមណសិស្សនៅក្នុងវត្ត។

ព្រះខេមចិត្តរង្សី ស្រ៊ន សុខា សក្សមុនិបុត្តោភិក្ខុ ព្រះចៅអធិការវត្តមុនីសាគរ មានសង្ឃដីកាថា ទោះបីយុវជន ទ្រី វិចិត្រ មានពិការភាពក៏ដោយ ប៉ុន្តែយុវជនរូបនេះនៅតែតស៊ូ និងពុះពារគ្រប់ឧបសគ្គ ដោយយកចំណេះដឹងរបស់ខ្លួនមកបង្រៀនអ្នកដទៃ។
ព្រះចៅអធិការវត្តមុនីសាគរ ក៏បានលើកទឹកចិត្តដល់យុវជន វិចិត្រ និងអ្នកដែលកំពុងប្រឈមនឹងឧបសគ្គក្នុងជីវិតថា មនុស្សគ្រប់រូបមិនអាចកែប្រែអតីតកាលបានទេ ប៉ុន្តែអាចប្រើបច្ចុប្បន្នដើម្បីសាងអនាគតឱ្យកាន់តែល្អប្រសើរ។
រឿងរ៉ាវរបស់លោក ទ្រី វិចិត្រ មិនត្រឹមតែជារឿងរបស់បុរសវ័យ២៦ឆ្នាំម្នាក់ដែលបាត់បង់ដៃទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាសារលើកទឹកចិត្តថា ពិការភាពអាចកំណត់សមត្ថភាពរាងកាយមួយផ្នែក ប៉ុន្តែមិនអាចកំណត់ឆន្ទៈ ក្តីស្រមៃ និងតម្លៃរបស់មនុស្សម្នាក់បានឡើយ។
ពីយុវជនដែលធ្លាប់បាក់ទឹកចិត្តក្រោយគ្រោះថ្នាក់ មកជាអ្នកបង្រៀនភាសាអង់គ្លេសដល់អ្នកដទៃ លោក វិចិត្រ កំពុងបង្ហាញថា ការងើបឡើងវិញពីការបាត់បង់មិនមែនជារឿងងាយស្រួល ប៉ុន្តែការមិនបោះបង់ខ្លួនឯង អាចបើកផ្លូវទៅរកអនាគតថ្មីបាន៕














































































